Sunday, January 19, 2025
Homeសង្គម និងជីវិតទ្រាំលែងបានប្តីបែបៗនេះ! ប្រពន្ធរត់មកប្តឹងប៉ូលិស

ទ្រាំលែងបានប្តីបែបៗនេះ! ប្រពន្ធរត់មកប្តឹងប៉ូលិស

ភ្នំពេញ ៖ ស្ត្រីម្នាក់ រស់នៅជាមួយប្តីរាល់ថ្ងៃ ដូចរស់នៅក្នុងទ្រុងខ្លា ដេកភ័យខ្លួនមិនដឹងថា ស្លាប់ថ្ងៃណាដោយសារប៉ះប្តីជាមនុស្សប្រមឹក ញៀនថ្នាំ តែងរករឿងបង្កហិង្សាវាយដំ គំរាមសម្លាប់ប្រពន្ធកូនរាល់ថ្ងៃ លុះទ្រាំនឹងទង្វើឃោរឃៅប្តីលែង បានក៏រត់មកប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ ចាប់ប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវប្តីវាយធ្វើបាបគំរាមសម្លាប់នោះ មានឈ្មោះ ទ.យ អាយុ៤៩ឆ្នាំ។ ចំណែកជនបង្កហេតុជាប្តីមានឈ្មោះផន ឈាង អាយុ៣៨ឆ្នាំ មុខមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំ មានស្រុកកំណើតនៅភូមិបឹង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្តីប្រពន្ធខាងលើស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានយំរៀបរាប់ប្រាប់ថា គាត់ធ្លាប់មានប្តីម្តងរួចមកហើយ ដោយប្តីទី១ ជាមន្ត្រីយោធា ប៉ុន្តែអកុសល ក្រោយពីរួមរស់នឹងគ្នាបង្កើតបានកូនស្រី២នាក់ ប្តីរបស់គាត់ក៏បានពលីក្នុងកាត្វកិច្ចការងារបាត់ទៅ បន្សល់ទុកកូនស្រី២នាក់ ឱ្យគាត់ចិញ្ចឹមមើលថែតែម្នាក់ឯង។ ក្រោយមក គាត់ក៏បានមកជួបប្តីទី២ ឈ្មោះផន ឈាង នេះ ដែលមានអាយុប្អូនគាត់ជាង១០ឆ្នាំ ដោយមិនបានរៀបការធំដុំអ្វីទេ គ្រាន់តែសែនព្រេនបង្ក្រប់កិច្ច ដើម្បីកុំឱ្យមេបាសងខាងប្រកាន់ខឹងប៉ុណ្ណោះ។

ស្ត្រីរងគ្រោះបន្តថា បន្ទាប់ពីរួមរស់នឹងប្តី ទី២នេះ មកគាត់មិនដែលស្គាល់សេចក្តីសុខ សុភមង្គល ស្នាមញញឹមដូចគេទេ ដោយសារតែប៉ះចំប្តីចរិតកាចសាហាវ ដើរផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃហើយមួយរយៈចុងក្រោយនេះប្តីហេងស៊យ ស្រាប់តែក្លាយខ្លួនជាមនុស្សញៀនថ្នាំ រហូតដល់ថ្លើមធំហ៊ានហៅបក្ខពួកគូកនមកជក់ថ្នាំញៀនដល់ក្នុងផ្ទះទៀតផង លុះគាត់ហាមឃាត់ស្តីបន្ទោស ស្រាប់តែប្តីកំណាចរូបនេះ បានបង្កហិង្សាវាយដំធ្វើបាបប្រពន្ធកូន សឹងរាល់ថ្ងៃ បង្កឱ្យពួកគាត់រស់នៅក្នុងសភាពភ័យ ខ្លាច មិនដឹងថ្ងៃណាត្រូវប្តីវាយស្លាប់នោះទេ។

ស្ត្រីរងគ្រោះបានអោយដឹងទៀតថា គ្រាន់តែគាត់ប្តឹងប៉ូលិសឃាត់នាំទៅអប់រំចំនួន៣លើកមកហើយ រាប់ទាំងលើកនេះ ជាលើកទី៤ ប៉ុន្តែសកម្មភាពទង្វើរបស់ប្តី គ្មានកែប្រែចរិតបន្តិច ណាសោះ ផ្ទុយទៅវិញ កាន់តែខ្លាំងលើសដើមទៀតផង ព្រោះក្រៅតែពីប្រមូលផ្តុំបក្ខពួកមិត្ត ភក្តិចូលជក់គ្រឿងញៀនដល់ក្នុងផ្ទះហើយនៅ បានយកទាំងម៉ូតូមួយគ្រឿង ជាកម្មសិទ្ធិរបស់កូនស្រីទៅលក់បាត់ ទោះជាប្រពន្ធកូនហាម កុំឱ្យលក់យ៉ាងណា ក៏នៅតែលួចយកទៅលក់បាត់នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ លុះបានលុយយកមកទិញថ្នាំញៀនជក់ធ្វើព្រងើយ។

តាមសម្តីកូនស្រីឈ្មោះ ឆ.ណ.រ អាយុ ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បានរៀបរាប់ ប្រាប់ថា នាងរស់នៅសព្វថ្ងៃ ជ្រកកោនផ្ទះ ញាតិក្បែរខាង ដោយសារឪពុកបង្កហិង្សាក្នុងគ្រួសារ ប្រដាប់ដោយកាំបិត ពូថៅ ត្រៀមទុក គំរាមវាយដំប្រពន្ធកូនសឹងរាល់ថ្ងៃយ៉ាងនេះ រហូតដល់ហ៊ានលួចយកម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីលែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ មិនចាំអក្សរពីមុខ ចាំតែលេខ ៤០៨២ ស៊េរី ២០១៨ មួយគ្រឿង យកទៅលក់បាត់ ដែលជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់នាងជាកូនដើម។ រាល់ទង្វើរបស់ឪពុកចុងបែបនេះ នាងមិនគោរពឡើយ សូមឱ្យច្បាប់ចាត់វិធានការទៅចុះ កាលបើរស់នៅក្នុងគ្រួសារ មិនដែលស្គាល់សោះ សេចក្តីសុខ ធ្វើឱ្យប្រពន្ធកូនភ័យខ្លាចរត់ វិនាសព្រាត់ប្រាស់ដោយសកម្មភាពដៃដល់គ្រឿងញៀន របស់ឪពុក ហើយនាងសុំប្តឹងពាក់ព័ន្ធទៅនឹង ឪពុកចុងលួចយកម៉ូតូរបស់នាងទៅលក់យក លុយជក់ថ្នាំញៀនស៊ីចាយ។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ បានចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួនបុរសជាប្តីកំណាចខាងលើភ្លាមៗ ជាក់ស្តែង ដកហូតបានសម្ភារៈ កាំបិត ពូថៅ ឧបករណ៍ជក់ថ្នាំញៀនមួយចំនួនធំ រួចនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តទៅតាមនីតិវិធី៕

RELATED ARTICLES