Sunday, January 19, 2025
Homeសង្គម និងជីវិតម៉ែភ័យបាត់កូនក្រមុំរូបស្រស់២ថ្ងៃ​ រត់ប្តឹងប៉ូលិស

ម៉ែភ័យបាត់កូនក្រមុំរូបស្រស់២ថ្ងៃ​ រត់ប្តឹងប៉ូលិស

ខេត្តកំពង់ចាម ៖ នារីវ័យក្មេងរូបស្រស់ម្នាក់​​​ នៅសុខៗក៏បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកអស់រយៈពេល២ថ្ងៃទៅហើយ តែមិនមានដំណឹងទាល់តែសោះ ទើបសម្រេចចិត្តរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

យុវតីដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះចេង ឡេងស៊ង់ អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិព្រៃរំដេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ យុវតីខាងលើ បានចេញបាត់ពីផ្ទះ តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។

តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ យុវតីខាងលើ បានចេញពីផ្ទះបាត់ ដោយមិនបានប្រាប់អ្នកណាម្នាក់ថានាងទៅណានោះទេ។ លុះក្រោយមក ដោយសារតែមិនឃើញកូនស្រីរូបនេះ ត្រឡប់មកផ្ទះវិញ ទើបធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ចែកផ្លូវគ្នាដើរតាមស្វែងរក តែមិនឃើញសោះ មិនដឹងទៅដល់ណាជាមួយអ្នកណាឡើយ។

ប្រភពដដែលបន្តថា ក្រោយពីដើរកយុវតីខាងលើអស់ចិត្តអស់ចង់រួចមក ឃើញថា មិនទទួលបានតម្រុយអ្វីទាំងអស់ ជាហេតុធ្វើឱ្យឪពុក ម្តាយមានការព្រួយបារម្ភ ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរក។ ជាមួយនេះ ក្រុមគ្រួសារសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនជាបានឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ ឬវិទ្យុអេប៊ីស៊ី តាមរយៈទូរស័ព្ទ លេខ ០១០ ២៣ ១០ ១០ និង ០៨៧ ២៣ ២៣ ២៣៕

RELATED ARTICLES