ខេត្តកំពង់ឆ្នាំង ៖ គូស្នេហ៍ខុសវ័យ ដែល បានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញ សង្គមហ្វេសប៊ុក ដោយសារតែកូនកំលោះត្រូវ គេមើលឃើញថា មានវ័យចំណាស់ សក់ស្កូវ សព្រោង តែមានភ័ព្វវាសនាស្ទូចយកបេះដូង នារីវ័យក្មេងរូបស្រស់រហូតឈានដល់ការភ្ជាប់ពាក្យ កាលពីពេលកន្លងទៅ ពេលនេះបានដឹកដៃគ្នាចូលរោងការក្រាបសំពះផ្ទឹមទទួលយកគ្នាជាគូអនាគតមែនទែនហើយ។
គូស្វាមីភរិយាថ្មោងថ្មីខាងលើនេះ ភាគីកូនកំលោះ មានឈ្មោះសួស សុខៈ អាយុជាង៥០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឱ្យអង្គការ មួយ។ ចំណែកភាគីកូនក្រមុំ មានឈ្មោះណេង ចន្ធី អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ គូស្នេហ៍ខាងលើនេះ បានភ្ជាប់ពាក្យ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ និង ទើបដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។
គួររំលឹកថា ក្រោយពីរូបថតភ្ជាប់ពាក្យរវាងគូស្នេហ៍ខាងលើ ត្រូវបានបង្ហោះចែកចាយ ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីអំឡុងដើមខែមេសា ឆ្នាំ២០១៨មក បានធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នាថា កូនក្រមុំមានវ័យក្មេង សាច់សខ្ចី រូបក៏ស្រស់ បែរជាទៅបាក់ចិត្តលង់ស្នេហ៍លើបុរសវ័យចំណាស់សក់សព្រោងទៅវិញ។ មិនតែប៉ុណ្ណោះ អ្នកលេងហ្វេសប៊ុក រួមនិងផេកហ្វេសប៊ុកមួយចំនួន បាននាំគ្នាវាយប្រហាររិះគន់ទៅលើគូស្នេហ៍ទាំងពីរថា ជាចំណងស្នេហ៍ខុសវ័យ ដែលផ្តើមចេញពីទឹកប្រាក់ខ្លះថា អំណាចទឹកប្រាក់សម្លាប់ទឹកចិត្តស្មោះ បុរសអស់ទៅហើយ រីឯខ្លះទៀត ហ៊ានទាំងប្រៀបធៀបថា គោចាស់ប៉ះស្មៅខ្ចីទៀតផង។
ទោះយ៉ាងណា ទីបំផុត គូស្នេហ៍ខាងលើ បានដឹកដៃគ្នាចូលរោងការដូចការគ្រោងទុករួចរាល់ហើយ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមដឹងឮពីចាស់ទុំទាំងសងខាង សាច់ញាតិ និងមិត្តភក្តិយ៉ាងច្រើនកុះករទៀតផង។
ជាមួយនេះ សាមីខ្លួនកូនកំលោះ ដែល មានគណនីហ្វេសប៊ុកឈ្មោះ Jame Sokkhak ក៏បានបង្ហោះសារមួយផងដែរថា “អរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់យើងខ្ញុំទាំងពីរនាក់ អរគុណច្រើន ការចូលរួមរបស់លោកអ្នកជាកិត្តិយសរបស់យើងខ្ញុំទាំងពីរ…”។
ចំណែកសាមីខ្លួនកូនក្រមុំ ដែលមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Chanthy Chamming បានបង្ហោះសារមួយថា “ក្នុងមួយជីវិតរបស់មនុស្សស្រី មានតែមួយលើកប៉ុណ្ណោះ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីបង្កើតជីវិតសាមញ្ញ តែរក្សានាងដូចជាព្រះនាង ក្នុងបេះដូងរបស់គាត់…”។
ទាក់ទងទៅនឹងចំណងស្នេហ៍ខាងលើនេះ គេឃើញអ្នកលេងហ្វេសប៊ុកជាច្រើន ក្នុងនោះមានមិត្តភក្តិអ្នកដែលស្គាល់ភាគីស្ត្រីជាកូនក្រមុំ បានជួយឈឺឆ្អាលចេញមុខតតាំង ឆ្លើយតបចំពោះអ្នករិះគន់ទាំងឡាយដែលពោរពេញទៅ ដោយគំនិតអវិជ្ជមាន។
ក្នុងនោះ គណនីហ្វេសប៊ុក Keo Zamita ដែលអះអាងថា ត្រូវជាក្មួយស្រីបង្កើតរបស់ សាមីខ្លួនកូនកំលោះ បានបង្ហោះសារមួយថា “ជុំវិញការចោទប្រកាន់ខាងស្រីស្រលាញ់លុយសុខចិត្តរៀបការជាមួយបុរសចំណាស់ម្នាក់នេះ ក្នុងនាមខ្ញុំជាក្មួយបង្កើតរបស់គាត់ ខ្ញុំសូមនិយាយថា ពួកគាត់ស្រលាញ់គ្នាដោយចិត្តនិងចិត្ត ព្រោះ ពូរបស់ខ្ញុំ មិនមែនជាអ្នកមានស្តុកស្តម្ភមកណាទេ គាត់ត្រឹមជាអ្នកបើកឡានឱ្យអង្កការប៉ុណ្ណោះ បើគាត់អ្នកមានមែនគាត់ភ្ជាប់ពាក្យនៅវីឡាធំៗហើយ មិនមែនធ្វើពិធីនៅផ្ទះតូចអ៊ីចឹងទេ បើមិនជឿទៅមើលដល់ផ្ទះទៅ នឹងដឹងហើយ សុំមេត្តាកុំមើលងាយការស្រលាញ់របស់គាត់ ទាំងពីរទៀតអី ឈប់បានឈប់ទៅ ជាចុងក្រោយ ក្មួយជូនពរពូស្រលាញ់គ្នារហូត…”។
ជាមួយនេះ គណនីហ្វេសប៊ុក Sovan Nary So បានបង្ហោះសារមួយផងដែរថា “អ្នកណា មិនយល់ ក៏តាមតែគេទៅ កុំខ្វល់អីពូមីង សំខាន់ពូ និងមីងស្រឡាញ់គ្នាចិត្ត និងចិត្តស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកសម័យនេះសម្បូរណាស់ ពពួកតែក្រូចឆ្មារ លាបពណ៌ បំប៉ោងព័ត៌មាន ដើម្បីការសប្បាយរិះគន់ពេបជ្រាយសព្វបែបយ៉ាងយើងមិនអាចហាមឃាត់គេបានតែយើង អាចបង្ហាញក្តីស្រឡាញ់ និងភាពស្មោះត្រង់ឱ្យគេឃើញនៅពេលក្រោយបានអ្វីគ្រប់យ៉ាងទុក ឱ្យពេលវេលាជាអ្នកបកស្រាយញញឹមស្រស់ ម្លឹងអ្នកណាមិនច្រណែនទុកឱ្យគេច្រណែនបន្តទៀតចុះ…”៕