ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងទាំងកណ្តាលរាត្រី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើឱ្យលំនៅដ្ឋានប្រជាពលរដ្ឋសរុបចំនួន៦៤ខ្នង ត្រូវក្លាយជាចំណីភ្លើងត្រឹមតែមួយប៉ព្រិចភ្នែក ព្រមទាំងបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារឯណោះ។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ជិតស្ពានដែកបាឡេ ចំណុចភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងផ្តើមចេញពីផ្ទះរបស់ឈ្មោះស៊ីន យិន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប មានប្រពន្ធឈ្មោះរ៉ា វី អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានលំនៅកន្លែងកើតហេតុ ទើបបណ្តាលឱ្យរីករាលដាលឆេះយ៉ាងសន្ធោសន្ធៅជាបន្តបន្ទាប់ទៅលើផ្ទះប្រជាពលរដ្ឋទាំងតូចធំ រហូតដល់ទៅ៦៤ខ្នង ស្មើនឹងចំនួន៦៤គ្រួសារ។
ប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ គឺសុទ្ធសឹងជាផ្ទះរបស់ជនជាតិវៀតណាម ដែលសាងសង់ឡើងពីឈើប្រក់សង្ក័សី ធ្វើនៅតាមមាត់ច្រាំងទន្លេ សង់រកេតរកូតជាច្រើនខ្នងជិតៗគ្នា ចំណែកស្ថានភាពផ្លូវចូល មានសភាពតូចចង្អៀតផង ជាហេតុធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យពិបាកក្នុងការចេញ-ចូលបាញ់ទឹក គឺតម្រូវឱ្យរថយន្តចូលបានតែមួយគ្រឿងបាញ់អស់ទឹក ទើបអាចមួយគ្រឿងទៀតចូលបន្ត។
នៅក្នុងប្រត្តិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ គេឃើញសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២២គ្រឿង រថយន្តរបស់សាលាខណ្ឌជ្រោយចង្វារចំនួន៦គ្រឿង រថយន្តរបស់សាលា ខណ្ឌឬស្សីកែវ ចំនួន១គ្រឿង រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង និងម៉ារិនរបស់ចរាចរណ៍ផ្លូវទឹកចំនួន២គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ ចំនួន១២៩ជើង៕