ភ្នំពេញ ៖ តារាសម្តែងស្រីនិយមការតុបតែងខ្លួនសិចស៊ី កញ្ញា ដេនី ក្វាន់ ដែលទទួលរងការពិន័យពីក្រសួងវប្បធម៌ រយៈពេល១ឆ្នាំ មិនឱ្យមានវត្តមានក្នុងវិស័យសិល្បៈគ្រប់រូបភាពនោះ ថ្មីៗនេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចដកការពិន័យ និងទទួលពិនិត្យផ្តល់ទិដ្ឋាការ ចំពោះសាច់រឿងដែលមានតារាស្រីរូបនេះ បានចូលរួមសម្តែងឡើងវិញហើយ។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កញ្ញាដេនី ក្វាន់ បានបង្ហោះសារមួយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពេលដែលទើបនឹងទទួលបានលិខិតដកការពិន័យពីក្រសួងវប្បធម៌ ថា “នាងខ្ញុំ ដេននី ក្វាន់ សូមសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំនៃក្រសួងវប្បធម៏ និងវិចិត្រសិល្បៈទាំងអស់ ក៏ដូចជាបងៗប្រធានសមាគមសិល្បៈដែលបានចេញសេចក្តីសម្រេចជាឯកច្ឆន្ទមួយនេះ ដែលបានផ្តល់ការអនុញាតឱ្យនាងខ្ញុំ មានឱកាសប្រឡូកក្នុងវិសយ័សិល្បៈឡើងវិញរាល់គ្រប់សកម្មភាព។ ការពិតមួយរយៈដែលក្រសួងបានដាក់ពិន័យ មកលើនាងខ្ញុំដោយលើកយកហេតុផលនៃភាពសិចស៊ី ហើយផ្អាករាល់សកម្មភាពនាងខ្ញុំ ដែលពាក់ព័ន្ធលើវិស័យមួយនេះ នាងខ្ញុំញញឹមទទួលយកទាំងគ្មានការតវ៉ា ទោះជាពេលខ្លះការសិចស៊ីនាងខ្ញុំតាមកាលៈទេសៈក៏ដោយ។ រយៈពេលមួយឆ្នាំពេញនៃការពិន័យ ក៏វាជារយៈពេលដែលខ្ញុំបានយកពេលវេលាទាំងនោះមកបង្កើនមុខរបរពង្រីកអាជីវកម្ម និងបង្កើនការងារមនុស្សធម៌ ដែលចេញពីថវិកា ក៏ដូចជាកម្លាំងញើសឈាមខ្លួនឯង ដែលបានពីការប្រឹងប្រែងលើមុខរបរដែលនាងខ្ញុំធ្វើដោយការតាំងចិត្តខ្ពស់។ ការពិត ការសម្តែងភាពយន្ត ខារ៉ាអូខេ ស្ប៉ត (Social Media) វាជាចំណង់ចំណូលចិត្តនៃការស្រលាញ់ខ្លាំងតាំងពីកុមារភាព តែក្រោយពេលរងការពិន័យរយៈពេលមួយឆ្នាំនេះពេញ ធ្វើឱ្យនាងខ្ញំគិតថា ការពិតសិល្បៈមួយទៀតដែលនាងពេញចិត្តហើយស្រលាញ់ខ្លាំងបំផុតសម្រាប់នាងខ្ញុំ គឺសិល្បៈវប្បធម៌នៃការចែករំលែក គឺចែករំលែកជូនចំពោះអ្នកដែលអន់ខ្សោយ ក្រ និងខ្វះខាតជាងនាងខ្ញុំ វាជាសិល្បៈដែលនាងខ្ញុំពេញចិត្ត សប្បាយចិត្ត រីករាយនឹងជួយជានិច្ច។ ជាចុងក្រោយ នាងខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានសមាគមសិល្បៈ ប្រធានសមាគមសិល្បៈស្មគ្រ័ចិត្តជួយសង្គម និងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗទៀតដែលខំដុតដៃដុតជើង សស្រាក់សស្រាំ ប្រជុំសម្រេចផ្តល់នូវសេចក្តីលើកលែងការពិន័យនេះឱ្យអ្នកទាំងអស់គ្នា ព្រមទាំងបងប្អូនខ្មែរទាំងអស់ ដែលគាំទ្រនាងខ្ញុំ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។ ដោយការអរគុណ និងគោរពពីដេននី ក្វាន់…”។
យោងតាមសេចក្តីជូនដំណឹងរបស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
ផ្អែកតាមស្មារតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រមសីលធម៌អ្នកសិល្បៈ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ដែលបានសម្រេចជាឯកច្ឆន្ទលើកលែងការដាក់ពិន័យ និងផ្តល់សិទ្ធិជូនចំពោះតារាសម្តែង ដេនី ក្វាន់ ឱ្យធ្វើសកម្មភាពពាក់ព័ន្ធនឹងវិស័យសិល្បៈគ្រប់រូបភាព រួមមាន ៖ ការសម្តែងថតខ្សែភាពយន្ត ខារ៉ាអូខេ ស៉្ពត ច្រៀងបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍…ជាដើម ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សពិន័យ និងលើកសរសើរជាថ្មីនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់បណ្តាស្ថានីយទូរទស្សន៍ ផលិតករ និងអាជីវករ ដែលមានផលរបរពាក់ព័ន្ធនឹងវិស័យសិល្បៈ វប្បធម៌ទាំងអស់ជ្រាបថា ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងទទួលពិនិត្យ ព្រមទាំងផ្តល់ទិដ្ឋការជូនដល់សាច់រឿង ដែលមានតួអង្គ កញ្ញាដេនី ក្វាន់ សម្តែងជាប្រក្រតីឡើងវិញ។
អាស្រ័យហេតុនេះ គ្រប់ស្ថានីយទូរទស្សន៍ និងអាជីវករ ដែលមានមុខរបរពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌ទាំងអស់ អាចអញ្ជើញតារាសម្តែងកញ្ញា ដេនី ក្វាន់ ចូលរួមសម្តែង ឬធ្វើសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងវិស័យសិល្បៈឡើងវិញបាន…។
គួររំលឹកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ បានសម្រេចដាក់ពិន័យតារាសម្តែងសិចស៊ី ដេនី ក្វាន់ មិនឱ្យមានវត្តមាននៅក្នុងវិស័យសិល្បៈគ្រប់រូបភាពទាំងអស់ រួមមានទាំងការសម្តែង ថតខ្សែភាពយន្ត ខារ៉ាអូខេ ស៉្ពត និងច្រៀងបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ជាដើម៕