ទន្ទឹមនឹងការស្វាមគន៍ការវិលត្រឡប់មកវិញ របស់អតីតពិធិការិនីឈ្មោះល្បី នៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាងសួន ភក្តី ហៅក្រៅ VJ អាណូ អ្នកសិល្បៈបានព្រលយថា ដំណើរត្រឡប់ក្រោយរបស់ស្រីស្អាត វ័យ៣៥ឆ្នាំរូបនេះ មិនមែនជារឿងចៃដន្យ ដូចនាងអះអាងនោះទេ។
អ្នកសិល្បៈម្នាក់ដែលមានបណ្តាញទាក់ទងស្និទ្ធ ជាមួយអ្នកជិតដិតនឹងអាណូ បានប្រាប់ “អង្គរធំ” កាលពីពេលថ្មីៗនេះថា VJ អាណូ វិលចូលសិល្បៈ បន្ទាប់ពីចំណងស្នេហ៍របស់នាង និងមន្ត្រីជាន់ខ្ពស់ម្នាក់ បានរបេះរបូតចេញពីគ្នា។
សិល្បការិនីវ័យស្របាល អាណូ ដែរនេះ និយាយក្នុងលក្ខខណ្ឌមិនបញ្ចោញឈ្មោះថា អាណូ មានកូនប្រុសម្នាក់ តែនាងនិងស្វាមី មានរឿងរកាំរកូសច្រើន រហូតសម្រេចចិត្តចែកផ្លូវគ្នាដើរ។ នាងថា អាណូ ចំណាយពេលច្រើនរស់នៅស្រុកខ្មែរ ហើយថ្មីៗនេះ ឧស្សាហ៍ឡើងចុះប្រទេសថៃ ក្នុងបំណងសម្លឹងរក មុខរបរជំនួញណាមួយ ដើម្បីចិញ្ចឹមជីវិត។
ដំណាលគ្នានោះ នាងក៏នឹករំលឹកដល់វិស័យសិល្បៈ ដែលនាពេលចុងក្រោយនេះ បានផ្តល់ឱកាសឱ្យពិធីករ តារាចម្រៀង និងអ្នកសម្តែង រកប្រាក់បានច្រើនសន្ធឹកសន្ធាប់។ ក្តីស្រមៃនេះ បានសម្រេចនៅពេលដែលនាង ជួបតារាចម្រៀងអែនឌី ដោយចៃដន្យ នៅក្រុងបាងកក ប្រទេសថៃ។
ប្រភពខាងលើនិយាយថា “បើគ្មានបញ្ហា អាណូ នឹងមិនវិលចូលសិល្បៈវិញទេ ព្រោះស្វាមីរបស់នាងមិនគាំទ្រ”។
ទោះយ៉ាងណា ទាំងអ្នកក្នុងនិងក្រៅរង្វង់សិល្បៈ ដែល “អង្គរធំ” បានសាកសួរ ហាក់ដូចជាស្រពេចស្រពិលចំពោះអត្តសញ្ញាណរបស់បុរសដែលពួកគេអះអាងថាជាស្វាមីរបស់អាណូ និងជាឪពុករបស់ កូនប្រុសនាង។
ពួកគេគ្រាន់តែបញ្ជាក់ថា បុរសនោះជាមន្ត្រីរាជការ ដែលមានវត្តមានក្នុងជីវិតរបស់អាណូ កាលពីឆ្នាំ ២០០៨ ជាពេលដែលនាងស្រាប់តែបាត់មុខពីសិល្បៈយ៉ាងចម្លែក និងប្រកបដោយរឿងអាស្រូវ។
គេចាំបានថា នៅដើមខែវិច្ឆិកា ឆ្នាំ២០០៨ នាងសួន ភក្តី ហៅអាណូ ដែលកំពុងតែល្បីល្បាញខ្លាំង បានបាត់ខ្លួនពីឆាកសិល្បៈ ដោយគ្មាននរណាម្នាក់ រួមបញ្ចូល ទាំងក្រុមគ្រួសាររបស់នាងផងដឹងថា នាងនៅឯណានោះទេ។ អវត្តមានយ៉ាងចម្លែករបស់នាង បាននាំឱ្យមានការចុះផ្សាយជាហូរហែ ដោយបណ្តាសារព័ត៌មាននានា រួមទាំងទស្សនាវដ្តី, កាសែត និងគេហទំព័រ។
កាលនោះ មានការលើកឡើងថា អាណូ ដែលកាលនោះ ទើបអាយុ២៧ឆ្នាំ បានជាប់ជំពាក់ជំពិននឹងស្នេហាត្រីកោណជាមួយមន្ត្រីជាន់ខ្ពស់ ដែលមានភរិយារួចទៅហើយ។ គេល្បីថា ស្ត្រីជាភរិយាដើមនោះ បានធ្វើទារុណកម្មនាង ដោយកោរសក់ និងប្រើឡាមឆូតបំផ្លាញមុខ និងរាងកាយរបស់នាងសុសសាច់ ប៉ុន្តែ អាណូ បានចេញមុខបកស្រាយតាម “អង្គរធំ” បដិសេធព័ត៌មានអកុសលចំពោះរូបនាង ព្រមទាំងបង្ហាញមុខតាមទូរទស្សន៍ប៉ុស្តិ៍លេខ៣ផង តែក្រោយពីនោះមក ក៏បាត់មុខនាងឈឹងអស់ជាច្រើនឆ្នាំ។
នៅពេលវិលត្រឡប់មកសិល្បៈវិញ កាលពីខែកក្កដា ឆ្នាំ២០១៦ នេះ អាណូ បាននិយាយក្នុងបទសម្ភាសន៍ជាមួយ “អង្គរធំ” ក្នុងពេលនាងកំពុងថតរូបបង្ហាញម៉ូដជាលើកដំបូងថា នាងគ្មានស្វាមី ហើយក៏មិនបានជួបហេតុការណ៍អាក្រក់ដូចការចុះផ្សាយនាពេលកន្លងមកដែរ។ នាងថា ការបាត់មុខរបស់នាង ដោយសារតែនាងទៅរស់នៅអាមេរិក។ ទោះយ៉ាងណា ក្រោយការចេញមុខរបស់អាណូ ស្រាប់តែមានគេទម្លាយព័ត៌មានថា អាណូ បានសម្ងំរស់នៅខេត្តកំពង់ធំ ជាមួយសាច់ញាតិរបស់នាង និងបានមកនៅភ្នំពេញ បន្ទាប់ពីបែកពីស្វាមី កាលពីជាងមួយឆ្នាំមុន។
“អង្គរធំ” បានព្យាយាមទាក់ទងសុំយោបល់របស់អាណូ ដើម្បីឆ្លើយតបនឹងព័ត៌មានដែលទើបបែកធ្លាយខាងលើ ប៉ុន្តែ មិនបានសម្រេចទេ កាលពីចុងសប្តាហ៍មុន។ កាលជួបផ្ទាល់ជាមួយអាណូ នាខែកក្កដា ឆ្នាំ២០១៦ តារាស្រីរូបនេះ បដិសេធមិនផ្តល់លេខទូរស័ព្ទ ដោយប្រាប់ថា នាងមិនប្រើទូរស័ព្ទទេ។ ការព្យាយាមទាក់ទងទៅនាងតាមទំព័រ Facebook មិនទទួលបានការឆ្លើយតបឡើយ។
អ្នកសិល្បៈមួយចំនួន ដែលបានរួមការងារជាមួយអាណូ នាពេលចុងក្រោយនេះ សង្កេតឃើញថា តារាស្រីម្នាក់នេះ មិនសូវស្រស់ស្រាយ។ ភាគច្រើន នាងមានទឹកមុខក្រៀមស្រពោន ហើយគេមិនហ៊ានសួរដេញដោល ហើយបានត្រឹមសង្ស័យថា ជីវិតឯកជនរបស់នាងអាចមានបញ្ហា។
យ៉ាងណាក៏ដោយ មានការកោតសរសើរដែលអាណូ នៅតែមានទីផ្សារល្អ ទោះបីដកខ្លួនពីសិល្បៈយ៉ាងយូរ និងមានវ័យជ្រេបន្តិចហើយក្តី។ មានព័ត៌មានថា នាងរវល់ថតកម្មវិធីតាមស្ថានីយទូរទស្សន៍ និងថតម៉ូដសម្លៀកបំពាក់ រកពេលសម្រាកគ្មាន ហើយនាងកំពុងចរចាធ្វើជាពិធីការិនីឱ្យស្ថានីយទូរទស្សន៍ឈានមុខគេមួយ។ អ្នកគ្រប់គ្រងកម្មវិធី ជាច្រើនសរសើរអាណូ ដែលនៅតែមានសម្រស់ស្រស់ស្អាត សាច់ម៉ដ្ឋរលោង មិនដូចអ្នករងគ្រោះដោយសារផ្លែឡាមទេ។
“អង្គរធំ” សង្ឃឹមថា នឹងបានជួបអាណូ នាពេល ឆាប់ៗខាងមុខ ដើម្បីសុំយោបល់អំពីព័ត៌មានខាង លើ…៕ ស្រីម៉ៅ