ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ បានពឹងនារីមានប្តីម្នាក់ ឱ្យជូនដើររកស្រីស្នេហ៍របស់ខ្លួន លុះបុរសជាប្តីរបស់គេប្រទះឃើញតាមរករឿង បែរជាធ្វើឱ្យយុវជនដែលកំពុងបាត់ស្រីស្នេហ៍រកមិនទាន់ឃើញផង ណាមួយខឹងនឹងប្តីគេតាមរករឿងផង ក៏ទៅកែនបក្ខពួក យកកាំបិតប៉័ងតោមក កាប់ប្រហារបុរសជាប្តី បណ្តាលឱ្យរយះក្បាលរងរបួសយ៉ាងធ្ងន់ ចំណែកក្រុមជនដៃដល់ត្រូវសមត្ថកិច្ចក្របួចជាប់៣នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សា ជិះម៉ូតូដឹកប្រពន្ធគេហើយ កាប់ប្តីគេឱ្យរងរបួសទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុមទី១០ ភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជនរងគ្រោះ ដែលត្រូវក្រុមក្មេងទំនើងកាប់ប្រហារឱ្យរងរបួសធ្ងន់ មានឈ្មោះឡូង ផារី អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខខារ៉ាអូខេនគរសំរិទ្ធ ស្នាក់នៅក្រុមទី២០ ភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ (រងរបួសក្បាលលើត្រចៀកខាងឆ្វេងធ្ងន់)។ ចំណែកក្រុមជនដៃដល់មានគ្នា៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន រួមមាន ទី១-ឈ្មោះម៉ែន សុខហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ក្រុមទី១៦ ភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ (ជាជនដៃដល់អ្នកកាប់) ទី២-ឈ្មោះភាព វ៉ាន់ឆៃ ហៅញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នស្នាក់នៅក្រុមទី១៦ ភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ (ជាម្ចាស់កាំបិតនិងជាអ្នកដើមហេតុ បង្ករឿង) និងទី៣-ឈ្មោះសៀង ដូ ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន បច្ចុប្បន្នស្នាក់នៅក្រុមទី២០ ភូមិ០១ ក្រុងព្រះសីហនុ (ជាសមគំនិត ជាអ្នកបើកម៉ូតូ)។ ចំណែកវត្ថុតាងចាប់យកបាន រួមមាន ម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅលាយក្រហម គ្មានពាក់ស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព) និងកាំបិតប៉័ងតោដងដែក១ (អាវុធធ្វើសក្មភាព)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះភាព វ៉ាន់ឆៃ ហៅញ៉ាញ់ បានបាត់ស្រីស្នេហ៍របស់ខ្លួន ដែលស្រីស្នេហ៍រូបនេះ គឺជាមនុស្សស្គាល់គ្នាជាមួយនឹងប្រពន្ធរបស់ជនរងគ្រោះដែរ។ បន្ទាប់មក ជនសង្ស័យក៏បានទៅពឹងប្រពន្ធរបស់ ជនរងគ្រោះឱ្យជួយជូនទៅដើររក រួចក៏ជិះម៉ូតូដឹកប្រពន្ធរបស់ជនរងគ្រោះដើរតាមរកស្រីស្នេហ៍របស់ខ្លួន ស្រាប់តែគាប់ជួន ជនរងគ្រោះជាប្តី បានប្រទះឃើញប្រពន្ធរបស់ខ្លួនជិះម៉ូតូជាមួយនឹងប្រុសថ្មីបែបនេះ ក៏កើតមានចិត្តប្រចណ្ឌ តាមរករឿងជនសង្ស័យ ជាហេតុធ្វើឱ្យជនសង្ស័យ ដែលកំពុងមួម៉ៅរឿងបាត់ស្រីស្នេហ៍រកមិនទាន់ឃើញផង ស្រាប់តែមកវណ្ឌកនឹងរឿងប្តីគេប្រចណ្ឌតាមរករឿងទៀត ក៏ធ្វើឱ្យផ្ទុះកំហឹងកាន់តែខ្លាំង ក៏ទៅហៅបក្ខពួក២នាក់ទៀត រួចក៏ជិះម៉ូតូដឹកគ្នា ប្រដាប់ដោយកាំបិតប៉័ងតោ១ដើម បានតាមមកធ្វើសកម្មភាពកាប់ប្រហារទៅលើបុរសរងគ្រោះ បណ្តាលឱ្យរយះក្បាលលើត្រចៀកខាងឆ្វេង យ៉ាងធ្ងន់ធ្ងរតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ប៉ុន្តែដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារ សម្រេចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
ដោយឡែកក្រុមជនដៃដល់ទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕