Sunday, November 17, 2024
Homeតារាខ្មែរមាស សាលី សាន់ដេ យកចិត្តយកថ្លើមជាថ្មី?

មាស សាលី សាន់ដេ យកចិត្តយកថ្លើមជាថ្មី?

មាស សាលី ដែលជាតារាចម្រៀងដុះស្លែនៅសាន់ដេ នោះ ស្ងាត់ដូចចោរលួចសេះ អំឡុងពេលដែលតារាចម្រៀងជើងខ្លាំង ខេមរៈ សិរីមន្ត នៅឈរជើងផលិតកម្មសាន់ដេនោះ ធ្វើឱ្យសាលី លឹបបាត់កេរ្តិ៍ឈ្មោះសូន្យឈឹង។ ប៉ុន្តែ ក្រោយការចាកចេញពីសាន់ដេ របស់តារាចម្រៀងខេមរៈ សិរីមន្ត ទៅជ្រកកោននៅផលិតកម្មហង្សមាស នោះ ស្រាប់តែមាស សាលី ដែលធ្លាប់ព្រមានផលិតកម្មសាន់ដេ ដោយប្រយោលថា រូបគេជ្រកនៅទ្រនំនេះជាង១០ឆ្នាំទៅហើយ គួរតែអាសូរដល់រូបគេខ្លះផងនោះ ត្រូវបានសាន់ដេ  ងាកមកយកចិត្តយកថ្លើមមាស សាលី ឡើងវិញ ហើយនៅពេលនេះ។

បទ “អង្គរក្សបេះដូង” ដែលមាស សាលី ធ្លាប់ល្បីជាង១០ឆ្នាំមុន នៅសាន់ដេ នោះ ត្រូវផលិតកម្មនេះ ធ្វើ MV សាជាថ្មីឡើងវិញតាមសំណូមពររបស់សាលី ដើម្បីឱ្យតារាចម្រៀងរូបនេះសប្បាយចិត្តឡើងវិញ ទើបធ្វើឱ្យតារាដែលគេធ្លាប់តែបង្អាប់ថា មិនសូវចេះតែងខ្លួនឱ្យស័ក្តិសមជាតារានោះរីកថ្លើមបានមួយកម្រិតវិញ ហើយក៏គ្មានការរិះគន់ ដោយប្រយោលទៅលើផលិតកម្មទៀតដែរ។

យ៉ាងណា មហាជនមើលឃើញថា ផលិតកម្មសាន់ដេ មិនមានគោលការណ៍ឡង់សេមាស សាលី ឱ្យល្បីល្បាញខ្លាំង ពេលអត់ពីខេមរៈ សិរីមន្ត នោះឡើយ ព្រោះគេសំអាងថា សាលី ច្រៀងបានតែបទប្រភេទស្រុកស្រែ មិនអាចវាយលុកទីផ្សារចម្រៀងបែបយុវវ័យបាននោះ ទេ។ ចំណែកតារាចម្រៀងដែលសាន់ដេ ឱ្យស្នងតំណែងខេមរៈ សិរីមន្ត នោះ គឺអតីតតារាកំប្លែង CTN លោកសុខ មេសា ហៅនាយចឺម ដែលមុននេះ នាយចឺម បានបញ្ជាក់ប្រាប់សាន់ដេ ថា កុំឱ្យមានការបារម្ភអីច្រើន ព្រោះរូបគេអាចជំនួសតំណែងខេមរៈ សិរីមន្ត បានតែត្រូវការរយៈពេល១ឆ្នាំគត់ ដើម្បីតាមឱ្យទាន់រៀមច្បង សិរីមន្ត។

ប៉ុន្តែអ្នកជំនាញសិល្បៈបានលើកឡើងថា នៅសាន់ដេ តារាចម្រៀងប្រុសដែលសំខាន់ជាងគេ ក្រោយពេលដែលខេមរៈ សិរីមន្ត ចេញទៅហង្សមាស នោះ មិនមែនមាស សាលី ឬនាយចឺម ឡើយ តែគឺជាឆាយ វីរៈយុទ្ធ ព្រោះថា បើវីរៈយុទ្ធ ចេញពីសាន់ដេ ទៀតនោះ ផលិតកម្មធំនេះនឹងលែងមានតារាប្រុសណាខ្លាំង ទប់ទល់ជាមួយហង្សមាស ទៀតហើយ៕

RELATED ARTICLES