កញ្ញារស់ ម៉ូនីកា ដែលទើបត្រឡប់មកពីសម្ដែង បង្អួតសម្រស់នៅប្រទេសអូស្ត្រាលី មិនទាន់បានមួយខែស្រួលបួលផងនោះ ថ្មីៗនេះ នាងបានបង្ហើបឲ្យដឹងថា នាងគ្រោងដឹកដៃលោកអ៊ាម វន្នី អតីតបេក្ខជន Cambodia Idol ចេញទៅសម្ដែងរកប្រាក់ នៅប្រទេសកាណាដា ជាថ្មីម្តងទៀត នៅអំឡុងចុងខែសីហា ឆ្នាំ២០១៦នេះ។
កាលចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលី កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ កញ្ញារស់ ម៉ូនីកា ទទួលបានជោគជ័យខ្លាំង ដែលបងប្អូននៅទីនោះផ្ដល់ការគាំទ្រគ្រប់សកម្មភាព សម្ដែងរបស់នាង ហើយថ្មីៗនេះ នាងកំពុងត្រៀមចេញទៅសម្ដែង នៅប្រទេសកាណាដា ទៀត។
ម៉ូនីកា បានថ្លែងឲ្យដឹងថា នៅចុងខែសីហា នេះ នាងត្រូវចេញទៅសម្ដែងនៅប្រទេសកាណាដា ជាមួយលោកអ៊ាម វន្នី រយៈពេល២ខែ។ ម៉ូនីកា បន្ថែមថា”ខ្ញុំធ្លាប់ទៅសម្ដែងនៅសហរដ្ឋអាមេរិក ជាមួយលោកអ៊ាម វន្នី ម្ដងរួចមកហើយដែលទទួលបានជោគជ័យខ្លាំងនៅទីនោះ។ ហេតុនេះហើយ ទើបខាង Sponsor តម្រូវឲ្យពួកយើងចេញទៅសម្ដែង នៅប្រទេសកាណាដា ជាថ្មីម្ដងទៀត តែពីរប៉ុណ្ណោះ”។
ម៉ូនីកា បានឲ្យដឹងដែរថា “នាងពិតជាសប្បាយចិត្តដែលបានចាប់ដៃគូ សម្ដែងជាមួយលោកអ៊ាម វន្នី ជាថ្មីម្ដងទៀត ហើយនាងនឹងរិះរកអ្វីដែលថ្មីប្លែក ដើម្បីសម្ដែងជូនបងប្អូននៅទីនោះ ដោយមិនឲ្យខកបំណងឡើយ។
ដោយសារឱកាសចេញទៅសម្ដែង នៅក្រៅប្រទេស ជាបន្តបន្ទាប់ ម៉ូនីកា បានឲ្យដឹងថា នាងបានខកគម្រោងចូលច្រៀងនៅក្នុងផលិតកម្មមួយ។ ម៉ូនីកា បន្ថែមថា “ខ្ញុំផ្អាកចុះកុងត្រាច្រៀងឲ្យផលិតកម្មនោះសិន ត្បិតអីបើចុះចុងត្រាជាមួយផលិតកម្ម ខ្ញុំនឹងពិបាកចេញទៅសម្ដែងនៅក្រៅប្រទេស។ ម្យ៉ាងខ្ញុំកំពុងក្រសោបបានឱកាសចេញទៅសម្ដែង នៅក្រៅប្រទេសផង”។
តារារូបស្រស់រស់ ម៉ូនីកា ក៏មានមន្តស្នេហ៍ទាក់ទាញមិនធម្មតាដែរ គឺរាល់ការចេញទៅសម្ដែងនៅក្រៅប្រទេស តែងមានបុរសជាច្រើន តាមចោមរោមថ្ពក់ស្នេហ៍ទាំងនៅសហរដ្ឋអាមេរិក និងអូស្ត្រាលី ជាដើម ហើយពេលទៅបង្អួតសម្រស់នៅកាដាណា លើកនេះ ច្បាស់ជាមានបុរសនៅទីនោះ តាមចោមស្នេហ៍ទៀតពុំខាន។
ម៉ូនីកា បានទទួលស្គាល់ថា ពេលនាងទៅសម្ដែងនៅប្រទេសណា ពិតជាមានបុរសនៅទីនោះ តាមស្នេហ៍នាងមែន តែនាងមិនទាន់ជ្រើសរើស បុរសណាម្នាក់នៅក្នុងចិត្តនៅឡើយទេ។ ពោលគឺនាងមិនទាន់ចង់គិតពីរឿងគូស្រករទេ ដោយកំពុងពង្រឹងអាជីពចម្រៀង ឲ្យកាន់តែល្អប្រសើរជាងនេះសិន៕ សុខ ស៊ីឡាង