Saturday, April 20, 2024
Homeព័ត៌មានជាតិបាត់​មួយ​សន្ទុះ​ ប្រពន្ធ​តាម​រក​ឃើញ​ចង.ក​ស្លាប់​នៅ​លើ​ដើម​ស្វាយ​

បាត់​មួយ​សន្ទុះ​ ប្រពន្ធ​តាម​រក​ឃើញ​ចង.ក​ស្លាប់​នៅ​លើ​ដើម​ស្វាយ​

ខេត្ដកណ្តាលៈ បុរសម្នាក់ក្រោយពីហូបបាយរួច ក៏ដើរចុះពីលើផ្ទះបាត់មួយសន្ទុះមិនឃើញត្រឡប់មកវិញ ធ្វើឲ្យស្ត្រីជាប្រពន្ធមានការសង្ស័យក៏ចុះតាមរកប្រទះឃើញចង.កស្លាប់នៅលើដើមស្វាយខាងមុខផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២១ និង២០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គៀង គី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះបានសុំលុយស្ត្រីជាប្រពន្ធចំនួន១ពាន់រៀល ដើម្បីយកទៅទិញស្រាថ្នាំផឹក ។ បន្ទាប់ពីបានលុយទិញស្រាថ្នាំផឹកអស់ហើយនោះ ជនរងគ្រោះក៏បានសុំលុយស្ត្រីជាប្រពន្ធចំនួន១ពាន់រៀលទៀត ដើម្បីទិញស្រាយកមកផឹកបន្ត គ្រានោះស្ត្រីជាប្រពន្ធមិនព្រមឲ្យដោយនិយាយថា “កុំផឹកច្រើនពេកព្រោះស្រវឹងហើយ” ។ ឆ្លើយតបទៅនឹងស្ត្រីជាប្រពន្ធ ជនរងគ្រោះបាននិយាយវិញថា “ឯងចាំមើលអញផឹកស្រាទាល់តែងាប់” ។

ប្រភពដដែលបានបន្តទៀតថា ឮដូច្នេះស្ត្រីជាប្រពន្ធមិនបានតបតអ្វីឡើយ ក៏ដើរឡើងទៅលើផ្ទះបាត់ទៅ ហើយជនរងគ្រោះជាប្តីបានឡើងទៅតាមក្រោយ ។ ពេលទៅដល់ជនរងគ្រោះបានហៅស្ត្រីជាប្រពន្ធរៀបបាយហូបជុំគ្នា តែស្ត្រីជាប្រពន្ធមិនព្រមហូបជាមួយ ទើបជនរងគ្រោះអង្គុយហូបបាយម្នាក់ឯង ។ បន្ទាប់ពីហូបបាយរួចជនរងគ្រោះក៏បានដើរចុះពីលើផ្ទះបាត់ទៅ មួយសន្ទុះក្រោយមិនឃើញជនរងគ្រោះឡើងទៅលើផ្ទះវិញ ស្ត្រីជាប្រពន្ធបានដើរតាមរករហូតប្រទះឃើញប្តីចង.កនៅលើដើមស្វាយស្លាប់យ៉ាងអណោចអធ័ម ។

ក្រោយពីឃើញដូច្នេះស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារសាច់ញាតិបានស្រាយជនរងគ្រោះចុះតម្កល់លើគ្រែក្រោមផ្ទះ ទើបរាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា

RELATED ARTICLES