ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់នៅសុខៗ ក៏បានចេញបាត់ពីផ្ទះដោយគ្មានដំណឹង ទោះឪពុកម្តាយ ក្រុមគ្រួសារតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ ជាហេតុធ្វើឱ្យឪពុកម្តាយកំពុងព្រួយបារម្ភពីសុវត្ថិភាពកូនស្រី និងសង្ស័យថា កូនស្រីអាចនឹងត្រូវប្រុសស្នេហ៍លួងលោម ពង្រត់ចេញពីផ្ទះ ហេតុនេះ ទើបស្ត្រីជាម្តាយ បានប្រកាសហៅកូនស្រីឱ្យវិលមកវិញ ដោយសន្យាថា ប្រសិនបើកូនមានស្នេហា ម្តាយនឹងផ្សំផ្គុំឱ្យជាគូនឹងគ្នា ដោយមិនបំបែកបំបាក់នោះទេ។
ក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះធឿន ចាន់ម៉ី អាយុ១៣ឆ្នាំ មុខរបរជួយលក់ដូរម្តាយ មានលំនៅ ក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល។ ក្មេងស្រីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ជាមួយនឹងសម្លៀកបំពាក់ អាវដៃវែងក្រឡាការ៉ូធំ ពណ៌ប្រផេះ ខោខូវប៊យ ព្រមទាំងគ្រឿងអលង្ការជាប់ខ្លួនមួយចំនួន ដែលរួមមាន ខ្សែកប្លាកទីន ១ខ្សែ កងដៃប្លាកទីន១កង និងចិញ្ចៀន១វង់ផងដែរ។
តាមសម្តីស្ត្រីឈ្មោះសុខ ណារុន ត្រូវជាម្តាយក្មេងស្រីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា គាត់មានកូនក្នុងបន្ទុកទាំងអស់៣នាក់ ក្នុងនោះកូនស្រីដែលបាត់ខ្លួន ជាកូនទី២ក្នុងគ្រួសារ។ ជារៀងរាល់ថ្ងៃ កូនស្រីរបស់គាត់តែងចេញទៅជួយលក់ដូរគាត់នៅផ្សារព្រែកហ្លួងជារៀងរាល់ថ្ងៃ រហូតដល់ម៉ោង៧ ទៅ៨យប់ ទើបត្រឡប់មកផ្ទះវិញ។ នៅមុនពេលដែលបាត់ខ្លួន ពោលគឺនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ កូនស្រីម្នាក់នេះ បានចេញទៅជួយលក់ដូរគាត់តាមធម្មតា រហូតដល់វេលាម៉ោងប្រមាណ៧ និង១០នាទីយប់ថ្ងៃដដែល ក្រោយពីរៀបចំឥវ៉ាន់រួច កូនស្រីក៏បានទាញកង់ជិះចេញទៅផ្ទះមុន ដោយប្រាប់គាត់ជាម្តាយថា នាងទៅមុនហើយ រួចក៏ជិះចេញទៅបាត់ទៅ។
បន្ទាប់មកនៅវេលាម៉ោងប្រមាណ៩ និង៣០នាទីយប់ ក្រោយពីបិទតូបលក់ដូររួចរាល់ គាត់ជាម្តាយ ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ មិនឃើញកូនស្រីសោះ ទើបធ្វើឱ្យកើតមាន ការផ្អើលឆោឡោ ថាកូនស្រីបាត់ខ្លួនតែម្តង។
ស្ត្រីជាម្តាយរូបនេះ បន្តថា នៅពេលដឹងថាកូនស្រីបាត់ខ្លួនភ្លាមៗ គាត់បានព្យាយាមទូរស័ព្ទទៅកូនស្រីដែរ តែមានអ្នកចុចបិទរហូត លុះខលយូរៗទៅ គេក៏បិទទូរស័ព្ទចោលតែម្តង។ បន្ទាប់មក គ្រួសារគាត់បាននាំគ្នាដើរស៊ើបសួរតាមផ្ទះសាច់ញាតិ មិត្តភក្តិរបស់កូនស្រីដែរ តែគ្មានអ្នកណាម្នាក់បានឃើញសោះ ប៉ុន្តែបានទទួលដំណឹងពីមិត្តភក្តិរបស់កូនស្រីគាត់ម្នាក់ថា កូនស្រីរបស់គាត់មានទំនាក់ទំនងស្នេហាជាមួយយុវជនម្នាក់។ តាមពិតគាត់ក៏ធ្លាប់ដឹងថា កូនស្រីរបស់គាត់ មានស្នេហាដែរ គ្រាន់តែមិនចាប់អារម្មណ៍តាមដានដឹងថា កូនស្រីទាក់ទងជាមួយនឹងប្រុសណា គ្រាន់តែធ្លាប់ស្តាប់លឺនាងនិយាយទូរស័ព្ទជាមួយមនុស្សប្រុសប៉ុណ្ណោះ។ យ៉ាងណាក្តី គាត់ក៏មិនធ្លាប់ស្តីបន្ទោសកូនស្រីពីរឿងនាងមានស្នេហាអ្វីដែរ ប៉ុន្តែរឿងការងារក្នុងផ្ទះ គាត់ពិតជាធ្លាប់ជេរស្តីកូនស្រីខ្លះមែន តែមិនដល់ថ្នាក់ជេរបណ្តេញ ឬវាយកូនស្រីអ្វីនោះទេ។
ស្ត្រីជាម្តាយខាងលើ បានដាក់ការសង្ស័យថា គាត់មានការសង្ស័យថា កូនស្រីរបស់គាត់ ត្រូវយុវជនដែលមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ លួងលោមយកទៅតែម្តង។ អ្វីដែលកំពុងធ្វើឱ្យគាត់ជាម្តាយ ព្រួយបារម្ភនោះ គឺខ្លាចមានគេចាប់បង្ខាំង ឬធ្វើបាបកូនស្រី រហូតដល់ថ្នាក់ ប៉ះពាល់ដល់អាយុជីវិត៕