ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បានចេញទៅដាក់មងនៅ ប្រឡាយទឹកក្បែរផ្ទះទាំងយប់ រួចក៏បាត់ខ្លួនរហូត មិនឃើញត្រឡប់មកវិញសោះ។ លុះព្រឹកឡើង ប្រពន្ធដើររក ស្រាប់តែប្រទះឃើញប្តីស្លាប់អណ្តែត ទឹកប្រឡាយ ដោយជើងទាំងសងខាងរុំជាប់ ដោយស្បៃមង។
ករណីបុរសស្រវឹងចេញដាក់មង បណ្តាល ឱ្យលង់ទឹកស្លាប់នោះ បានកើតមានការភ្ញាក់–ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក ខាងលិចផ្ទះជនរងគ្រោះ ប្រមាណ១៥០ម៉ែត្រ ស្ថិតក្នុងភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ។
បុរសរងគ្រោះដែលលង់ទឹកប្រឡាយស្លាប់ នោះ មានឈ្មោះសាន គឹមសិន អាយុ៣៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះនាក់ សុខា អាយុ៤៤ឆ្នាំ និងមានកូនក្នុងបន្ទុក៣នាក់ (ប្រុស២ ស្រី១) សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅ រសៀលថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ប្តីរបស់ គាត់ (ជនរងគ្រោះ) បានចេញទៅផឹកស្រា ជាមួយមិត្តភក្តិក្នុងភូមិ រហូតដល់កប់ព្រលប់ ទើបត្រឡប់មកដល់ផ្ទះវិញទាំងស្ថានភាពស្រវឹង ជោកណាស់ទៅហើយ។ លុះមកដល់ផ្ទះ ប្តី របស់គាត់មិនព្រមចូលសម្រាកនោះទេ បែរជា កាន់មងចេញដើរសំដៅទៅប្រឡាយទឹកខាងលិច ផ្ទះប្រមាណ ១៥០ម៉ែត្រ ដើម្បីដាក់មង យកត្រី រួចក៏បាត់ខ្លួនពេញមួយយប់ មិនឃើញត្រឡប់ មកផ្ទះវិញឡើយ។ ចំណែកគាត់នឹកស្មានថា ប្តីដាក់មងរួចចេញទៅផឹកបន្ត ទើបមិនចាប់ អារម្មណ៍ដើរតាមរក។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្តថា លុះដល់ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដោយមិនឃើញប្តីត្រឡប់មកផ្ទះវិញទៀត ទើប គាត់បានចេញដើរទៅរកមើលប្តីនៅចំណុច ប្រឡាយទឹក ស្រាប់តែប្រទះឃើញសពប្តីរបស់ គាត់អណ្តែតទឹកប្រឡាយ ដោយជើងទាំងសង ខាងត្រូវរុំជាប់ដោយស្បៃមង ទើបគាត់ភ័យស្លន់ ស្លោស្រែកឆោឡោហៅគេឯងឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ច។
លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បាន បញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ ថាមានបុរសម្នាក់លង់ទឹកស្លាប់ កម្លាំងជំនាញ បានចុះទៅជួយអន្តរាគមន៍ និងពិនិត្យធ្វើកោសល្យ– វិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ ទឹកស្លាប់ប្រាកដមែន។ តាមការសន្និដ្ឋាន ជន រងគ្រោះបានផឹកស្រាស្រវឹងជោក លុះពេលចុះ ទឹករាយមង ក៏ទាក់ជើងទាំងសងខាងជាប់នឹង ស្បៃមង បណ្តាលឱ្យហែលមិនរួច ក៏ឈ្លក់ទឹក ស្លាប់តែម្តង។
ក្រោយពិនិត្យសពជនរងគ្រោះរួច សមត្ថកិច្ចក៏បានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ចាន់ សុខលន់