ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់ បានល្បួងក្មេងស្រីម្នាក់រស់នៅភូមិជាមួយគ្នា យកទៅរំលោភ ដោយប្រើដៃលូកលេងប្រដាប់ភេទ លុះរឿងរ៉ាវបែកធ្លាយក៏រត់គេចទៅសម្ងំលាក់ខ្លួននៅប្រទេសថៃ អស់រយៈពេល៥ឆ្នាំ រហូតដល់ភ្លេចខ្លួន ស្មានថាសំណុំរឿងត្រូវបិទបញ្ចប់ ក៏លបវិលត្រឡប់ចូលស្រុកវិញ ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការ។
ជនសង្ស័យល្មោភកាមខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ក្រោយពីជននេះប្រព្រឹត្តបទល្មើស ប្រទូស្តកេរ្តិ៍ខ្មាស ទៅលើក្មេងស្រី រួចហើយបានរត់ចោល ស្រុកអស់រយៈពេលជាង៥ឆ្នាំ។
ជនល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហៀប វិត ហៅឆើញ អាយុ៣០ឆ្នាំ ទើបនឹងត្រឡប់មកពីធ្វើការនៅប្រទេសថៃ មានលំនៅក្នុងភូមិឃុំ ដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។
លោកកង សុផាណ្ណា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត និងអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ឃុំខ្លួន លេខ១៤៥ ចុះថ្ងៃទី២៧ ឧសភា ២០១៦ ដោយចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត លោកធ្ធាំ ប៊ុណ្ណា។
លោកកង សុផាណ្ណា បានបញ្ជាក់ថា ជននេះត្រូវបានតុលាការកាត់ទោសកំបាំងមុខ និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំពីបទ “ប្រទូស្តកេរ្តិ៍ភេទ” ដែលជននេះបានប្រព្រឹត្តកាលពីឆ្នាំ២០១៣ តែបានរត់គេចខ្លួនទៅនៅប្រទេសថៃ លុះត្រឡប់ចូលស្រុកវិញបាន១ខែ ទើបត្រូវចាប់ខ្លួនតែម្តង៕