ខេត្តកំពង់ចាម ៖ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្អូនជីដូនមួយរបស់ខ្លួន រហូតឈានដល់ផ្ទុះជាអំពើហិង្សា ព្រួតដៃគ្នាជាមួយកូនប្រុស ទាញអង្កត់អុស វ៉ៃទៅលើប្អូនជីដូនមួយ បណ្តាលឱ្យរងរបួសរយះក្បាល ទីបំផុត ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនទាំង២នាក់ឪកូន នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម។
បុរសរងគ្រោះដែលត្រូវបងជីដូនមួយ រួមនឹងកូនប្រុសព្រួតវាយរយះក្បាល មានឈ្មោះស៊ាន ឃ្លី ភេទប្រុស អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះសឿង ធី អាយុ៤៩ឆ្នាំ មានលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនបង្ក២នាក់ឪពុកកូន រួមមាន ទី១-ឈ្មោះភិន ស៊ីម អាយុ៥៦ឆ្នាំ (ត្រូវជាឪពុក និងត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ) និងទី២-ឈ្មោះស៊ីម តាក់ អាយុ២៦ឆ្នាំ (ត្រូវជាកូន)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កឈ្មោះភិន ស៊ីម ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា បន្ទាប់មកដោយសារតែភាគីជនបង្កផ្ទុះកំហឹងខ្លាំង ក៏បានរួមដៃគ្នាជាមួយនឹងកូនប្រុសរបស់ខ្លួន ទាញអង្កត់អុស វាយសំពងទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសរយះក្បាលតែម្តង៕