ភ្នំពេញ ៖ បុរសជាគូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដែលបានប្រកាសថានឹងដឹកដៃគ្នាចូលរោងការ នៅអំឡុងដើមខែកក្កដា ខាងមុខនេះ បានបង្ហាញនូវរូបថតត្រៀមរៀបការរបស់ខ្លួនជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលសម្លៀកបំពាក់ទាំងនោះមើលទៅមានពណ៌ស្រស់ បំព្រង ចំណែកទឹកមុខគូស្នេហ៍នេះ ក៏ពោរពេញទៅដោយស្នាមញញឹម បង្ហាញពីសុភមង្គលខាងផ្លូវចិត្តផងដែរ។
គូស្នេហ៍ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) ដែលត្រៀមដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវបានគេដឹងថា តួអង្គប្រុស (កូនកំលោះ) មានឈ្មោះប្រាក់ ផាកន ចំណែកតួអង្គស្រី (កូនក្រមុំ) មានឈ្មោះអ៊ូច ធីរ៉ូ។ គូស្នេហ៍នេះ បានកំណត់ថ្ងៃរៀបការតាមប្រពៃណី នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ដែលពិធីរៀបការនឹងប្រព្រឹត្តទៅនៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សាមីខ្លួនកូនក្រមុំ ដែលមានឈ្មោះ Daro Ouch Ouch Daro កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីឈុតសម្លៀកបំពាក់ ត្រៀមសម្រាប់ក្នុងថ្ងៃជ័យមង្គលរបស់ពួកគេទៀតផង។
ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះសារមួយផងដែរថា “សិរីសួរស្តី ថ្ងៃមង្គលការយើងខ្ញុំទាំងពីរនៅថ្ងៃទី៦ ខែ៧ ខាងមុខនេះ សូមឱ្យស្នេហាមួយនេះ ដក់ជាប់ក្នុងជីវិតលុះថ្ងៃអវសាន្ត ចាប់ពីពេលនេះតទៅ យើងក្លាយជាជីវិតតែមួយហើយ…”។
ដោយឡែក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ គូស្នេហ៍ខាងលើនេះ បានបង្ហោះនូវពាក្យសម្បថរួមគ្នាមួយថា “ខ្ញុំទាំងពីរនាក់សូមលើកដៃ សច្ចារជាមួយគ្នាថា បើពួកខ្ញុំស្រលាញ់គ្នា សូមឱ្យស្រលាញ់ដល់ចាស់ បើព្រាត់ប្រាស់សូមឱ្យព្រាត់ប្រាស់ព្រោះស្លាប់ តែបើព្រាត់ស្លាប់សូមឱ្យខ្ញុំទាំងពីរនាក់ស្លាប់ជាមួយគ្នាចុះ ដោយគ្មានលក្ខខណ្ឌ ហើយពួកយើងទាំងពីរអ្នកក៏សូមប្រាថ្នាទៅជាតិមុខថា បើកើតមក សូមឱ្យម្នាក់ ក្លាយជាស្រីម្នាក់ក្លាយជាប្រុសពេញលក្ខណៈ ហើយបានជាប្តីប្រពន្ធជាមួយគ្នាគ្រប់ៗជាតិ ពិសិទ្ធ ដារ៉ូ…”។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “សូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងនឹងមិត្តៗដែលស្គាល់រូបយើងខ្ញុំទាំងពីរនាក់ ចូលរួមក្នុងថ្ងៃមង្គលការរបស់ខ្ញុំទាំងអស់គ្នាផង នៅថ្ងៃទី៦ ត្រូវនឹងថ្ងៃសុក្រ ខែ៧ ខាងមុខនេះ នៅ គេហដ្ឋានភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដោយការគោរពពីចំងាយពីយើងខ្ញុំទាំងពីរ (សូមអរគុណ)…”៕