ភ្នំពេញ ៖ ជារឿងគួរឱ្យហួសចិត្តបំផុត ខណៈដែលយុវជនជើងខ្លាំង២នាក់ បានហៅម៉ូតូឌុបបុរសម្នាក់ជិះ លុះដល់គោលដៅក៏ចុះដើរចេញ ធ្វើព្រងើយ មិនព្រមឱ្យលុយថ្លៃម៉ូតូឌុប លុះម្ចាស់ម៉ូតូសួរនាំ ស្រាប់តែបង្កជំលោះទាញដុំថ្មគប់ម្ចាស់ម៉ូតូថែមទៀត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍ចាប់ខ្លួនជនបង្កបានម្នាក់ យកទៅចាត់ការតាមច្បាប់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។
ករណីជើងខ្លាំងជិះម៉ូតូឌុបអត់ឱ្យលុយគេហើយ រករឿងគប់ដុំថ្មដាក់ម្ចាស់ម៉ូតូទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវ២៧១ ក្បែរវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់បឹង សាឡាង ខណ្ឌទួលគោក។
បុរសរងគ្រោះជាម្ចាស់ម៉ូតូ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ៣០ឆ្នាំ។ ចំណែកក្រុមជនបង្ក ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ៕