ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅក្នុងឃុំជីខ្មារ ស្រុកទ្រាំង បាននាំគ្នាត្អូញត្អែរថា ប្រជាពលរដ្ឋក្នុងឃុំដែលកើតមានជំងឺ ចង់ទៅទទួលសេវាព្យាបាលពីមណ្ឌលសុខភាពជីខ្មា តែងខកបំណកគ្រប់គ្នា ជាពិសេសស្ត្រីដែលមានផ្ទៃពោះ ដែលចង់ទៅពិនិត្យតាមដានសុខភាព ឬសម្រាលនៅមណ្ឌលសុខភាពមួយនេះ គឺមិនដែលបានជួបគ្រូពេទ្យទេ។
ស្ត្រីមានផ្ទៃពោះមួយរូប ដែលជាប្រជាពលរដ្ឋរស់នៅឃុំជីខ្មារ បានបញ្ជាក់ប្រាប់ថា ពេលគាត់ទៅតាមដានសុខភាព និងចង់សម្រាលនៅមណ្ឌលខាងលើ គឺមិនដែលបានជួបគ្រូពេទ្យទេ ពោលគឺស្ងាត់ជ្រងំដូចចោរលួចសេះ ជាពិសេសលោកប្រធានមណ្ឌលតែម្តង គឺមិនដែលឃើញបង្ហាញខ្លួននៅមណ្ឌលសុខភាពនោះទេ មិនដឹងថាគាត់រវល់ការងារអ្វី ឬឆ្លៀតយកម៉ោងទៅរកស៊ីអ្វីផ្សេងនោះទេ ហើយនៅពេលពួកគាត់ទូរស័ព្ទទៅជួបលោកប្រធានមណ្ឌលសុខភាពម្តងណាក៏ដោយ តែងទទួលបានតែពាក្យអសុរស ខ្វះក្រមសីលធម៌ គ្មានទំនួលខុសត្រូវ រហូតពេលខ្លះដេញឱ្យពួកគាត់ជាអ្នកជំងឺទៅរកពេទ្យផ្សេងទៀតផង។
ប្រជាពលរដ្ឋបានលើកឡើងថា ក្រោយអស់សង្ឃឹម នឹងទង្វើលោកប្រធានមណ្ឌលសុខភាពខាងលើនេះ ទើបពួកគាត់បានស្នើសុំទៅលោកមេឃុំ ឱ្យជួយនិយាយជាមួយលោកប្រធានមណ្ឌលសុខភាពជីខ្មារនេះ ឱ្យជួយយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ជាពិសេសស្ត្រីដែលមានផ្ទៃពោះ ដែលតែងទៅរកសេវាពិនិត្យព្យាបាលនៅក្នុងមូលដ្ឋាននេះផង កុំទុកឱ្យពួកគាត់ចូលទៅមណ្ឌលសុខភាព តែគ្មានគ្រូពេទ្យបែបនេះអី។
ជុំវិញករណីខាងលើលោកឡុង សឿន មេឃុំជីខ្មារ បានឱ្យដឹងថា លោកទទួលស្គាល់ថា ពលរដ្ឋពិតជាបានរាយការណ៏ជូនលោក ពីករណីដែលពួកគាត់មកពិនិត្យព្យាបាលនៅមណ្ឌលសុខភាពខាងលើ គឺមិនបានជួបគ្រូពេទ្យនោះមែន។ ជាមួយនេះ ប្រជាពលរដ្ឋថែមទាំងស្នើឱ្យមានការផ្លាស់ប្តូរប្រធានមណ្ឌលសុខភាពមួយនេះទៀតផង តែលោកគ្មានសិទ្ធិ គ្មានតួនាទីឯណាអាចសម្រេចបានទេ បានត្រឹមតែរាយការណ៍ទៅថ្នាក់លើប៉ុណ្ណោះ ចំពោះការទាមទារពីពលរដ្ឋក្នុងមូលដ្ឋាន ដែលសុំឱ្យមានការផ្លាស់ប្តូរប្រធានមណ្ឌលនេះចេញ តែរហូតមកដល់ពេលនេះ គឺនៅ ដដែល។
ទាក់ទងករណីនេះលោកសាំង ជូង ប្រធានមណ្ឌលសុខភាពជីខ្មារ ដែលរងការចោទការចោទប្រកាន់ បានលើកឡើងថា លោកមិនថាអីទេ បើពលរដ្ឋស្នើសុំដកលោកចេញពីមណ្ឌលសុខភាពខាងលើ តែមិនមែនមេឃុំដកទេ គឺថ្នាក់លើរបស់លោក ទើបជាអ្នកមានសិទ្ធិសម្រេច៕