ខេត្តកំពងស្ពឺ ៖ បុរសជាម្ចាស់រថយន្តមួយគ្រឿង ដែលទទួលរងការឆាបឆេះពេញខ្លួន ខណៈដែលកំពុងបញ្ចូលហ្គាសរថយន្ត និងត្រូវជនជាតិចិនម្នាក់ជក់បារីក្បែរនោះ បង្កជាការឆាបឆេះរថយន្តអស់ទាំងស្រុង កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចស្ថានីយ បញ្ចូលហ្គាសមួយកន្លែង ស្ថិតក្នុងភូមិចំបក់ក្អែរ ឃុំទឹកល្អក់ ស្រុកគងពិសី បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
បុរសរងគ្រោះដែលត្រូវភ្លើងឆេះពេញខ្លួន និងបានបាត់បង់ជីវិតក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យនេះ មានឈ្មោះហេង មុខរបរជាអ្នកបើករថយន្តឈ្នួល មានស្រុកកំណើតនៅខេត្តកំពត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីឆេះរថយន្តហាយឡែនឌ័រ១គ្រឿង នៅចំណុចស្ថានីយបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧-១៨ ស្ថិតក្នុងភូមិចំបក់ក្អែរ ឃុំទឹកល្អក់ ស្រុកគងពិសី ដែលមូលហេតុ បង្កឡើងដោយជនជាតិចិនម្នាក់ ដែលបានជួលរថយន្តរបស់ជនរងគ្រោះឈ្មោះហេង ជិះ បានជក់បារីនៅខណៈដែលជនរងគ្រោះកំពុងបញ្ចូលហ្គាស រថយន្ត ទើបបង្កឱ្យមានការឆាបឆេះ ផ្ទុះហ្គាសឆេះទាំងរថយន្ត និងឆេះទាំងជនរងគ្រោះជាអ្នកបើកបរ និងជាម្ចាស់រថយន្តផងនោះ បណ្តាលឱ្យ ទទួលរងការឆាបឆេះរលាកពេញខ្លួនតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះជាម្ចាស់រថយន្តខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញដែរ តែអកុសលដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ និងត្រូវក្រុមគ្រួសារដឹកសាកសពត្រឡប់ទៅកាន់ស្រុកកំណើតឯខេត្តកំពត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តរបស់ជនរងគ្រោះ ត្រូវភ្លើងឆាបឆេះទាំងស្រុងសល់តែគ្រោងដែកប៉ុណ្ណោះ។
ជុំវិញហេតុការណ៍ខាងលើនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ouch Lykuon ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ បានបង្ហោះសារមួយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ថា “មិននឹកស្មានដល់ថា ជាបងប្រុសសោះ ហេតុអីបានជាបងប្រុសទៅចោលពួកយើងលឿនម៉េស បងប្រុសថា ពេលទំនេរចាំនាំចេមកលេងកែបទៀតហ៎ ហេតុអីពេលនេះបងប្រុសទៅចោលពួកយើងចឹង សូមបងប្រុសទៅឱ្យបានសុខចុះ…”។
ម្ចាស់គណនីខាងលើ បានបន្ថែមថា “ខ្ញុំសូមអះអាងថា រូបភាពដែលខ្ញុំបានផុសអំពីករណីបងប្រុសរបស់ខ្ញុំ បានជួបករណីផ្ទុះហ្គាសឆាបឆេះ នោះគឺជារឿងពិត ហើយគាត់បានស្លាប់ហើយ ខ្ញុំចង់បញ្ជាក់ចំពោះអ្នកខំមិនថា ខ្ញុំផុសនេះជារឿងពិត មិនបានចង់ល្បី រឺបំភ្លើសឡើយ គ្មាននរណាយករឿងចឹងៗមកផុសលេងសើច រឺចង់ល្បីអីទេ គឺគាត់បានទទួលមរណភាព កាលពីព្រឹកម៉ិញនេះ បន្ទាប់ពីទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត…”៕