ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ជនសង្ស័យដែលចូលទៅភ្ជង់ប្លន់យកទូរស័ព្ទស៊េរីទំនើប ពីហាងលក់ទូរស័ព្ទដៃ យីហោ«លឹម ហាវ» នៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃម្សិលមិញនោះ បានបាញ់សម្លាប់ខ្លួនឯងហើយ នៅក្នុងបន្ទប់ទឹកផ្ទះជួល ស្ថិតនៅគីឡូទី១១ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីមន្រ្ដីអាវុធបានឲ្យដឹងថា ក្រោយពីទទួលភិនភាគជនសង្ស័យប្លន់ប្រដាប់អាវុធ នៅហាងលក់ទូរស័ព្ទដៃមួយកន្លែង នៅក្បែរផ្សារនាគមាស រួចមក កម្លាំងរបស់លោកបានសហការគ្នាតាមរកមុខសញ្ញា រហូតឈានដល់កំណត់ទីតាំងដែលជនសង្ស័យស្នាក់នៅ ទើបលោកបញ្ជាកម្លាំងចុះទៅឡោមព័ន្ធទាំងយប់ តែមិនហ៊ានធ្វើសកម្មភាពនៅឡើយទេ ព្រោះយប់ងងឹត ណាមួយកន្លែងដែលជនសង្ស័យស្នាក់នៅ ជាខណៈបន្ទប់ជួលជិតៗគ្នា ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ។
ប្រភពបន្ដថា លុះដល់ព្រឹកព្រលឹមនេះ នៅពេលដែលកម្លាំងត្រៀមចូលទៅចាប់នោះ ស្រាប់តែឮសំឡេងផាំង ហើយពេលទៅមើល ឃើញជនសង្ស័យរូបនេះ ស្លាប់បាត់ទៅហើយ ដោយសារបាញ់សម្លាប់ខ្លួនឯង» ។ ជនសង្ស័យហាក់ដឹងខ្លួនជាមុន ថាមានកម្លាំងបង្កាប់ចាំចាប់ខ្លួន ធ្វើឲ្យរូបគេពិបាកនឹងគេចខ្លួន ក៏ដាច់ចិត្ដយកកាំភ្លើងខ្លី បាញ់សម្លាប់ខ្លួនឯងតែម្ដង ។ កាំភ្លើងដែលជនសង្ស័យប្រើប្រាស់ ម៉ាករូឡូ ។
បច្ចុប្បន្ន សពជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងពិនិត្យសព ៕