Sunday, January 19, 2025
Homeសង្គម និងជីវិតបែកគ្នា១ខែ ខឹងស្រីស្នេហ៍មានសង្សារថ្មី ប្រុសតាមវ៉ៃដំគំរាមសម្លាប់

បែកគ្នា១ខែ ខឹងស្រីស្នេហ៍មានសង្សារថ្មី ប្រុសតាមវ៉ៃដំគំរាមសម្លាប់

ខេត្តបន្ទាយមានជ័យ ៖ គូស្នេហ៍វ័យក្មេងមួយគូ ដោយសារតែរស់នៅមិនសូវចុះសម្រុងនឹងគ្នា ក៏សម្រេចចិត្តបែកចែកផ្លូវគ្នាដើររៀងខ្លួន ប៉ុន្តែខាងប្រុសមិនដាច់អាល័យ ក៏តាមទៅសុំខាងស្រីជានាគ្នាវិញ លុះទៅដល់បែរជាប្រទះឃើញអតីតស្រីស្នេហ៍ កំពុងមានប្រុសថ្មី ទើបធ្វើឱ្យផ្ទុះភ្លើងប្រចណ្ឌទប់មិនជាប់ ក៏ស្ទុះទៅទះខាងស្រី៣ដៃ រួចយកប្រដាប់កៀបសក់ មកវាយដំ និងិថែមទាំងយកកូនកាំបិតមកគំរាមសម្លាប់ខាងស្រីចោលទៀត ទីបំផុតខាងស្រីកើតទុក្ខមិនសុខចិត្តក៏ប្តឹងកម្លាំងអាវុធហត្ថចុះចាប់ខ្លួនជនបង្កនាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាវាយដំគំរាមសម្លាប់អតីតស្រីស្នេហ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

នារីរងគ្រោះដែលត្រូវអតីតប្រុសស្នេហ៍ហេងស៊យវាយដំគំរាមសម្លាប់ មានឈ្មោះសារិន វាសនា អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះមាស វណ្ណនុត ហៅនិត អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងផ្ទះសំណាក់ លឹម ងួន ស្ថិតនៅភូមិ ក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបញ្ជាក់ប្រាប់ថា យោងលើពាក្យបណ្តឹងរបស់នារីរងគ្រោះ និងដោយទទួលបានការអនុញ្ញាតពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការ បង្ក្រាបករណីខាងលើ និងឃាត់ខ្លួនជនសង្ស័យឈ្មោះមាស វណ្ណនុត ហៅនិត ពីបទហិង្សាដោយចេតនា ព្រមទាំងដកហូតវត្ថុតាងរួមមាន ដង្កៀប អ៊ុតសក់ចំនួន១ និងកាំបិតចិតបន្លែចំនួន១។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ប្រាប់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា រវាងនាងនិងជនសង្ស័យ ពីមុនមកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយបានបែកបាក់គ្នារយៈពេល១ខែមកហើយ ចាប់តាំងពីបែកបាក់ គ្នាមក នាងក៏មានសង្សារថ្មីផងដែរ។ លុះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នាងនិងសង្សារថ្មីកំពុងអង្គុយលេងក្នុងបន្ទប់ ស្រាប់តែជនសង្ស័យបានមកធាក់ទ្វារចូលក្នុងបន្ទប់របស់នាង ហើយស្រែកជេរ និងគំរាមមកលើនាង ហើយក៏ចាកចេញទៅវិញ។ បន្ទាប់មក នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែល ជនសង្ស័យក៏បានត្រឡប់មកវិញម្តងទៀត ចូលដល់ក្នុងបន្ទប់រួចក៏ស្ទុះមកវាយនាងចំនួន៣ដៃ ហើយក៏ចាកចេញទៅវិញបាត់។ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យបានត្រឡប់មកវិញសាជាថ្មី និងបានយកប្រដាប់កៀបសក់ មកវាយ នាងត្រូវជាច្រើនកន្លែង ហើយបានយក កូនកាំបិត និងកន្ត្រៃ គំរាមចាក់សម្លាប់នាងទៀតផង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្ថែមថា បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួន និងនារីរងគ្រោះ បានបែកបាក់គ្នារយៈពេល១ខែមកហើយ តែដោយសារតែនឹក និងស្រឡាញ់ ក៏ទៅរកនារីរងគ្រោះវិញ ពេលទៅដល់បន្ទប់នារីរងគ្រោះ ស្រាប់តែឃើញនាងមានសង្សារថ្មី ក៏កើតចិត្តខឹង ហើយខ្លួនបានចេញទៅក្រៅ ផឹកស្រាបៀរអស់១កំប៉ុង ទើបត្រឡប់ទៅបន្ទប់របស់នារីរងគ្រោះ ដោយសារតែការប្រច័ណ្ឌ ខ្លួនបានវាយទៅលើនារីរងគ្រោះជាច្រើនដៃ និងបានយកដង្កៀបអ៊ុតសក់ វាយបន្ថែមទៅលើនារីរងគ្រោះ ហើយព្រម ទាំងគំរាមសម្លាប់ទៀតផង បើនារីរងគ្រោះមិនព្រមត្រូវរ៉ូវជាមួយខ្លួនវិញ។

លោកមេបញ្ជាការរង បានបញ្ជាក់ថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះឃើញមានតម្រុយ ពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើស ហឹង្សារដោយចេតនា យ៉ាងពិតប្រាកដ។ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES