Monday, January 20, 2025
Homeសង្គម និងជីវិតនាំប្រពន្ធទៅដកប្រាក់ មកវិញគាំងបេះដូងស្លាប់

នាំប្រពន្ធទៅដកប្រាក់ មកវិញគាំងបេះដូងស្លាប់

ខេត្តបាត់ដំបង ៖ បុរសអាណិកជនខ្មែរ សញ្ជាតិអាមេរិកាំងម្នាក់ ក្រោយពីសែនព្រេនប្រពន្ធនៅស្រុកខ្មែរបានប៉ុន្មានឆ្នាំ ចាប់ផ្តើមធ្លាក់ខ្លួនមានជំងឺប្រចាំកាយ ក៏ចុះមករស់នៅស្រុកខ្មែរជាមួយប្រពន្ធបាន១ឆ្នាំ ស្រាប់តែក្រោយពេលជូនប្រពន្ធទៅដកលុយនៅធនាគាររួច ត្រឡប់មកផ្ទះវិញ ក៏កើតមានអាការៈគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពហុព្យាបាលហួតសុគន្ធ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បុរសរងគ្រោះខាងលើ មានឈ្មោះហុយ ទុយ អាយុ៦៨ឆ្នាំ ជាអណិកជនខ្មែរសញ្ជាតិអាមេរិក ស្នាក់នៅក្រុមទី១៣ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង មានប្រពន្ធឈ្មោះភួង សម្ផស្ស អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក នាងនិងជនរងគ្រោះបានសែនយកគ្នាជាប្តីប្រពន្ធ រហូតមកដល់សព្វថ្ងៃនេះ ហើយក្នុងការរស់នៅមិនបានស្ថិតស្ថេរទេ គឺជនរងគ្រោះទៅមកអាមេរិកស្រុកខ្មែរ រហូតដល់អំឡុងខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ទើបប្តីរបស់គាត់បានត្រឡប់មករស់នៅស្រុកខ្មែរជាមួយគាត់រហូតតែម្តង និងថែមទាំងមានជំងឺ ប្រចាំកាយ (រលាកសួត និងថ្លើម) ចេះតែធ្វើទុក្ខជាប់ជាប្រចាំ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នាងនិងប្តី (ជនរងគ្រោះ) បាននាំគ្នាទៅដកប្រាក់នៅទូអេធីអឹមរបស់ធនាគារកាណាឌីយ៉ា នៅខាងជើងផ្សារធំថ្មី (ផ្សារណាត់)។ លុះដកប្រាក់បាន ហើយពួកនាងក៏នាំគ្នាជិះរថយន្តត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ចំណុចភ្លើងស្តុបបឹងឈូក ស្ថានភាពជម្ងឺប្តីរបស់នាង ក៏ចាប់ផ្តើមធ្វើទុក្ខខ្លាំង ទើបនាងប្រញាប់ដឹកប្តីទៅ សង្គ្រោះនៅមន្ទីរពហុព្យាបាលហួត សុគន្ធ រហូតមកដល់វេ់លាម៉ោង១១ និង២៥នាទីព្រឹកថ្ងៃដដែល  ប្តីរបស់នាងក៏បាន ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ទើបនាងបានប្រាប់ឱ្យ គ្រូពេទ្យចាក់ថ្នាំ ហ្វកម៉ុល រួចដឹកសពប្តីត្រឡប់មកផ្ទះវិញ បន្ទាប់មកក៏រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង៕

RELATED ARTICLES