ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យចំណាស់ម្នាក់ មានវាសនាអភ័ព្វខ្លាំងណាស់ ប្រឹងហត់នឿយតាំងពីក្មេងពេញកម្លាំង ដើររកស៊ីចិញ្ចឹមកូនប្រុសស្រី៤នាក់ ទាំងត្រដាបត្រដួស រហូតដល់រៀបចំផ្សំផ្គុំឱ្យកូនៗមានប្តីប្រពន្ធអស់រៀងខ្លួន ក៏ចូលដល់វ័យជរាល្មម និងត្រូវកូនៗចាកចេញទៅរស់នៅជាមួយប្តីប្រពន្ធគេអស់ ស្រាប់តែចុងក្រោយ កូនៗរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បែរជាយកចៅតូចៗចំនួន៤នាក់ មកទម្លាក់ឱ្យម៉ែជរាជាអ្នកមើលថែ ដោយរស់នៅលំបាកវេទនាអត់បាយក្រហាយទឹក សង់កូនខ្ទមជ្រកកោណលើដីរបស់គេ។
ក្រុមគ្រួសារទុរគត ខាងលើនេះ កំពុងជ្រកកោណក្នុងកូនខ្ទមតូចមួយ ស្ថិតក្នុងភូមិខ្លែងពណ៌ ឃុំព្រៃមូល ស្រុករលាប្អៀរ ដែលមានចម្ងាយ ប្រមាណ២៧គីឡូម៉ែត្រ ខាងលិចទីរួមខេត្តកំពង់ឆ្នាំង។
លោកគង់ សុខ អនុប្រធានភូមិខ្លែងពណ៌ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ថា ក្រុមគ្រួសារទុរគតខាងលើនេះ បានមកស្នាក់នៅក្នុងភូមិខ្លែងពណ៌នេះអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយបានមករស់នៅចាំដីចម្ការឱ្យអ្នកភូមិម្នាក់ឈ្មោះគង់ មានប្រពន្ធឈ្មោះ សុខ ហើយក្នុងពេលថ្មីៗម្ចាស់ដីចម្ការគេបានតម្រូវឱ្យក្រុមគ្រួសារក្រីក្រខាងលើនេះចេញពីដីចម្ការរបស់គេ ទៅរកកន្លែងរស់នៅថ្មី ទើបរឿងនេះ បានដឹងដល់លោកជាអនុភូមិ ថាកុមារទាំង៤នាក់នេះ (ប្រុស១ ស្រី៣) និងមានអាយុចាប់ពី៣ឆ្នាំ ដល់១០ឆ្នាំ ចំណែកក្មេងប្រុសទើបនឹងអាយុ៨ខែ ត្រូវឪពុកម្តាយបោះបង់ចោល ដោយយកមកទម្លាក់ឱ្យរស់នៅជាមួយជីដូនចាស់ក្រីក្រ អត់បាយអត់ទឹក គ្មានបានរៀនសូត្រអ្វីទាំងអស់។
លោកយាយ ហ៊ឺម សៃ អាយុ៦៦ឆ្នាំ ត្រូវជាជីដូនរបស់កុមារទាំង៤នាក់ខាងលើ បានរៀបរាប់ពីដំណើរជីវិតរបស់គាត់ប្រាប់ថា គាត់មានកូន៤នាក់ តែសព្វថ្ងៃបានបែកមានគ្រួសារអស់ហើយ ដោយឡែកពីមុនមកគាត់រស់នៅលើចិញ្ចើមផ្លូវក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង តែក្រោយមកពេលគេធ្វើផ្លូវទៅគ្មានដីរស់នៅ ក៏បានមកសុំដីគេនៅចាំចំការឱ្យគេនៅក្នុងភូមិខ្លែងពណ៌នេះ។ ដោយរស់នៅជាមួយកូនស្រីឈ្មោះរិ សា អាយុ៣២ឆ្នាំ និងកូនប្រសាប្រុសឈ្មោះរឿន រ៉ា អាយុ៣៥ឆ្នាំ ក្រោយមកពួកគេបានលែងលះគ្នា និងបានចេញទៅធ្វើការនៅប្រទេសថៃអស់ ទៅ ដោយទុកកូនតូចៗ២នាក់ ទី១-ឈ្មោះ រ៉ា ថាអ៊ី អាយុ៣ឆ្នាំ និងទី២-ឈ្មោះរ៉ា សែម អាយុ៨ខែ ឱ្យគាត់ចិញ្ចឹម ដោយក្នុងរយៈពេល១ខែ ទើបកូនប្រសាគាត់ឈ្មោះរឿន រ៉ា បានផ្ញើលុយគាត់ពី១៥ម៉ឺន ទៅ២០ម៉ឺនរៀល សំរាប់ចិញ្ចឹមកូន តែខែខ្លះគេអត់បានផ្ញើមកទេ ចំណែកកូនស្រី បង្កើតរបស់គាត់អត់ដែលផ្ញើលុយមកឱ្យកូនទេ។
លោកយាយ ហ៊ឺម សៃ បន្តថា ដោយឡែកចៅស្រីគាត់២នាក់ទៀត ទី១-ឈ្មោះរ៉ា ស្រីកា អាយុ១០ឆ្នាំ និងទី២-ឈ្មោះរ៉ា ស្រីឃា អាយុ៩ឆ្នាំ មានឪពុកឈ្មោះរិ សេង អាយុ៣៦ឆ្នាំ ជាកូនបង្កើតរបស់គាត់ និងម្តាយឈ្មោះសាន ជាកូនប្រសា ក៏បានលែងលះគ្នាយកកូនទាំង២នាក់ មកចោលនៅជាមួយគាត់ដែរ ហើយ ពួកគេក៏ចេញទៅធ្វើការនៅប្រទេសថៃអស់ទៅ និងមិនដែលឃើញផ្ញើលុយមកឱ្យកូនឡើយ។
លោកយាយសៃ បានត្អូញត្អែរថា ដោយសារតែភាពក្រីក្រ ទើបគាត់គ្មានលុយកាក់ទិញសៀវភៅ ទិញខោអាវ ទិញកង់ជិះ ឱ្យចៅសម្រាប់ ចូលសាលារៀនសូត្រនឹងគេទេ ព្រោះថាសាលារៀននៅឆ្ងាយជាង៣គីឡូពីផ្ទះ និងសព្វថ្ងៃនេះពេលខ្វះខាតបានអ្នកស្រុកក្នុងភូមិជួយផ្តល់អង្ករឱ្យហូប។ ហើយពេលនេះត្រូវម្ចាស់ចម្ការដេញឱ្យគាត់ចេញទៅរកកន្លែងរស់នៅផ្សេងទៀត គឺគាត់មិនដឹងថាទៅរស់នៅកន្លែងណាទេ ទើបប្រាប់ដំណឹង នេះដល់លោកអនុភូមិអោយជួយ។
ចំណែកកុមារី រ៉ា ស្រីកា អាយុ១០ឆ្នាំ និងកុមារី រ៉ា ស្រីឃា អាយុ៩ឆ្នាំ បាននិយាយដូចៗគ្នាថា ពួកនាងចង់រៀនណាស់ បើមានកង់ជិះពួកនាងនឹងបានទៅរៀននឹងគេហើយ តែសព្វថ្ងៃនេះ កុំថាឡើងលុយទិញកង់ជិះ សូម្បីតែអង្ករក្នុងឆ្នាំងក៏មានហូបមិនគ្រប់គ្រាន់ផង ណាមួយជីដូនរបស់ពួកនាង មានវ័យកាន់តែជរាណាស់ទៅហើយ មិនមានកម្លាំងចេញរកស៊ីចិញ្ចឹមពួកនាងទេ ចំណែកពួកនាងក៏នៅតូច មិនទាន់អាចជំនួសដៃជើងជីដូនបាននៅឡើយ ហេតុនេះទើបពួកនាងចង់រៀនសូត្រ មានចំណេះដឹង មានការងារល្អធ្វើ រកប្រាក់បាន នឹងចិញ្ចឹមជីដូនវិញមិនឱ្យជីដូន លំបាកទៀតឡើយ។
លោកគង់ សុខ អនុប្រធានភូមិខ្លែងពណ៌ ព្រមទាំងលោកយាយហ៊ឺម សៃ បានអំពាវនាវដល់សប្បុរសជននានា មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារទុរគតនេះផង ព្រោះពេលនេះកំពុងជួបការលំបាកខ្វះខាតខ្លាំងណាស់។ ប្រសិនបើសប្បុរជនចង់ជួយឧបត្ថម្ភ សូមទំនាក់ទំនងលេខទូរស័ព្ទ ០៩២ ៧០ ៦០ ៤២ និង ០៨៨ ៩២ ៣១ ៨២២៕