ខេត្តកំពង់ធំ ៖ ជនកំណាចឃោរឃៅម្នាក់ ឃើញបុរសម្នាក់វាយឆ្កែរបស់ខ្លួន ក៏ស្រាប់តែផ្ទុះកំហឹងទាញកាំបិតបន្ទោះស្ទុះទៅចាក់ប្រហារ បណ្តាលឱ្យរងរបួសសុសពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ នៅចំណុចប្រឡាយ ដាច់ ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំទីពោរ ស្រុកសន្ទុក។
ជនដៃដល់ មានឈ្មោះភីន ធុយ អាយុ៣២ឆ្នាំ មុខរបរកម្មករដើរស្ទួចផ្ទះ មានលំនៅភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក។ ចំណែកជនរងគ្រោះ មានឈ្មោះផ្លោក ភាត់ អាយុ៣៥ឆ្នាំ នៅភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានវាយសត្វឆ្កែរបស់ជនដៃដល់ ស្រាប់តែភ្លាមនោះ ជនដៃដល់ក៏ផ្ទុះកំហឹងឆួលពេញទ្រូង ស្ទុះទៅទាញកាំបិតបន្ទោះ ស្ទុះចូលទៅចាក់ប្រហារជនរងគ្រោះទាំងកំរោល បណ្តាលឱ្យរងរបួស ចំនួន៣កន្លែង រួមមាន ត្រូវចំត្រង់ក្រោមឃ្លៀកឆ្វេង១កាំបិត កំភួនដៃឆ្វេងខាងក្រោយ១កាំបិត និងកែងដៃឆ្វេង១កាំបិត។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន នាំទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានឆ្លើយសារភាពថា រូបគេពិតជាបានចាក់ប្រហារជនរងគ្រោះមែន មូលហេតុដោយសារតែរូបគេ ខឹងរឿងជនរងគ្រោះ មកវាយសត្វឆ្កែរបស់គេ ទើបរូបគេទ្រាំមិនបាន ក៏ទាញកាំបិតចាក់តែម្តង។
ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសនុំរឿងតាមនីតិវិធី៕