Monday, January 20, 2025
Homeសង្គម និងជីវិតឃាត់ខ្លួនគ្រូបង្រៀន ញុះញង់ពលរដ្ឋកុំឱ្យទៅបោះឆ្នោត

ឃាត់ខ្លួនគ្រូបង្រៀន ញុះញង់ពលរដ្ឋកុំឱ្យទៅបោះឆ្នោត

ខេត្តកំពង់ឆ្នាំង ៖ បុរសជាគ្រូបង្រៀនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកមកអប់រំ បន្ទាប់ពីគ្រូបង្រៀនរូបនេះ បានធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅអប់រំ មានឈ្មោះអ៊ុំ សាវ៉ាន ជាគ្រូបង្រៀននៅអនុវិទ្យាល័យត្រពាំងចាន់ ក្នុងឃុំត្រពាំងចាន់ ស្រុកបូរិបូរណ៍ និងជាអតីតជំទប់ទី២ ឃុំឆ្នុកទ្រូផងដែរ។

លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា កម្លាំងនគរបាលរបស់លោក ពិតជាបានឃាត់ខ្លួន គ្រូបង្រៀននៅអនុវិទ្យាល័យត្រពាំងចាន់ ក្នុងឃុំត្រពាំងចាន់ ស្រុកបូរិបូរណ៍ ប្រាកដមែន ក្រោយពីជនម្នាក់នេះ បានញុះញង់ដល់ពលរដ្ឋ មិនឱ្យទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

លោកស្នងការបានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី៨ ខែកក្កដា ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃម្សិលមិញ បន្ទាប់ពីជននេះបានធ្វើកិច្ចកិច្ចសន្យាបញ្ឈប់នូវការធ្វើសកម្មភាពបែបនេះបន្តទៀត។

យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ផ្សារឆ្នាំង បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ុំ សាវ៉ាន បានធ្វើឡើងនៅភូមិ កំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

របាយការណ៍ដដែលបញ្ជាក់ថា ជនសង្ស័យឈ្មោះអ៊ុំ សាវ៉ាន បានធ្វើសកម្មភាពដើរបញ្ចុះបញ្ចូល អូសទាញប្រជាពលរដ្ឋនៅចំណុចមុខផ្ទះ ឈ្មោះពុធ ជ័យសែន ភេទប្រុស ស្ថិតក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩យប់។

ឈ្មោះអ៊ុំ សាវ៉ាន បន្ទាប់ពីដើរចេញពីក្នុងផ្ទះឈ្មោះពុធ ជ័យសែន ក៏ដើរសំដៅទៅធ្វើសកម្មភាព និយិយាអូសទាញបញ្ចុះបញ្ចូលប្រជាពលរដ្ឋចំនួន ២-៣នាក់ ដោយនិយាយថា “បើបងប្អូនណា ដល់ថ្ងៃទៅបោះឆ្នោត ក៏ទៅបោះទៅដល់ពេលចូលទៅបោះឆ្នោត នៅក្នុងបន្ទប់ គ្មាននរណាឃើញទេ ស្រេចតែយើង ចង់គូសក៏គូសទៅ មិនចង់គូសក៏ហីទៅ ស្រេចតែយើងទេ។ ដល់ថ្ងៃបោះឆ្នោត មិនបាច់នាំគ្នាទៅបោះទេ ដេកផ្ទះទៅ…”៕

RELATED ARTICLES