ភ្នំពេញ ៖ ប្តីកំណាចម្នាក់ ឱ្យតែផឹកស្រវឹងតែងអុកឡុកពេញផ្ទះ បង្ករឿងឈ្លោះប្រកែក វាយដំធ្វើបាបប្រពន្ធកូនមិនដែលខាន តែប្រពន្ធមិនដែលហ៊ានតបតអ្វីឡើយ ព្រោះខ្លាចប្តីកំណាចសម្លាប់ចោល ទើបធ្វើឱ្យប្តីបានចិត្ត ក្រោយពីផឹកស្រវឹងធ្លាក់ភ្នែកក៏បោកបំផ្លាញទ្រព្យសម្បត្តិក្នុង ផ្ទះខ្ទេចអស់ រួចចេញទៅឈ្លោះប្រកែកជាមួយអ្នកជិតខាង លុះក្តៅចិត្តធ្វើអ្វីគេមិនបាន ក៏មកបញ្ចោញកំហឹងដាក់ប្រពន្ធកូន ដោយបត់ខ្សែភ្លើងយកមកវាយប្រពន្ធរហូតដល់សន្លប់ ព្រមទាំងវាយកូន៣នាក់បណ្តាលឱ្យបែកឈាមពេញខ្លួនថែមទៀត ទីបំផុត ប្រពន្ធទ្រាំលែងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ប្តីកំណាចយកមកចាត់ការតាមច្បាប់។
ករណីប្តីប្រមឹកបត់ខ្សែភ្លើងវាយប្រពន្ធកូនយ៉ាងឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្តីចិត្តកំណាចឃោរឃៅ ដែលវាយប្រពន្ធកូនឱ្យរងរបួសធ្ងន់ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហូ ចែមផូ អាយុ២៦ឆ្នាំ មុខរបរកម្មករលើកគ្រឿងសំណង់ មានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះស.ស.ភ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិឡាំងកូ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ក្រុមគ្រួសារខាងលើនេះ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តីកំណាចរូបនេះ បានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាង៨ឆ្នាំមកហើយ ដោយបានរៀបការនឹងគ្នាត្រឹមត្រូវ។ រហូតមកដល់សព្វថ្ងៃ ប្តីប្រពន្ធនាងរួមរស់បង្កើតបានកូន៣នាក់ (ប្រុស១ ស្រី២) ជាចំណងនិស្ស័យ ដោយក្នុងនោះ កូនស្រីច្បងអាយុ៨ឆ្នាំ កូនប្រុសទី២អាយុ៤ឆ្នាំ ចំណែកកូនស្រីពៅ អាយុ៣ឆ្នាំ។
ស្ត្រីរងគ្រោះបន្តថា រយៈពេល៨ឆ្នាំដែលនាងរួមរស់នឹងប្តីនេះមក ឃើញថា ជួបរឿងទុក្ខសោកច្រើនជាងរីករាយ ទឹកភ្នែកសឹងរាល់ថ្ងៃ ទទួលរងអំពើហិង្សាវាយដំគ្មានត្រាប្រណី ព្រោះតែប្តីគឺជាមនុស្សប្រមឹកផឹកស៊ីស្រវឹង តែងបង្កជំលោះរករឿងវាយតប់ប្រពន្ធកូនបែកឈាម ទើបដេកលក់។ មិនតែប៉ុណ្ណោះ កន្លងមក ប្តីកំណាចរូបនេះ ធ្លាប់វាយដំធ្វើបាបនាងបណ្តាលឱ្យរងរបួសធ្ងន់ចំនួន៣ដងមកហើយ ប៉ុន្តែនាងចេះតែទ្រាំ មិនដែលហ៊ានប្តឹងផ្តល់អ្វីឡើយ ទី១ខ្លាចប្តីសម្លាប់ចោល ទី២ចង់ទុកពេលឱ្យប្តីកែខ្លួន តែដឹងអីប្តីកាន់តែខ្លាំងដៃ បន្តវាយដំរហូតដល់លើកទី៤នេះ មានសភាពធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ ទើបនាងទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងប្តីកំណាចរូបនេះតែម្តង។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ទើបនឹងត្រឡប់មកពីផឹកស៊ីនៅផ្ទះមិត្តភក្តិ ស្រាប់តែពេលមកដល់ផ្ទះ ក៏ចេញទៅផឹកស៊ីជាមួយអ្នកជិតខាងម្តងទៀត ធ្វើឱ្យកាន់តែស្រវឹងខ្លាំង លុះមកដល់ផ្ទះវិញ ក៏បង្ករឿងវាយឆ្នាំង វាយចានបែកខ្ទេចខ្ទីអស់ ប៉ុន្តែយ៉ាងណាក្តី ទោះជាខឹងប្តីប៉ុណ្ណា ក៏នាងហ៊ានស្តីបន្ទោសអ្វីទេ មានតែអង្វរឱ្យប្តីចូលដេក លុះប្តីចូលដេកបានបន្តិច ក៏ក្រោកដើរចេញទៅក្រៅផ្ទះ រករឿងឈ្លោះជាមួយអ្នកជិតខាងរួចហើយដោយខឹងគេ តែធ្វើអ្វីគេមិនបាន ក៏បែរជាមកជះកំហឹងដាក់ប្រពន្ធកូន ដោយយកខ្សែភ្លើងមកបត់ ជាច្រើនកំណាត់ រួចយកមកវាយនាងជាប្រពន្ធដែលកំពុងដេក បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរសន្លប់នៅក្នុងបន្ទប់ជួល បន្ទាប់មកប្តីកំណាចមិនទាន់ រំសាយកំហឹងអស់ ក៏ទៅវាយកូនប្រុសអាយុ៤ឆ្នាំ បណ្តាលឱ្យបែកក្បាលហូរស្រោចពេញខ្លួនទៀត ចំណែកកូនស្រី២នាក់ទៀត ក៏ត្រូវឪកំណាចវាយ ឱ្យបែកឈាមរងរបួសដូចគ្នាដែរ។
ក្រោយកើតហេតុ នៅពេលក្រោកពីសន្លប់មកវិញ ដោយទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់ប្តីតទៅទៀតលែងបាន នាងក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនប្តីកំណាចយកមកចាត់ការតាមច្បាប់តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួចហើយ សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជាប្តី នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕