Wednesday, March 12, 2025
Homeព័ត៌មានជាតិស្ថានីយថ្លឹងរថយន្តថ្នល់កែង រួមចំណែកបំផ្លាញផ្លូវ

ស្ថានីយថ្លឹងរថយន្តថ្នល់កែង រួមចំណែកបំផ្លាញផ្លូវ

ខេត្តកំពង់ចាម ៖ ស្ថានីយថ្លឹងរថយន្តថ្នល់កែង ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ ត្រូវបានប្រជាពលរដ្ឋ តាមសង្កេតឃើញថា បានរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ ពិសេសផ្លូវជាតិ តាមរយៈការបើកដៃឱ្យរថយន្ត ធំៗដឹករាប់សិបគ្រឿងបើកឆ្លងកាត់ ដោយមិនបាច់ចូលស្ថានីយថ្លឹង ក្នុង១យប់ៗរាប់សិបគ្រឿង។

តាមប្រភពពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើ បានឱ្យដឹងថា ក្នុង១យប់ៗ មានរថយន្តដឹកលើសទម្ងន់រាប់សិបគ្រឿង បានបើកឆ្លងកាត់ស្ថានីយថ្លឹងរថយន្តថ្នល់កែងយ៉ាងរលូន ដោយមិនបានចូលថ្លឹងទំងន់នៅក្នុងស្ថានីយទ្បើយ។  ភាពមិនប្រក្រតីទាំងនេះ ត្រូវបានគេសង្កេតឃើញថា ចាប់កើតឡើងតាំងពីចន្លោះម៉ោង៩យប់ ទៅដល់វេលាម៉ោង៣ទៀបភ្លឺរៀងរាល់ថ្ងៃ និងរាប់ចាប់តាំងពីលោកហេង ផល្លា ទើបឡើងកាន់ជាប្រធាន ថ្មីមកម៉្លេះ មូលហេតុដោយសារតែមានការឃុបឃិតគ្នា បើកដៃឱ្យគេចមិនចូលថ្លឹង ជាថ្នូរនឹងការបង់លុយបែបពុករលួយ។

ប្រភពពីមន្ត្រីជិតស្និទ្ធនៅសាលាខេត្ត បានឱ្យដឹងថា លោកហេង ផល្លា ទ្បើងកូតនិងធ្លាក់កូតចំនួន២-៣លើករួចទៅហើយ គឺលើកទីមួយ លោកហេង ផល្លា បានមានភ័ព្វវាសនា ទៅកាន់នៅស្ថានីយថ្លឹងរថយន្តនៅជប់ ដែលពីមុននៅខេត្តកំពង់ចាម បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ។ ក្រោយមក ត្រូវថ្នាក់លើផ្លាស់ប្តូរមកនៅការិយាល័យសាលាខេត្តវិញ។ លុះប្រហែល១ឆ្នាំ ទៅ២ឆ្នាំក្រោយមក លោកហេង ផល្លា មានវាសនាទ្បើងកូតម្តងទៀត ដោយបានមកកាន់ស្ថានិយ៍ស្ថានីយ៍ថ្លឹងរថយន្តនៅត្រើង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ការទ្បើងកូតលើកទី២នេះ ក៏ដូចលើកទីមួយដែរ គឺមិនបានប៉ុន្មានឆ្នាំផង លោកហេង ផល្លា ក៏អស់បុណ្យ មកនៅការិយាលយ័វិញៗ។ ប៉ុន្តែមិនបានប៉ុន្មានផង ក៏មានការផ្លាស់ប្តូរលោកហេង ផល្លា ក៏ទ្បើងកូតសារជាថ្មីជាលើកទី៣ទៀត ដោយត្រូវថ្នាក់លើ បានចាត់តាំងឱ្យទៅកាន់ស្ថានីយនៅថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម។

ប្រភពបានបន្តថា មន្ត្រីនៅស្ថាននីយ៍ថ្នល់កែងស្រុកបាធាយខាងលើកំពុង តែកាក់កបនឹងសកម្មភាពបែបពុករលួយនេះខ្លាំងណាស់ ដោយមិនខ្ចីរវីរវល់ខ្លាចខូចផ្លូវដែលជាសម្បត្តិជាតិ និងបាក់ស្ពានអ្វីនោះឡើយ។

ទាក់ទងនឹងការចោទប្រកាន់ខាងលើ “នគរធំ” មិនអាចសុំការបំភ្លឺពីលោកហេង ផល្លា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ថ្នល់កែង ដែលទើបឡើងថ្មីបានទេ ដោយសារទូរស័ព្ទចូលតែពុំមានអ្នកលើក។

ជាមួយនេះ ប្រជាពលរដ្ឋដែលបានឃើញ ភាពមិនប្រក្រតិរបស់ស្ថានីយជញ្ជីងថ្លឹងរថយន្តខាងលើបានសំណូមពរលោករដ្ឋមន្ត្រីសារធារណការ និងដឹកជញ្ជូនផ្លូវគោគ ពិសេសលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមមេត្តាជួយពិនិត្យភាពមិនប្រក្រតីខាងលើនេះផង៕

RELATED ARTICLES