ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ដែលបានព្រួតគ្នាប្រើអំពើហិង្សាវាយកាប់ចាក់ ទៅលើបុរសជាអ្នកជិតខាងម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនឡើងតុលាការនោះ នៅរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានលោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងជនត្រូវចោទម្នាក់ជាប្រពន្ធ ចំណែកបុរសជាប្តីត្រូវសម្រេចឃុំខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ការសម្រេចដោះលែងរបស់លោកចៅក្រម ពេជ្រ វិជ្ជាធរ គឺធ្វើឡើងបន្ទាប់ពីលោកព្រះរាជអាជ្ញារង សេង ហៀង បានសម្រេចចោទប្រកាន់ជនសង្ស័យ២នាក់ប្តីប្រពន្ធនេះ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ពាក់ពន្ធ័ដល់បទចោទនេះ លោកព្រះរាជអាជ្ញារង សេង ហៀង បានបញ្ជាក់ប្រាប់ថា លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះស្លេះ យូសុះ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម (ជាប្តី) និងឈ្មោះទ្បោះ សំរ៉ស់ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ឥស្លាម (ជាប្រពន្ធ) មានទីលំនៅក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ពីបទ “ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស”។
យោងតាមបទចោទប្រកាន់ខាងលើ ជនត្រូវចោទប្រឈមការជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ដោយមិនទាន់រាប់បញ្ចូលសំណងជំងឺចិត្តសម្រាប់ជនរងគ្រោះនៅឡើយ៕