ខេត្តតាកែវ ៖ បុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីតិចតួចជាមួយនឹងយុវជនម្នាក់រស់នៅភូមិជាមួយគ្នា ស្រាប់តែពេលដើរត្រឡប់មកផ្ទះវិញ ក៏ត្រូវយុវជនចិត្តក្តៅរូបនោះ ស្ទាក់កាប់១កាំបិត បណ្តាលឱ្យរយះកំភួនដៃ រងរបួសធ្ងន់ កាលពីវែលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចតារាងបាល់មួយកន្លែង ស្ថិតក្នុងភូមិច្បាមន ឃុំកុមាររាជា ស្រុកបាទី។
ជនដៃដល់ ដែលស្ទាក់កាប់គូទំនាស់១កាំបិត មានឈ្មោះមិត សុជេត អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះសំ សារឿន អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា (រងរបួសរយះកំភួនដៃខាងឆ្វេង ៥សង់ទីម៉ែត្រ ដេរ៥ថ្នេរ)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់ បានទៅលេងបាល់ជាមួយគ្នានៅចំណុចតារាងបាល់ក្នុងភូមិ ក្រោយមកក៏បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ធ្វើឱ្យជនដៃដល់ខឹង ក៏បានស្ទាក់ជនរងគ្រោះនៅមុខផ្ទះរបស់ខ្លួន ហើយធ្វើសកម្មភាពទាញកាំបិតប៉័ងតោ ដងឈើ កាប់ប្រហារទៅលើជនរងគ្រោះ១កាំបិត បណ្តាលឱ្យចំកំភួនដៃខាងឆ្វេង និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ៕