ភ្នំពេញ ៖ ម្ចាស់បទ “មាន់ស្រែ” នាងរ៉ាប៊ី ដែលទើបត្រឡប់មកពីច្រៀងសម្តែងនៅអាមេរិក កាលពីពេលថ្មីៗនេះ ស្រាប់តែឥឡូវមានទីផ្សារហក់ឡើងខ្ពស់ រហូតទៅច្រៀង 1កម្មវិធី ស៊ីថ្លៃ1500ដុល្លារ ដែលតម្លៃនេះ នាងឡើងថ្លៃ50% បើប្រៀបធៀបមុនពេលដែលល្បីបទ “មាន់ស្រែ” និងបទ “ស្នេហ៍អើយស្នេហ៍”។
យ៉ាងណា តម្លៃខ្លួនស្រីស្អាតនេះ នាងថា មិនមែនតម្រូវដាច់ខាតនោះឡើយ គឺនាងយកទៅតាមប្រភេទនៃកម្មវិធីដែរ ហើយគ្រាន់តែចុះពីកាំជណ្តើរយន្តហោះភ្លាម មានគេកក់ហៅច្រៀងជាច្រើនកម្មវិធី ដោយមិនមានអ្នកណា តវ៉ារឿងឡើងថ្លៃជាងមុនឡើយ។
អតីតពិធីការិនីហង្សមាស នាងផាន វីរ៉ាទី ហៅរ៉ាប៊ី បានសង្កត់ថា “ខ្ញុំបានថ្លៃជាងមុនឥឡូវ គឺអាចនិយាយបានថា ទៅដល់ចំណុចមួយដែល ខ្ញុំខ្លួនឯងសឹងតែមិនជឿផង ព្រោះខ្ញុំទើបចូលច្រៀងត្រឹមតែមួយរយៈពេលខ្លីហ្នឹងអ៊ីចឹង មានអារម្មណ៍ថា យើងដើរទៅលឿនដែរ។ ខ្ញុំដឹងថា គេស្គាល់ខ្ញុំច្បាស់ពេលដែលចេញបទ “មាន់ស្រែ” និងបទ “ស្នេហ៍អើយស្នេហ៍” ព្រោះ MV នោះមានអ្នកមើលរាប់លាននាក់។
ដោយឡែកការឡើងថ្លៃ1500ដុល្លារ សម្រាប់ការច្រៀង1កម្មវិធីនេះ ខ្ញុំមិនមែនទារថ្លៃដាច់ខាតប៉ុណ្ណឹងទេ គឺយើងមើលទៅលើប្រភេទនៃកម្មវិធីដែរ តែថ្មីៗនេះ ខ្ញុំបានឡើងច្រៀងច្រើនកម្មវិធី មានទាំងនៅខេត្ត និងភ្នំពេញ ហើយដូចជាគ្មានអ្នកណាថា យើងថ្លៃពេកអីផង”។
មុនល្បីបទ “មាន់ស្រែ” នេះ នាងរ៉ាប៊ី មានតម្លៃខ្លួនច្រៀង1កម្មវិធី ស៊ីថ្លៃត្រឹម1000ដុល្លារទេ ហេតុនេះហើយការល្បី1បទ ស្រីស្អាតឡើងថ្លៃ50%ឯណោះ ពិតជាមិនធម្មតាមែន ស្របពេលដែលបទ “មាន់ស្រែ បន្លែស្រស់” របស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ក៏ធ្វើឱ្យតារាជើងចាស់ហង្សមាស កើបលុយបានមិនស្ទើរដែរ ពេលលោកក្លាយខ្លួនជាដង្ខៅនោះ៕