ភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់ មិនដឹងជាវង្វេងឪពុកម្តាយតាំងពីកន្លែងណាមកមិនដឹង ក៏ដើរយំតាមផ្លូវគួរឱ្យសង្វេគ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ខ្លាចកើតមានបញ្ហា ឬគ្រោះថ្នាក់អ្វីនៅតាមដងផ្លូវ ក៏នាំមកទុកនៅផ្ទះលោកមេភូមិជាបណ្តោះអាសន្ន ដើម្បីប្រកាសតាមរកឪពុកម្តាយមកទទួលយកត្រឡប់ទៅវិញ។
ករណីប្រទះឃើញក្មេងស្រីតូច ដើរវង្វេងឪពុកម្តាយនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចសាលាបុណ្យតាមផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងស្រីដែលវង្វេងឪពុកម្តាយរូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣ឆ្នាំ និយាយមិនទាន់ច្បាស់ និងមិនអាចចងចាំផ្ទះរបស់ខ្លួនបានឡើយ។ ក្មេងស្រីរូបនេះ ស្លៀកខោក្រឡាស្បែកខ្លា ពាក់អាវយឺតវាលក្លៀកពណ៌លឿង លាយប្រផេះ មានពាក់ខ្សែកអំបោះពណ៌ក្រហម១ខ្សែ និងពាក់អំបោះក្រហមជាប់ដៃខាងឆ្វេង១ខ្សែផងដែរ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានប្រទះឃើញក្មេងស្រីខាងលើ ដើរយំតែម្នាក់ឯងនៅតាមផ្លូវ និងប៊ិះត្រូវរថយន្តដែលកំពុងបើកបរតាមដងផ្លូវប៉ះទៀតផង ទើបនឹកឆ្ងល់ ក៏ទៅនាំមកសួរ ទើបដឹងថា ក្មេងស្រី រូបនេះកំពុងវង្វេងឪពុកម្តាយ រួចក៏នាំយកទៅប្រគល់ឱ្យប្រពន្ធលោកមេភូមិជ្រៃកោង ដើម្បីជួយមើលថែបណ្តោះអាសន្នសិនតែម្តង។
ក្រោយពីប្រទះឃើញក្មេងស្រីខាងលើ មិនដឹងជាឪពុកម្តាយនៅទីណា ភរិយាលោកមេភូមិជ្រៃកោង បានសម្រេចនាំយកក្មេងស្រីរូបនេះ ទៅផ្ទះរបស់ខ្លួនសិន និងបានអំពាវនាវដល់សាធារណជន បងប្អូន ក្រុមគ្រួសារ ដែលបានបាត់សមាជិកគ្រួសារ ក្មេងស្រីដែលមានដូចភិនភាគខាងលើ សូមទាក់ទងទៅអាជ្ញាធរសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ឬអាចទៅផ្ទះលោកមេភូមិជ្រៃកោង ដើម្បីពិនិត្យភិនភាគឱ្យបានច្បាស់លាស់៕