ខ្សែភាពយន្ដរឿង ”គំនុំខ្មោចក្រមុំទាំង៣” ជាវណ្ណកម្មទី១ របស់ផលិតកម្មបាដិហារ្យភាពយន្ដ ដែលបានធ្វើពិធីកាត់ខ្សែបូសម្ពោធ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅផ្សារទំនើបអ៊ីអន ដោយមានការចូលរួមអបអរសាទរ ពីតារាដែលសម្ដែងរឿងនេះ និងអ្នកសារពត័មានជាច្រើនផងដែរ។
លោកខន រ៉ាម៉ន ជាអ្នកគ្រប់គ្រងទូទៅផលិតកម្មបាដិហារ្យភាពយន្ដ បានឲ្យដឹងថា រឿងនេះឆ្លុះបញ្ចាំងល្បិចប្រុសៗដែលមានប្រពន្ធហើយ តែទៅញ៉ែលួងលោមស្រីខាងក្រៅផ្ទះ ហើយចុងក្រោយ គេមិនយកស្រីនោះទេ គឺវិលទៅរកប្រពន្ធគេវិញ ហើយក៏មានឈុតឆាកកំប្លែង និងខ្មោចលងជាច្រើន ដែលជាទិដ្ឋភាពពិតមួយនៅក្នុងសង្គមយើង នាពេលបច្ចុប្បន្ន ។
លោករ៉ាម៉ន ហៅយូអ៊ីន បន្ថែមថា ”នេះជារឿងលើកដំបូងរបស់ផលិតកម្មយើង ដែលឆ្លុះបញ្ចាំងពីការអប់រំ បែបព្រះពុទ្ធសាសនា កំប្លែង រំលោភ ជាដើម។ រឿងនេះថតជាង៣ខែ ភាគច្រើនទីតាំងនៅកោះក្របី ព្រែកឯង និងស្រែអំបិល ហើយក្រៅពីដាក់បញ្ចាំងតាមរោងកុន យើងកំពុងតែសិក្សាធ្វើរឿងនេះជារឿងភាគដែរ ដែលតម្រូវឲ្យថតសាជាថ្មី ព្រោះពេលនេះយើងកំពុងតែចរចាជាមួយខាងទូរទស្សន៍”។
រឿង ”គំនុំខ្មោចក្រមុំទាំង៣” ជាការនិពន្ធរបស់ចាងហ្វាងផលិតកម្មបាដិហារ្យភាពយន្ដ លោកស៊ុម ភារិន ដែលមានតួឯកដល់ទៅ៣គូ គឺកញ្ញាដួង ស្រីពេជ្រ (ម៉ានិច) គូជាមួយលោកខន រ៉ាម៉ន,កញ្ញាស៊ី សុខារ៉ាឌី គូនឹងលោកណាក់ខុន និងកញ្ញានីតា វរវង្ស គូនឹងនាយចឺម ព្រមទាំងមានការចូលរួមសម្ដែង ពីតារាមួយចំនួនទៀត ដូចជា នាយចេក លោកជីវ័ន យាយយ៉យ ជាដើម។
លោកស៊ុម ភារិន ថៅកែផលិតកម្មបាដិហារ្យភាពយន្ដ និងជាអ្នកនិពន្ធរឿង ”គំនុំខ្មោចក្រមុំទាំង៣”បញ្ជាក់ថា ”រឿងនេះចំណាយទុនផលិត អស់ប្រាក់ជាង៥ម៉ឺនដុល្លា ហើយជាភាពយន្ដដែលខ្ញុំផលិតផ្ទាល់ មិនចម្លងពីប្រទេសជិតខាងឡើយ។ យើងដាក់បញ្ចាំងរឿង ”គំនុំខ្មោចក្រមុំទាំង៣” ចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ នៅតាមបណ្ដារោងភាពយន្ដទាំងអស់ នៅរាជធានីភ្នំពេញ ហើយជាគោលការណ៍ផលិតកម្មបាដិហារ្យភាពយន្ដ គ្រោងផលិតឲ្យបាន៣រឿង ក្នុងមួយឆ្នាំ។ សម្រាប់រឿងទី២ របស់យើង ដែលត្រៀមចេញថតនេះ គឺរឿង ”លង់ស្នេហ៏អ្នកគ្រូ”៕