ខេត្តតាកែវ ៖ ជនល្មោភកាមម្នាក់ មានប្រពន្ធរួចទៅហើយ បែរជាបែកគំនិតចាប់រំលោភសេពសន្ថវៈប្អូនស្រីបង្កើតរបស់ប្រពន្ធ (ប្អូនថ្លៃ) ដែលស្ថិតក្នុងវ័យជាអនីតិជននៅឡើយ លុះរឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយក្មេក ក៏ត្រូវម្តាយក្មេកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកកូនប្រសាល្មោភកាមយកមកចាត់ការតាមច្បាប់។
ករណីបងថ្លៃប្រុសចាប់រំលោភសេពសន្ថវៈប្អូនថ្លៃស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចចម្ការល្មុតមួយកន្លែង ស្ថិតក្នុងភូមិព្រែកបិ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល។ លុះស្ត្រីជាម្តាយក្មេកដឹងរឿង ដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យបាន នៅវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស។
ជនសង្ស័យដែលចាប់រំលោភសេពសន្ថវៈ ប្អូនថ្លៃស្រីរបស់ខ្លួន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះទឹម ទីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅភូមិពាម ឃុំ កំពង់រាប ស្រុកព្រៃកប្បាស។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ល.ស.ត ជាអនីតិជន ស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងសមត្ថកិច្ចថា ជនសង្ស័យ ឈ្មោះទឹម ទីណា ត្រូវជាកូនប្រសារបស់គាត់ បានចាប់រំលោភសេពសន្ថវៈកូនស្រីបង្កើតរបស់គាត់ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចម្ការល្មុត ក្នុងភូមិព្រែកបិ ឃុំ កោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈប្អូនថ្លៃស្រីរហូតដល់បានសម្រេច នៅក្នុងចម្ការល្មុតឯខេត្តកណ្តាល ប្រាកដមែន។