ភ្នំពេញ ៖ សិល្បការិនីអាលីយ៉ា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអាជីពមួយនេះ ដោយមានមិត្តអ្នកស្តាប់ និងទស្សនិកជនជាច្រើន ជាពិសេសយុវវ័យនោះ បានធ្លាក់ខ្លួនឈឺធ្ងន់ អស់សង្ឃឹមក្នុងជីវិត បាត់អស់ស្នាមញញឹម និងភាពរីករាយ ក្រោយពេលដែលមុននេះ នាងសុខចិត្តថតស្រាត ស្វែងរកយុត្តិធម៌។
គ្មានអ្នកណានឹកស្មានដល់ទាល់តែសោះ ដែលតារាស្រីម្នាក់ធ្លាប់តែបង្ហាញរាងកាយ ល្វតល្វន់កាច់រាងបញ្ចោញសាច់លើក្រោមដ៏ សិចស៊ី បែរជាធ្លាក់ខ្លួនសម្រាកនៅមន្ទីរពេទ្យ តែម្នាក់ឯងគ្មានឃើញមនុស្សជិតដិតនៅក្បែរ។ នាងសម្រាកពេទ្យច្រើនថ្ងៃគ្មានលុយកាក់ចំណាយ ១ថ្ងៃៗកាន់តែខើចឡើង សូម្បីចំណីបាយសម្ល ១ចានត្រឹម៣ពាន់រៀល ក៏គ្មានលទ្ឋភាពទិញ ពិតជាអាណិតណាស់។
ធ្លាប់សោយសុខ និងស្នាមញញឹមមាន ងារជាតារាឡូយឆាយ ឌីជេល្បីឈ្មោះ ពេលនេះកញ្ញាកែវ អាលីយ៉ា តារាធ្លាប់គ្រងតំណែង សិចស៊ីកំពុងធ្លាក់ខ្លួនឈឺសាច់ឈាមធ្លាក់ចុះស្គម បណ្តើរៗតែសាច់ញាតិគ្មានអ្នកណាទៅមើលថែ។ ពិតជាខ្លោចចិត្តបំផុត សូម្បីតែបន្ទប់សម្រាក គឺនៅរួមគ្នាសម្រាប់តែអ្នកជំងឺអត់ៗក្រីក្រ។
តាមប្រភពអ្នកជិតដិតម្នាក់ ដែលបានទៅដល់មន្ទីរពេទ្យកាល់ម៉ែត ទៅសួរសុខទុក្ខ ហើយសង្វែកពេលនាងធ្លាក់ខ្លួនហើយដេកនៅ នៅនឹងគ្រែម្នាក់ឯងគ្មានបងប្អូនសាច់ញាតិនៅជិតដូចអ្នកជំងឺផ្សេង។ អាលីយ៉ាបានស្រក់ទឹកភ្នែកឃើញមានអ្នកជិតដិតម្នាក់គត់ បានមកសួរសុខទុក្ខនាង។ តារាធ្លាប់ចែងចាំងរូបនេះ សូម្បីតែឃ្លានម្ជូរបាញ់សុងក៍គ្មានលទ្ឋភាពទិញ។ នាងគ្មានសល់អ្វីសូម្បីតែឆ្នាំងសាកទូរស័ព្ទសំលៀកបំពាក់ក៍គ្មានបានអ្នកជិតដិតនោះទិញអាវជជុះ២និងថ្មរទូរស័ព្ទអោយវិញ។
ព្រះតេជគុណកក្កដា សុភ័ណ្ឌ ដែលនិមន្តយកថវិកាទៅជួនសិល្បការិនីអាលីយ៉ា ផ្ទាល់ បានបញ្ជាក់សរសេរក្នុងហ្វេសប៊ុករបស់ព្រះអង្គ អមជាមួយនឹងរូបភាពអាលីយ៉ាង កំពុងដេកព្យាបាលជំងឺថា ពុទ្ធោអើយ ពេលអាត្មាបានជួបបងស្រី DJ អាលីយ៉ា ភ្លាម ខ្ញុំស្ទើតែមិនជឿថា បងស្រីអាលីយ៉ា ព្រោះបងស្រីពិតជាស្គមស្លេកស្លាំងខ្លាំងណាស់ នេះជាដំណាក់កាលចុងក្រោយរបស់បងស្រីហើយ តែក៏សូមអរគុណលោកគ្រូអ្នកគ្រូវេជ្ជបណ្ឌិតនៅមន្ទីពេទ្យកាល់ម៉ែត្រ ដែលជួយព្យាបាលបងស្រី DJ អាលីយ៉ា មិនយកថវិកា ខ្ញុំមិនមានអីច្រើនទេ មានតែទឹកចិត្តនិងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចជូនដល់បងស្រី ដើម្បីសម្រាប់ព្យាបាលជំងឺបន្តរទៀត ។ សូមមេត្តាជួយ Share ម្នាក់មួយផងបានទេបងប្អូន ដើម្បីជួយដល់បងស្រីសិល្បការនី DJ អាលីយ៉ា ពេលនេះកំពុងនៅសង្រ្គោះបន្ទា់ន់ ដោយសារជំងឺធ្ងន់ធ្ងរ នៅមន្ទីពេទ្យកាល់ម៉ែត្រ អាត្មាពិតជាគួរឱ្យអាណិតបងស្រីណាស់ហើយខ្ញុំមានតែទឹកចិត្តនិងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចជូនដល់បងស្រី ដើម្បីព្យាបាលបន្ត ។
ព្រះតេជគុណ បានសរសេរនៅក្នុងហ្វេសប៊ុករបស់ព្រះអង្គទៀតថា តើមានមនុស្យប៉ុន្មានអ្នកទៅដែលយល់អារម្មណ៍របស់បងស្រី DJ អាលីយ៉ា ពេលនេះថាកំពុងពិបាកយ៉ាងណានោះ ? “ខ្ញុំសុំមានយោបលបន្តិច សិល្បៈស្រុកយើងខុសឆ្ងាយពីស្រុកគេឆ្ងាយណាស់ ដោយសារតែ :
១-រកម្នាក់ឯងចិញ្ចឹមទាំងគ្រួសារ
២-ភាគច្រើនជាកូនអ្នកក្រីក្រទាំងអស់
៣-រកមួយថ្ងៃចាយ១ថ្ងៃ
៤-ពិបាករកការងាផ្សេងខ្លាចគេថា
៥-យើងអ្នកសិល្បៈ មិនមានលុយសំរាប់ចូលនិវត្ត៍
៦-មិនសូវគិតពីធានារាប់ បើមានយើងអាចសន្សំនឹងធានាពេលយើងឈឺរឺ អស់ពេលរកលុយ “បើខ្ញុំព្រះករុណាអាត្មាភាពនិយាយទៅខុសក៏សូមទោសពីរទាំងអស់គ្នាផង” ។
ព្រះតេជគុណកក្កដា សុភ័ណ្ឌ ក៏បានបញ្ជាក់ប្រាប់នគរធំ បន្ថែមនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ដែរថា ក្នុងនាមជាអ្នកសិល្បៈធ្លាប់ល្បីល្បាញកេរ្តិ៍ឈ្មោះមួយរូប សិល្បការិនីអាលីយ៉ា គួរតែទទួលបានការជួយឧបត្ថម្ភ និងការលើកទឹកចិត្តពីអ្នកសិល្បៈដូចគ្នា តែនេះគ្មានសោះ ។ ដូច្នេះព្រះអង្គសូមអំពាវនាវដល់អ្នកសិល្បៈដូចគ្នា ឬសមាគមសិល្បករខ្មែរ មេត្តាជួយឧបត្ថម្ភដល់សិល្បការិនីអភ័ព្វរូបនេះផង ព្រោះពេលនេះនាងស្ថិតនៅក្នុងបន្ទប់សង្រប្គោះន្ទាន់ ដល់ដំណាក់កាលចុងក្រោយ រង់ចាំតែសេចក្តីស្លាប់តែប៉ុណ្ណោះ ។
ព្រះតេជគុណកក្កដា សុភ័ណ្ឌ បានមានថេរដីកាថា ពរ! ចំពោះឈ្មោះជំងឺអីពិតបាក្រដរបស់បងស្រីអាលីយ៉ា នេះ ពេទ្យអត់ឱ្យប្រាប់ទេ គ្រាន់តែឱ្យបញ្ចោញថា ធ្ងន់ធ្ងរអ៊ីចឹងទៅ ។ ជាជំហានដំបូង ពេលអាត្មានិមន្តទៅមើលគាត់ផ្ទាល់នោះ អាត្មាបានជួយថវិកាផ្ទាល់ខ្លួន ចំនួន១០ម៉ឺនរៀល ដល់គាត់ ដើម្បីឱ្យគាត់ទិញរបស់ហូបចុក ព្រោះគាត់ព្យាបាលអត់អស់លុយទេ ប៉ុន្តែគាត់អស់លុយថ្លៃហូបចុក ។ ស្ថានភាពរបស់គាត់ធ្ងន់ធ្ងរ គឺដំណាក់កាលចុងក្រោយហើយ គឺពិបាកខ្លាំងតែម្តង ព្រោះនិយាយអីអត់កើតទេ ងើបអត់រួចទេ ។ ចំពោះស្តានភាពគ្រួសាររបស់គាត់ក្រីក្រ ខ្វះខាតខ្លាំងមែនទែន ហើយពេលអាត្មាទៅហ្នឹង អត់មានអ្នកណាមើលថែគាត់ទេ មានតែគាត់ម្នាក់ឯង ។ ក្នុងចំណុចនេះ អាត្មាចង់បញ្ជាក់ថា សិល្បៈខ្មែរយើងអត់ដូចនៅស្រុកគេទេ ព្រោះនៅស្រុកគេៗអាចមានប្រាក់និវត្ត ប្រាក់រឺត្រែតអីអ៊ីចឹង ហើយស្រុកខ្មែរយើង គឺអត់មានទេ។ ដូច្នេះអាត្មាចង់ សំណូមពរឱ្យសិល្បករ សិល្បការិនីយើង ដែលពីមុន ឬក៏ឥឡូវដែលទើបនឹងប្រឡូកថ្មី ដែលស្គាល់គាត់ពីមុនៗហ្នឹងចង់ឱ្យជួយបរិច្ចាគម្នាក់បន្តិចៗតាមសទ្ធា ព្រោះគាត់ឥឡូវនេះអត់លុយខ្លាំងមែនទែន ។ គាត់ហូបអត់សូវបានទេ ព្រោះឃើញគាត់ដកដង្ហើមញាប់ៗចុងក្រោយ ដែលមិនអាចនិយាយអីកើតទេ ។ ពេលបានឃើញទិដ្ឋភាពនេះអាត្មាមានចិត្តតក់ស្លុតអាណិតខ្លាំងណាស់ ព្រោះអាត្មាកាលនៅពីក្មេងៗធ្លាប់ឃើញគាត់តាមទូរទស្សន់៍ ឮតាមវិទ្យុដែរ តែពេលដែលមកឃើញផ្ទាល់អ៊ីចឹងគិតថា មិនគូរណាគាត់មកដល់ថ្នាក់ហ្នឹង ។ ដូច្នេះជាថ្មី ម្តងទៀត អាត្មាចង់អំពាវនាវឱ្យសិល្បករ សិល្បការិនីយើងទាំងជើងចាស់ ទាំងជើងថ្មីក៏ដោយ ទើបប្រឡូកក៏ដោយហ្នឹងសូមឱ្យជួយដល់គាត់ផង ព្រោះត្រូវការលុយដើម្បីទិញអាហារហូបចុក និងណាមួយ គ្រួសារគាត់ក៏ អត់មានទៀត ខ្វះខាត”។
ទោះបីយ៉ាងណា មានសិល្បករម្នាក់ដែរ គឺលោកអ៊ឹម ជីវា បានទៅមើលសិល្បការិនីអាលីយ៉ា ដល់បន្ទប់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត ហើយលោកបានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ថា យប់នេះមកមើលសិល្បៈការនី DJ អាលីយ៉ាសង្រ្គោះបន្ទាន់ ដោយសារជំងឺសួតធ្ងន់ធ្ងរ នៅមន្ទីពេទ្យកាល់ម៉ែត្រ ។ ពុទ្ធោអើយ! ពេលជួបនាងភ្លាម ខ្ញុំស្ទើតែមិនជឿថា អាលីយ៉ា ព្រោះនាងពិតជាស្គមស្លេកស្លាំងខ្លាំងណាស់ សូម្បីតែសាច់ញាតិក៏គ្មានអ្នកណាមកមើលនាងដែរ ។ ទោះបីខ្ញុំកំពុងតែមានទុក្ខធំ ក៏ខ្ញុំឆ្លៀតមកមើលដែរ ព្រោះក្នងនាមសិល្បករដូចគ្នា ត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសប្រហែលជាដំណាក់កាលចុងក្រោយរបស់នាងហើយ តែក៏សូមអរគុណលោកគ្រូអ្នកគ្រូ វេជ្ជបណ្ឌិតនៅមន្ទីពេទ្យកាល់ម៉ែត្រ ដែលជួយព្យាបាល DJ អាលីយ៉ាមិនយកថវិកា ។ ខ្ញុំមានតែទឹកចិត្តនិងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចជូនដល់នាង ដើម្បីព្យាបាលបន្តធ្វើម៉េចទេ អ្នកធម្យមជួយអ្នកអត់ អ្នកអត់ជួយអ្នកឈឺចឹងទៅសិល្បៈនៃការចែករំលែកនោះ ។
នៅក្នុងគណនីឈ្មោះ និត និតា សម័យតេជោ ក៏បានសរសេរដែរថា អាពេលថតស្រាតពង្វក់ប្រុសសប្បាយណាស់ ពេលខ្ញុំសុំសំណូមពរដល់ប្រុសៗដែលបានមើលរូបសិចស៊ីរបស់នាង អញ្ជើញមកជួយផ្តល់ថវិការខ្លះៗមក ។
គួររំលឹកថា មុននេះ ដូចការសន្យា តារាសម្តែងនិងពិធីការិនី អាលីយ៉ា បានបញ្ចោញរូថតស្រាតរបស់នាងហើយ ក្រោយពីមិនទាន់ទទួលបានពន្លឺយុត្តិធម៌ ក្រោយពីនាងរងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់ អស់រយៈពេលជាង២ឆ្នាំមកហើយ។ ក្រោយការព្រមានដោះសម្លៀកបំពាក់ចេញពីខ្លួនដើម្បីទាមទាររកយុត្តិធម៌នោះ ពេលនោះ អាលីយ៉ា បានបញ្ចេញរូបថតចំហររូបរាងកាយរបស់នាង ដែលរូបថតនេះត្រូវបាននាងបង្ហោះនៅលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួននាង។
អស់រយៈពេលជាង២ឆ្នាំនេះ អាលីយ៉ា បានទន្ទឹងរង់ចាំយុត្តិធម៌ ប៉ុន្តែដោយសារតែគ្មានលុយ ទើបយុត្តិធម៌មិនបានកើតមានឡើងសម្រាប់នាង។ តារាស្រីរូបនេះធ្លាប់រំលឹកថា កាលពីជាង២ឆ្នាំមុន នាងត្រូវបានបុរសម្នាក់ជាជនជាតិខ្មែរ សញ្ជាតិអាមេរិកកាំងម្នាក់ បានវាយធ្វើបាប ហើយនាងបានព្យាយាមស្វែងរកផ្លូវច្បាប់ ដើម្បីជួយដោះស្រាយ ប៉ុន្តែមិនទទួលបានលទ្ធផល ព្រោះតែនាងមិនមានលុយគ្រប់គ្រាន់ឱ្យទៅមន្ត្រី ដែលធ្វើការងារនេះ។ នាងធ្លាប់ពោលទាំងទឹកភ្នែកថា នាងរស់នៅក្នុងទុក្ខវេទនានេះ រយៈពេលជាងពីរឆ្នាំហើយ ដែលមានទាំងការឈឺចាប់ រោគផ្លូវចិត្ត ការសង្ស័យ ទាំងការខ្វះខាតចំណីអាហារ ។ នាងបន្តនៅពេលនោះថា ក្រៅពីរងអំពើហិង្សា បានធ្វើឱ្យនាងបាត់បង់មុខរបរ គ្រាដែលអ្នកបង្កមានសេរីភាព និងមានឱកាសបានឌឺដងផ្លែផ្កាឱ្យនាងផងដែរ។
អាលីយ៉ា ធ្លាប់បញ្ជាក់ថា កន្លងមានការមិនទម្លាយរឿងរ៉ាវឈឺចាប់នេះ ព្រោះតែនាងមិនចង់ឱ្យក្រុមគ្រួសារលំបាកដោយសារនាង ព្រោះតែនាងជ្រើសរើសមនុស្សប្រុសម្នាក់ ដោយខ្លួនឯង។ ប៉ុន្តែអ្វីដែលនាងចង់បាន គឺចង់ឱ្យបញ្ចប់ការមាក់ងាយច្បាប់នៅកម្ពុជា ពីសំណាក់បុរសម្នាក់នោះ ហើយអ្វីដែលនាងកាន់តែពិបាក ទទួលយកបាន គ្រាដែលរងហិង្សា បាត់បង់ទ្រព្យសម្បត្តិពីខ្លួនអស់រលីង ហើយបែជាត្រូវរងការគាបសង្កត់ទាមទារលុយ ដើម្បីបន្តនិតិវិធីប្តឹង។
តារាស្រីរូបនេះធ្លាប់បានលើកឡើងដែរថា នាងបានប្តឹងទៅកាន់មន្ត្រីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា រួចរាល់ហើយ ប៉ុន្តែអ្វីដែលនៅរងចាំអស់រយៈពេលជាយូរ គឺការមិនជំរុញឱ្យដំណើរនិតិវិធីរបស់មន្ត្រីក្នុងស្រុក ព្រោះតែនាងមិនមានលុយគ្រប់គ្រាន់។
នាងធ្លាប់បានពោលថា បើអត់មានយុត្តិធម៌ឱ្យយើង គឺក្រឡើងអស់ខោអាវហើយ ឬមួយទៀត ស្រាតដើរទៅរកយុត្តិធម៌តែម្តងទៅ ក្រែងគេចាប់អារម្មណ៍ ព្រោះក្រអត់អីអោយគេ… ការរង់ចាំការដោះស្រាយនោះគឺស្ទើនឹងស្លាប់ខ្លួនឯងទៅហើយ រាងកាយត្រូវគេវាយដំ ហាងត្រូវគេរំលោភយកការងារសិល្បៈត្រូវបាត់បង់ សុខភាពមិនរឹងមាំ… ៕