ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ឃើញបុរសម្នាក់ទុកទូរស័ព្ទ និងកាបូបលុយប្រហែស ក៏បែកគំនិតចូលលួច រួចក៏យកទូរស័ព្ទនោះ មកឡាយវីដេអូបង្អួតគេពេញហ្វេសប៊ុក ទីបំផុតក៏ត្រូវម្ចាស់ទូរស័ព្ទឆែកឃើញ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យជាប់ កាលពីវេលារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ។
ជនសង្ស័យទាំង២នាក់ ដែលធ្វើសកម្មភាពលួចទូរស័ព្ទរបស់គេហើយ យកមកឡាយវីដេអូក្នុងហ្វេសប៊ុកបង្អួតគេទៀតនោះរួមមាន ទី១-ឈ្មោះអ៊ិត រីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនេសាទ មានលំនៅភូមិឃុំកើតហេតុខាងលើ (ឃាត់ខ្លួន) និងទី២-ឈ្មោះសិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ (គេចខ្លួន)។ ចំណែកជនរងគ្រោះ មានឈ្មោះរស់ ផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់គ្រឿងសំណង់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ដោយឡែកសម្ភារៈ ដែលបាត់បង់រួមមាន ទូរស័ព្ទ១គ្រឿងម៉ាក HUAWEI ពណ៌ស (រកឃើញវិញ) ប្រាក់រៀលជាង១០ម៉ឺនរៀល និងប្រាក់ដុល្លារចំនួន១ពាន់ដុល្លារ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះទើបនឹងត្រឡប់មកពីហូបការគេវិញ លុះពេលមកដល់ផ្ទះ ជនរងគ្រោះបានដោះសម្លៀកបំពាក់ទុកលើប៉ាវអ៊ី ដោយមានកូនកាបូបទុក លុយមានចំនួនដូចខាងលើ នៅក្នុងហោប៉ៅខោនោះផងដែរ ចំណែកទូរសព្ទ័ជនរងគ្រោះបានដាក់បញ្ចូលថ្មលើតុមុខទូរទស្សន៍ បន្ទាប់មកជនរងគ្រោះ ក៏ដេកលក់នៅលើគ្រែបាត់ទៅ។ លុះព្រឹកឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹក ជនរងគ្រោះភ្ញាក់ពីដំណេក រួចហើយបានយកទូរសព្ទ័នៅកន្លែងបញ្ចូលថ្ម ស្រាប់តែបាត់មិនឃើញ រួចទៅស្ទាបហោប៉ៅខោរបស់ខ្លួនរកកូនកាបូបដាក់លុយស្រាប់តែឃើញបាត់លុយមិនឃើញទៀត នៅសល់តែកូនកាបូបមានលុយចំនួន៥០០រៀលប៉ុណ្ណោះក្នុងកាបូបទុកនៅលើប៉ៅអី។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កូនរបស់ជនរងគ្រោះ បានឆែកមើលហ្វេសប៊ុក ស្រាប់តែប្រទះឃើញឈ្មោះអ៊ិត រីម បានធ្វើការឡាយវីដេអូតាមរយៈគណនីហ្វេសប៊ុកឪពុកខ្លួន ទើបដឹងថាឈ្មោះអ៊ិត រីម ជាអ្នកចូលលួចទូរស័ព្ទ បន្ទាប់មកជនរងគ្រោះក៏បានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់ ដោយចោទប្រកាន់ទៅលើជនសង្ស័យដែលមានឈ្មោះ ខាងលើនោះតែម្តង។ ភ្លាមនោះ កម្លាំងប៉ុសិ៍្តបានសហការជាមួយកម្លាំងជំនាញ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងទូរស័ព្ទ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអ៊ិត រីម បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ រូបគេ និងបក្ខពួកម្នាក់ទៀតឈ្មោះសិទ្ធ បានទិញស្រាបៀរ១យួរមកផឹក លុះពេលផឹកអស់ស្រាខ្លួនក៏យកថ្នាំញៀនជក់ជាមួយឈ្មោះសិទ្ធ ទៀត។
បន្ទាប់មកពួកខ្លួនទាំង២នាក់ បាននិយាយគិតគ្នាថា នឹងធ្វើសកម្មភាពចូលលួចសម្ភារៈ ក្នុងផ្ទះរបស់ជនរងគ្រោះ ព្រោះឃើញជនរងគ្រោះ ដាក់ទុកទូរស័ព្ទនិងកាបូបលុយប្រហែស ទើបនាំគ្នាចូលទៅលួច ដោយរូបគេជាអ្នកចូលលួចយកទូរស័ព្ទ រីឯឈ្មោះសិទ្ធ ខ្លួនពុំដឹងថាលួចបានអ្វីខ្លះទេ។
ជនសង្ស័យខាងលើ បន្តសារភាពទៀតថា បន្ទាប់ពីលួចបានទូរស័ព្ទហៅ រូបគេភ្លេចខ្លួន ក៏យកមកចុចលេង និងចូលលេងហ្វេសប៊ុក ក្នុងគណនីរបស់ជនរងគ្រោះជាម្ចាស់ទូរស័ព្ទ និងថែមទាំងជ្រុលផុងខ្លួន ឡាយវីដេអូបង្អួតគេឯងទៀត ស្រាប់តែទីបំផុត ត្រូវម្ចាស់ទូរស័ព្ទគេឆែកឃើញក៏ប្តឹងប៉ូលិសចាប់តែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណំុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕