ភ្នំពេញ ៖ បុរសជាមន្ត្រីសុរិយោដីជើងខ្លាំងម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ជ្រុលទៅបុកគូទរថយន្ត១គ្រឿង ដែលចតលើចិញ្ចើមផ្លូវ រួចព្យាយាមបើករត់ លុះជនរងគ្រោះប្តឹងប៉ូលិសចុះជួយអន្តរាគមន៍ ស្ទាក់ឃាត់ ស្រាប់តែដកកាំភ្លើង ភ្ជង់គំរាមមន្ត្រីនគរបាល ទីបំផុត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅសួរនាំ។
ករណីមន្ត្រីសុរិយាដីទំនើង បើករថយន្តបុកគូទរថយន្តគេហើយ នៅថ្លើមធំ ដកកាំភ្លើងគំរាមសមត្ថកិច្ចទៀតនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៦៣ ចំណុចក្បែរផ្សារទួលទំពូង ស្ថិតក្នុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ជនបង្កហេតុខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ តែមានការបង្ហើបឱ្យដឹងថា បុរសរូបនេះ គឺជាមន្ត្រីសុរិយោដី បើករថយន្តទំនើប១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9766។ ចំណែកភាគីម្ចាស់រថយន្តរងគ្រោះមានឈ្មោះ ហ៊ុន សំសែន ឧត្តម អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជាម្ចាស់រថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-1914។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ហាយឡែនឌ័រខាងលើ បើកបរដោយបុរសស្រវឹងម្នាក់ បានជ្រុលមកបុករថយន្តតូយ៉ូតាព្រូស១គ្រឿង ដែលកំពុងចតចោលស្ងៀមលើចិញ្ចើមផ្លូវលេខ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ភ្លាមនោះ បុរសជាអ្នកបើករថយន្តបង្កបានព្យាយាមបើករត់ តែត្រូវម្ចាស់រថយន្តព្រូសប្រទះឃើញទាន់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ស្ទាក់ឃាត់សួរនាំ ស្រាប់តែជនបង្កហេតុ ក៏បានទាញកាំភ្លើងខ្លីម៉ាកប៉េរ៉ឺតា១ដើម មកគំរាមសមត្ថកិច្ច បើហ៊ានចាប់ខ្លួននឹងបាញ់។
ប្រភពដដែលបន្តថា ក្រោយពីឃើញជនសង្ស័យ មានអាវុធនឹងដៃទាំងខ្លួនស្រវឹង កម្លាំងសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុ បានដកថយ និងរាយការណ៍មកកម្លាំងជំនាញ ដើម្បីចុះមកធ្វើការឃាត់ខ្លួន។ ស្រាប់តែខណៈដែលសមត្ថិច្ចជំនាញមិនទាន់មកដល់ជនបង្កដែលអាង ថាខ្លួនមានអាវុធក្នុងដៃនោះ បានបើករថយន្តគេចខ្លួន រហូតដល់ចំណុចផ្លូវ១៦៣ សង្កាត់ទួលទំពូងទី១ ក្បែរផ្សារទួលទំពូង ទើបកម្លាំងសមត្ថកិច្ច ខណ្ឌចំការមន បានដេញតាម និងយករថយន្តស្ទាក់ពីមុខ ព្រមទាំងធ្វើការឡោមព័ទ្ធ ទើបជនសង្ស័យព្រមចុះពីលើរថយន្ត ហើយក៏ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានតែម្តង និងធ្វើការដកហូតអាវុធខ្លីម៉ាកប៉េរ៉ឺតា ដែលបានបញ្ចូលគ្រាប់ក្នុងកាណុងស្រាប់ ជារបស់ជនបង្ក ដែលធ្វើការគំរាមសមត្ថកិច្ចដែលចុះទៅវាស់វែង៕