Monday, January 20, 2025
Homeសង្គម និងជីវិតប្រពន្ធរត់ចោល១ខែ ប្តីខូចចិត្តផ្តាច់ជីវិតខ្លួនឯងនៅបន្ទប់ជួល

ប្រពន្ធរត់ចោល១ខែ ប្តីខូចចិត្តផ្តាច់ជីវិតខ្លួនឯងនៅបន្ទប់ជួល

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រពន្ធចុះចោលអស់រយៈពេល១ខែមកហើយ ទើបធ្វើឱ្យខូចចិត្ត ចេះតែសម្ងំនៅក្នុងបន្ទប់អស់រយៈពេល៣ថ្ងៃ មិនឃើញចេញមកក្រៅ ឬទៅធ្វើការអ្វីទាំងអស់ លុះប្អូនប្រុសបង្កើតមកតាមហៅទៅធ្វើការ ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ១៣ ស្ថិតក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសខូចចិត្តប្រពន្ធរត់ចោល រហូតដល់គិតខ្លីចងកបញ្ចប់ជីវិតនេះ មានឈ្មោះញឹម ទៀវ អាយុ២៥ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជល់សា ខេត្តតាកែវ។

តាមសម្តីប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃដែលជនរងគ្រោះផ្លាស់ប្តូរវេនធ្វើការពេលយប់ មកចូលធ្វើពេលថ្ងៃវិញ តែជនរងគ្រោះមិនបានទៅធ្វើការទេ លុះវេលាម៉ោង១១ព្រឹក ទើបប្អូនប្រុសជនរងគ្រោះឆ្ងល់មិនឃើញទៅធ្វើការ ក៏មកតាមហៅ។ លុះមកដល់បន្ទប់ជួល ក៏ឃើញទ្វារបន្ទប់បិទជិត ទើបឡើងទៅអើតមើលតាមប្រហោងបង្អូច ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកស្លាប់ក្នុងបន្ទប់បាត់ទៅហើយ ទើបស្រែកឆោឡោ ហៅអ្នកជិតខាងជួយគាស់ទ្វារចូលទៅពិនិត្យមើល។

ប្រភពដដែលបន្តថា ជនរងគ្រោះមានប្រពន្ធដោយមិនបានរៀបការត្រឹមត្រូវនោះទេ ពោលគឺស្រលាញ់គ្នាដោយចិត្តនិងចិត្ត ហើយក៏បាន ត្រូវរ៉ូវរួមរស់នឹងគ្នា រហូតមានកូនស្រីម្នាក់អាយុ១ខួប២ខែ (សព្វថ្ងៃយកទៅឱ្យម្តាយនៅស្រុកជួយមើលថែ)។ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធមួយគូនេះ មិនសូវត្រូវគ្នាទេ គឺតែងឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតដល់ចុងក្រោយភាគីស្ត្រីជាប្រពន្ធ ទ្រាំរួមរស់នឹងប្តីលែងបាន ក៏រត់ចោលបាត់ ទុកឱ្យប្តី រស់នៅបន្ទប់ជួលម្នាក់ឯង អស់រយៈពេលមួយខែទៅហើយ។ លុះមកដល់មុនថ្ងៃកើតហេតុប្រមាណ៣ថ្ងៃនេះ គេមិនបានប្រទះឃើញជនរងគ្រោះ ចេញមកក្រៅបន្ទប់នោះទេ និងស្មានថា ជនរងគ្រោះទៅលេងស្រុក ឬទៅតាមរកប្រពន្ធទើបមិនចាប់អារម្មណ៍ រហូតទាល់តែប្អូនប្រុសជនរងគ្រោះ មករកហៅទៅធ្វើការងារ ទើបកើតមានការផ្អើលឆោឡោថា ប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ៕

RELATED ARTICLES