ខេត្តស្វាយរៀង ៖ យុវជនជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យាម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១ៈ៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ពីបទឆបោកតាមប្រព័ន្ធសង្គមហ្វេសប៊ុក។
ជនសង្ស័យដែលត្រូវសមត្ថកិចចាប់ឃាត់ខ្លួននោះ មានឈ្មោះរុន ណាលិ អាយុ២៥ឆ្នាំ មុខរបរជានិសិត្សឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា មានលំនៅភូមិដូនស ឃុំច្រេស ស្រុកចន្ទ្រា។
លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឱ្យដឹងថា ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងរាជធានីភ្នំពេញ សហការជាកម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង និងបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ចុះដឹកនាំកម្លាំងដោយរូបលោកផ្ទាល់ ដែលទទួលផែន យុត្តិធម៌ បង្ក្រាបនិងឃាត់ខ្លួនបានយុវជនម្នាក់ ឆបោកតាមប្រព័ន្ធហ្វេសប៊ុក និងដកលុយតាមវីង នៅចំណុចកើតហេតុខាងលើ។
ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ រុន ណាលិ អាយុ២៥ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានមកដកលុយដែលបានមកពីការឆបោកតាមហ្វេសប៊ុកប្រាកដមែន ពោលគឺរូបគេបានហែកចូលអាខោនហ្វេសប៊ុកអ្នកដទៃ ដើម្បីធ្វើសកម្មភាពឆបោកឱ្យជនរងគ្រោះផ្ញើលុយឱ្យខ្លួន។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ទូរស័ព្ទ១គ្រឿង ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន រួមនិងវត្ថុតាងយកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿង បញ្ជួនបន្តទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ស្រី វុត្ថា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយ សមត្ថកិច្ច និងរាយការណ៍ឱ្យសមត្ថកិច្ចរាល់សកម្មភាពកើតមានឡើងក្នុងមូលរដ្ឋាន។ ហើយ សូមឱ្យបងប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការឆបោករបស់ជនខិលខូច តាមរយៈរូបភាពផ្សេងៗជាច្រើនជាក់ស្តែង ដូចថ្ងៃនេះជាដើម៕