Monday, January 20, 2025
Homeសង្គម និងជីវិតចេញពីគុក ប្រើល្បិចរំលោភស្រី ប៉ូលិសគំរាម ខាំអណ្តាតសម្លាប់ខ្លួន

ចេញពីគុក ប្រើល្បិចរំលោភស្រី ប៉ូលិសគំរាម ខាំអណ្តាតសម្លាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ បុរសវ័យចំណាស់កំពូលល្បិចម្នាក់ ទើបនឹងចេញពីគុកថ្មីៗ ក៏ល្បួងស្ត្រីម្នាក់ផឹកស្រារហូតស្រវឹងស្រឿងៗ ក៏ដឹកទៅកន្លែង ស្ងាត់ចាប់រំលោភរហូតដល់បានសម្រេច លុះខាងស្រីប្តឹងប៉ូលិសចាប់សួរនាំក៏ព្យាយាមប្រកែកថាមិនបានប្រព្រឹត្ត ព្រមទាំងប្រើល្បិចធ្វើជាខាំអណ្តាតសម្លាប់ខ្លួន ដើម្បីគំរាមឱ្យប៉ូលិសដោះលែងវិញ។

ករណីបុរសចំណាស់ប្រើល្បិចចាប់រំលោភស្ត្រីម្នាក់រហូតដល់បានសម្រេចនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅអាស្រមភ្នំយោង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លុះដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួននាំយកទៅសាកសួរ ស្រាប់តែជនសង្ស័យ បែរជាប្រើល្បិចថ្មីមួយទៀត ដោយធ្វើជាខាំអណ្តាតសម្លាប់ខ្លួន។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហាក់ មាន អាយុ៥៨ឆ្នាំ ជាមុខសញ្ញាចោរលួច ទើបចេញពីពន្ធនាគារ បានរយៈ២-៣ខែប៉ុណ្ណោះ និងធ្លាប់ជាប់ពន្ធនាគារ៣ដងរួចមកហើយ។ ជននេះគ្មានលំនៅពិតប្រាកដទេ ស្នាក់នៅតាមចិញ្ចើមផ្លូវ នៅក្នុងសង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង។ ចំណែកស្ត្រីរងគ្រោះ មានអាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិ៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ គាត់និងជនសង្ស័យ ឈ្មោះហាក់ មាន ដែលជាមនុស្សធ្លាប់ស្គាល់គ្នា បានជួបជុំគ្នាផឹកស្រា។ លុះស្រវឹងស្រឿងៗ ជនសង្ស័យក៏បានបបួលគាត់ជិះម៉ូតូទៅយកលុយពីកូន ដែលកំពុងចាំនៅទួលក្រាំង ដើម្បីយកមកទុកចាយ។ ពេលនោះគាត់អាងតែស្គាល់គ្នា ក៏ឡើងជិះម៉ូតូរបស់ជនសង្ស័យជិះចេញទៅ តែជនសង្ស័យ មិនបានដឹកគាត់ទៅទួលក្រាំងទេ បែរជាបង្វែរទិសដៅជិះទៅអាស្រមភ្នំយោងវិញ។ ពេលនោះគាត់សួរថា ម៉េចក៏មកភ្នំយោងវិញចឹង ជនសង្ស័យ ប្រាប់ថា មកបត់ជើងសិន។ លុះទៅដល់ព្រៃស្ងាត់មួយកន្លែង ជនសង្ស័យក៏បានឈប់ម៉ូតូ ពេលនោះគាត់ក៏ចុះប្រុងរត់ចេញដែរ តែត្រូវជនសង្ស័យ នោះចាប់គាត់ជាប់ រួចអូសដៃចូលគុម្ពោតព្រៃ ចាប់រំលោភរហូតដល់បានសម្រេច រួចបានឡើងជិះម៉ូតូទៅចោលគាត់បាត់ ចំណែកគាត់ក៏បានដើរមកផ្ទះវិញ ប្រាប់បងប្អូន និងទៅប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រួចក៏នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហាក់ មាន បានព្យាយាមប្រកែកថា ខ្លួនមិនបានចាប់រំលោភស្ត្រីរងគ្រោះនោះទេ តែស្ត្រីរងគ្រោះបានសុំលុយខ្លួនចំនួន៥ពាន់រៀល លុះខ្លួនមិនព្រមឱ្យ ក៏ប្តឹងថាខ្លួនចាប់រំលោភទៅវិញ។ មិនតែប៉ុណ្ណោះ ជនសង្ស័យរូបនេះ នៅគំរាមសមត្ថកិច្ចទៀតថា រូបគេគ្មានកំហុសអ្វីទេ ហើយប្រសិនបើសមត្ថកិច្ចមិនព្រមដោះលែងខ្លួនវិញទេ ខ្លួននឹងខាំអណ្តាតសម្លាប់ខ្លួន៕

RELATED ARTICLES