Sunday, January 19, 2025
Homeសង្គម និងជីវិតមុខថៅកែហាងដដែលៗនៅផ្លូវ2004! រឿងគិតលុយបន្លំ ភ្ញៀវមិនព្រមវ៉ៃរយះក្បាល២នាក់

មុខថៅកែហាងដដែលៗនៅផ្លូវ2004! រឿងគិតលុយបន្លំ ភ្ញៀវមិនព្រមវ៉ៃរយះក្បាល២នាក់

ភ្នំពេញ ៖ បុរស៣នាក់ បាននាំគ្នាចូលទៅផឹកស៊ីក្នុងហាងខារ៉ាអូខេមួយកន្លែង ដែលមានប្រូម៉ូសិនពិសេស (ផឹកស្រាហ្វ្រីសាច់ក្លែម) លុះចូលទៅដល់ក៏ហៅស្រីក្មេងសាច់ខ្ចីមកអង្គុយកំដរ ដោយផឹកស៊ីបណ្តើរ ច្រៀងលេងស្តាប់ភ្លេងកើយភ្លៅបណ្តើរ រហូតដល់អស់ស្រាបៀរ៣កេស ស្មើនឹងទឹកប្រាក់ជិត១០០ដុល្លារ លុះហៅម្ចាស់ហាងឱ្យគិតលុយ បែរជាអស់ដល់ទៅ២៥០ដុល្លារ ទើបធ្វើឱ្យក្រុមភ្ញៀវស្រែកថាថ្លៃណាស់ គិតលុយលើសហើយ ស្រាប់តែថៅកែហាងខឹង ក៏ហៅកូនចៅប្រដាប់ដោយកាំបិត និងសំបកដប មកវាយកាប់ចាក់ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ រយះក្បាល២នាក់ និងរងរបួសស្រាលម្នាក់។

ក្រោយជនរងគ្រោះសម្រាកព្យាបាលបានធូរស្រាលបន្តិចហើយ ក៏នាំគ្នាដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហៅថៅកែហាង និងកូនចៅសរុប៦នាក់ មានទាំងប្រុសស្រី លាយនឹងភេទទី៣ផងនោះ មកសួរនាំ រួចក៏សម្រេចឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមច្បាប់ តែម្តង។

ករណីថៅកែហាងហៅកូនចៅព្រួតវ៉ៃភ្ញៀវ ព្រោះតែរឿងភ្ញៀវស្រែកថាគិតលុយថ្លៃនេះ បានកើតឡើងតាំងពីកាលពីវេលាម៉ោង១រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មកម៉្លេះ នៅចំណុចហាងខារ៉ាអូខេ យីហោ រាត្រីសំណាងល្អ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុង ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែដោយសារតែជនរងគ្រោះរវល់តែទៅសម្រាកមន្ទីរពេទ្យព្យាបាលរបួស ទើបនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ជនរងគ្រោះបានទៅប្តឹងនៅប៉ុស្តិ៍កាកាប១ លុះក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម នៅល្ងាចថ្ងៃដដែលនេះ កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅនាំខ្លួនម្ចាស់ហាង និងកូនចៅជាជនដៃដល់សរុប៦នាក់មកសាកសួរ ហើយឃាត់ខ្លួនជនដៃដល់ទាំង៦នាក់តែម្តង ដោយក្នុងនោះរួមមាន  ប្រុស៤នាក់ ភេទទី៣ម្នាក់ និងស្រីម្នាក់។

ជនដៃដល់ទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយឹម សំណាង ហៅតូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាម្ចាស់ហាងខារ៉ាអូខេ រាត្រីសំណាងល្អ ដែលតែងបង្កបញ្ហាជាញឹកញាប់ ស្នាក់នៅកន្លែងកើតហេតុ ទី២-ឈ្មោះជឿន ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកហាង ស្នាក់នៅកន្លែងកើតហេតុ។ ទី៣-ឈ្មោះរឿន រាម ភេទទី៣ អាយុ២៤ឆ្នាំ ជាបុគ្គលិកហាងស្នាក់នៅកន្លែងកើតហេតុ។ ទី៤-ឈ្មោះវណ្ណ វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកហាង ផ្នែកខាងរត់ដេញចាប់ម៉ូយតាមផ្លូវ ស្នាក់នៅកន្លែងកើតហេតុ ទី៥-ឈ្មោះធាន ភារុណ ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកហាង ផ្នែកខាងរត់ដេញចាប់ម៉ូយ ស្នាក់នៅកន្លែងកើតហេតុ និងទី៦-ឈ្មោះអំ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកខាង ផ្នែកខាងរត់ដេញចាប់ម៉ូយដូចគ្នា ស្នាក់នៅកន្លែងកើតហេតុ។

ចំណែកជនរងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះរ៉េត ធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិផ្សារលើ ឃុំលលកស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ (រងរបួសស្រាល) ទី២-ឈ្មោះឆាង សុខលាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វារ និងមានស្រុកកំណើតនៅភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅស្រុកខាងប្រពន្ធក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់) និងទី៣-ឈ្មោះឆាង សុវ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែរស់នៅជាមួយប្រពន្ធនៅស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ពួកគាត់ទាំង៣នាក់ត្រូវជាបងប្អូននឹងគ្នា បានជិះម៉ូតូឌុបគ្នា ជូនឈ្មោះរ៉េត ធារិទ្ធ ទៅផ្ទះឯម្តុំលូ៥ តែចូលផឹកស៊ីនៅហាងខាងលើជាមុនសិន ព្រោះឃើញហាងគេមានប្រូម៉ូសិនពិសេស ផឹក១កេស ហ្វ្រីម្ហូប៤មុខ តម្លៃតែ៣០ដុល្លារប៉ុណ្ណោះ។ លុះពេលចូលដល់ក្នុងហាង ពួកគាត់ក៏បានហៅស្រីៗសាច់ខ្ចី មកអង្គុយកំដរផង រួចក៏ហៅស្រាបៀរឈុតប្រូម៉ូសិននោះមកផឹក រហូតដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីផឹកអស់៣ឈុត គិតលុយស្មើនឹង៩១ដុល្លារ ណាមួយម្នាក់ៗហាក់ស្រវឹងធ្លាក់ភ្នែកផង ក៏ហៅឱ្យគេគិតលុយ ដើម្បីត្រឡប់ទៅផ្ទះវិញ។

ជនរងគ្រោះបន្តថា លុះពេលគេយកបុងគិតលុយមកឱ្យមើល ស្រាប់តែឃើញអស់រហូតដល់ទៅ២៥០ដុល្លារ ទើបធ្វើឱ្យពួកគាត់នឹកឆ្ងល់ ក៏សួរនាំថា គិតលុយបែបណា? បើគ្នា៣នាក់ និងស្រីផឹកកំដរ ហៅស្រាបៀរមកផឹកអស់តែ៣កេស មិនដល់១០០ដុល្លារផង ចុះគិតលុយទៅលើអ្វី ទៀត បានជាអស់ដល់ទៅ២៥០ដុល្លារ? ស្រាប់តែភ្លាមនោះ ខាងបុគ្គលិកខារ៉ាអូខេ រួមនឹងថៅកែហាងផង បានចូលមកជជែកគ្នាយ៉ាងតឹងសរសៃក បន្ទាប់មក ដោយសារតែពួកគាត់មិនចង់មានរឿងវែងឆ្ងាយ ក៏និយាយថា តាមពិតមិនមែន៣នាក់គាត់ ផឹកស្រាបៀរអស់ដល់ទៅ៣កេសនោះទេ តែនេះក៏ដោយសារក្រុមស្រីៗមកជួយបង្ហិន បំផ្លាញផង ទើបអស់៣កេសនោះ ហេតុនេះ ពួកគាត់សុំចេញឱ្យ១២០ដុល្លារទៅចុះ ប៉ុន្តែម្ចាស់ហាងមិនព្រម ទើបកើតជាជំលោះនឹងគ្នា រហូតដល់ម្ចាស់ហាងឈ្មោះយឹម សំណាង ហៅតូសក់វែង ស្រែកហៅកូនចៅ ប្រដាប់ដោយកាំបិត សំបកដប ព្រួតគ្នាវាយតប់ កាប់ចាក់ពួកគាត់ បណ្តាលឱ្យរយះក្បាលរបួសធ្ងន់២នាក់ និងរបួសស្រាលម្នាក់ ហើយអូសពួកគាត់ចេញដាក់ក្រៅហាង ហើយ ភ្លាមៗ ជនរងគ្រោះដែលរងរបួសស្រាល បានទាក់ទងហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ សូម្បីប៉ូលិសទៅមិនទាន់ផង។

ជនរងគ្រោះបន្តទៀតថា ទើបតែមកដល់រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពេលបានធូរស្រាលមុខរបួស ចេញពីមន្ទីរពេទ្យ ទើបពួកគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី១តែម្តង។

ករណីខាងលើ សមត្ថកិច្ចគ្រាន់តែទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម នៅល្ងាចថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់នាំខ្លួន ថៅកែហាង និងកូនចៅ មកសាកសួរនៅប៉ុស្តិ៍ ហើយឃាត់ខ្លួនតែម្តង។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា បុរសជើងខ្លាំងម្ចាស់ហាងខាងលើ មានហាងចំនួន៣ បើកនៅផ្លូវ២០០៤ និងតែងបង្កបញ្ហាច្រើនលើក ច្រើនសារមកហើយ ដោយកន្លងមក ម្ចាស់ហាងខាងលើ ធ្លាប់កាប់ភ្ញៀវឱ្យរងរបួស ត្រូវប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាការម្តងដែរ តែមិនដឹងយ៉ាង ម៉េច បែរជាតុលាការដោះលែងមកវិញ ហើយបើតាមព័ត៌មានខ្លះនិយាយថា អស់៥ពាន់ដុល្លារកាលពីលើកមុនដើម្បីនៅក្រៅឃុំ ហេតុនេះគេចាំ មើលលើកនេះ ឱ្យតុលាការប៉ុន្មានទៀត ទើបនៅក្រៅឃុំ។

ជនដៃដល់ ប្រុសស្រីរួមនឹងភេទទី៣ សរុប៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ហើយគេនៅមិនទាន់ដឹងថាវាសនាម្ចាស់ហាងយឹម សំណាង ហៅតូ លើកនេះមានវាសនាចេញរួចក្រៅឃុំដូចលើកមុនអត់នោះទេ៕

RELATED ARTICLES