Sunday, January 19, 2025
Homeសង្គម និងជីវិតចាប់ខ្លួនឃាតករម្នាក់ទៀត រំលោភសម្លាប់បុរសស្រលាញ់ភេទដូចគ្នា

ចាប់ខ្លួនឃាតករម្នាក់ទៀត រំលោភសម្លាប់បុរសស្រលាញ់ភេទដូចគ្នា

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានធ្វើសកម្មភាពល្បួងបុរសស្រលាញ់ភេទដូចគ្នាម្នាក់ នាំយកទៅរំលោភ រួចវាយសម្លាប់យ៉ាងព្រៃផ្សៃប្លន់យកម៉ូតូរបស់ជនរងគ្រោះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជើងភ្នំខ្លាកូន ស្ថិត ក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានសមត្ថកច្ចិស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះជនសង្ស័យនៅខេត្តឧត្តរមានជ័យ។

ជនសង្ស័យមានឈ្មោះផាត សុគន្ធ អាយុ២៧ឆ្នាំ ស្នាក់នៅណ្តោះអាសន្ន ស៊ីឈ្នួលធ្វើស្រែចម្ការឱ្យគេនៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន រស់នៅភូមិឈូកមាស ឃុំកូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនជនសង្ស័យឈ្មោះផាត សុគន្ធ សមត្ថកិច្ចបានប្រើប្រាស់នៃការស្រាវជ្រាវស៊ើបអង្កេតរយៈពេល១៦ថ្ងៃទើបឃាត់ខ្លួនបានសម្រេច។ បន្ទាប់ពីកម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យបក្ខពួកជាឃាតក២នាក់រួចមកហើយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុងសិរីសោភ័ណ ដែលមានឈ្មោះ ទី១-ឈ្មោះលុញ សុគា ហៅខ្មៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរដើរវាយសារ៉ាស្បែកជើង និងជាមុខសញ្ញាប្រើប្រាស់គ្រឿង ញៀន រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងទី២-ឈ្មោះស៊ុន សុះ ភេទប្រុស ក្លែងជាស្ត្រី អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយជនទាំង២នាក់ត្រូវបានតុលាការបញ្ជាដាក់ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ រួចហើយផងដែរ។

លោកស្នងការរង បន្តថា សំណុំរឿងអំពើឃាតកម្មគិតទុកជាមុន គឺមុនដំបូងសមត្ថកិច្ចស្រាវជ្រាវថាជនសង្ស័យតែ៤នាក់ប៉ុណ្ណោះជាអ្នក ប្រព្រឹត្ត។ ប៉ុន្តែក្រោយចាប់ខ្លួនជនសង្ស័យឈ្មោះផាត សុគន្ធ បានឆ្លើយសារភាពថាបក្ខពួកគេទាំអស់មានគ្នា៦នាក់ ហេតុនេះនៅសល់៣នាក់ទៀត មិនទាន់ចាប់ខ្លួន។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បញ្ជាក់ថា ជនសង្ស័យឈ្មោះផាត សុគន្ធ ជាអ្នកយកដុំថ្មវាយសម្លាប់ជនរងគ្រោះ ជាមួយបក្ខពួករបស់ខ្លួន ហើយរូបគេបានយកម៉ូតូជនរងគ្រោះដែលមានពួកម៉ាកឈ្មោះធី យកទៅបញ្ចាំនៅចំណុចផ្លូវលេខ៣ ក្រុងសិរីសោភ័ណ ហើយពួកម៉ាកឈ្មោះ ធី ឱ្យប្រាក់មករូបគេ១០០ដុល្លារ រួចហើយបានរត់គេចខ្លួនទៅខេត្តឧត្តរមានជ័យ។

គួររំលឹកថា កាលពីវេលារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពមួយ បានកើតឡើងនៅចំណុចជើងភ្នំ ខ្លាកូន (ជាតំបន់ស្ងាត់) ស្ថិតនៅខាងក្រោយវិទ្យាល័យហ៊ុនសែន ខ្លាកូន ប្រមាណ៧០០ម៉ែត្រ ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយបុរសម្នាក់ (ប្រុសស្រលាញ់ភេទដូចគ្នា) ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ ចំណែកសាកសពមានសភាពហើមស្អុយរលួយ ព្រមទាំងមានដង្កូវចោះ ពេញខ្លួនទៅហើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានកម្មករសំណង់ម្នាក់ ដែលធ្វើការក្នុងការដ្ឋានវិទ្យាល័យហ៊ុនសែន ខ្លាកូន បានដើរទៅបត់ជើងនៅក្បែរជើងភ្នំខ្លាកូន ដែលជាតំបន់ស្ងាត់ និងជាកន្លែងក្រុមក្មេងស្ទាវ ប្រើប្រាស់គ្រឿងញៀន ស្រាប់តែទៅដល់ ក៏ធុំក្លិន ស្អុយយ៉ាងចម្លែក ទើបដើរតាមរកមើល ទីបំផុតក៏ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ឡើងស្អុយរលួយ មានដង្កូវចោះពេញខ្លួន ព្រមទាំងមានសភាពអាក្រាតកាយទៀតផង។

ដោយឡែក តាមការអះអាងពីគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានចេញបាត់ពីផ្ទះអស់រយៈពេល៥ថ្ងៃមកហើយ ដោយមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងចេញទៅជាមួយផងដែរ។ លុះក្រោយពីបាត់ខ្លួនច្រើនថ្ងៃ ក្រុមគ្រួសារភិតភ័យ តាមរកមិនឃើញ ក៏បានទៅរកគ្រូហោទស្សន៍ទាយមើលដែរ តែនៅតែគ្មានដំណឹងបន្តិចណាសោះ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏មានគេផ្អើលថាប្រទះឃើញ សាកសពបុរសម្នាក់ដេកស្លាប់អាក្រាតកាយនៅជើងភ្នំខ្លាកូន ទើបក្រុមគ្រួសារប្រញាប់នាំគ្នាទៅពិនិត្យមើល ទើបដឹងថា ពិតជាសាកសព របស់ជនរងគ្រោះដែលបាត់ចេញពីផ្ទះ៥ថ្ងៃមកហើយនោះប្រាកដមែន។ ចំណែកម៉ូតូជនរងគ្រោះ មិនឃើញនៅក្បែរសាកសពនោះទេ ហេតុនេះ ពួកគាត់សង្ស័យថា ជនរងគ្រោះត្រូវបានគេវាយសម្លាប់ប្លន់យកម៉ូតូតែម្តង និងស្នើឱ្យសមត្ថកិច្ចជំនាញ មេត្តាជួយស្រាវជ្រាវវែកមុខឃាតករផង ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីឱ្យព្រលឹងជនរងគ្រោះបានស្ងប់ផង។

គួរបញ្ជាក់ថា អំពើឃាតកម្មនេះ សមត្ថកិច្ចស្រាវជ្រាវជាបន្តបន្ទាប់បង្ក្រាបចាប់ខ្លួនជនសង្ស័យ៣នាក់មកហើយ។ ចំណែកបក្ខពួកនៅ សេសសល់៣នាក់សមត្ថកិច្ចកំពុងបន្តតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀត៕

RELATED ARTICLES