Friday, March 29, 2024
Homeព័ត៌មានជាតិលួច​ម៉ូតូ​ពី​ភ្នំពេញ​ជិះ​គេច​ខ្លួន មក​ជាប់​អន្ទាក់​នគរ​បាល​ស្រុក​ស្អាង​

លួច​ម៉ូតូ​ពី​ភ្នំពេញ​ជិះ​គេច​ខ្លួន មក​ជាប់​អន្ទាក់​នគរ​បាល​ស្រុក​ស្អាង​

ខេត្ដកណ្តាលៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួច ម៉ូតូមួយគ្រឿងពីចំណុចផ្សារសាន់ហាន់ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជិះគេចខ្លួនមកជាប់អន្ទាក់សមត្ថកិច្ចនគរបាលស្រុកស្អាង ។

ជនសង្ស័យជាចោរលួចម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន កាលពីវេលាម៉ោងរសៀលថ្ងៃទី១៧ សីហា ២០១៦ ត្រង់ចំណុចស្ពានកំពង់ស្វាយ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អន អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ធូប-ទៀន នៅមុខវាំង បច្ចុប្បន្នស្នាក់នៅភូមិសម្លរកកូរ ប្លុកស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគី និច ពណ៌លឿងលាយស ពាក់ស្លាកលេខ ភ្នំពេញ1CJ-8980 ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ថោង ដនរិទ្ធិពង្ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តថា នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចនគរបាលស្រុកស្អាងបានចេញល្បាតក្នុងភូមិសាស្ត្រឃុំស្អាងភ្នំ ខណៈនោះបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូតាមដងផ្លូវ ។ អ្វីដែលធ្វើឲ្យសមត្ថកិច្ចឈានដល់ចាប់ខ្លួននោះ ពេលជនសង្ស័យឃើញសមត្ថកិច្ចបានព្យាយាមបន្ថែមល្បឿនបើកគេច ទើបសមត្ថកិច្ចដេញតាមចាប់ធ្វើបញ្ជូនទៅកាន់អធិការដ្ឋានននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ រូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងដែលខ្លួនជិះនេះចេញពីផ្សារសាន់ហាន់ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងគោលបំណងយកដើរលក់ ។ ពេលជិះមកជួបសមត្ថកិច្ចរូបគេមានការភ័យខ្លាចក៏បើកម៉ូតូរត់គេចខ្លួន តែរត់មិនរួចក៏ត្រូវសមត្ថកិច្ចនគរបាលក្របួចជាប់តែម្តង ៕

សិលា

 

RELATED ARTICLES