ភ្នំពេញ ៖ ស្ត្រីជើងល្អជាចោរដៃឆើតម្នាក់ បានធ្វើសកម្មភាពលួចកំព្យូទ័រយួរដៃ (ឡេបថប) ទំនើប១គ្រឿង ម៉ាក Apple បានហើយ ស្រាប់តែបែកគំនិត ទូរស័ព្ទទៅហៅឱ្យម្ចាស់គេយកលុយមកលោះទៅវិញ ទីបំផុតក៏ត្រូវម្ចាស់កុំព្យូទ័រ ប្តឹងសមត្ថកិច្ចច្ចាប់ក្របួចជាប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចសួនច្បារក្តាន់ពីរ ទល់មុខក្រសួងការពារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុង ក្រុមទី៧០ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ស្ត្រីសង្ស័យដែលលួចឡេបថបគេហើយ ទូរស័ព្ទហៅម្ចាស់គេយកលុយមកលោះទៀតនេះ មានឈ្មោះដា នី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ១៥៥ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះជាម្ចាស់ឡេបថប មានឈ្មោះជូ ចន្ទសុសេដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជានិស្សិតឆ្នាំទី១ ស្នាក់នៅបន្ទប់ជួលលេខ១២ នៃផ្ទះលេខ៣៤ ផ្លូវរថភ្លើង ក្រុមទី៦០ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក។ ដោយឡែកកុំព្យូរទ័រដែលស្ត្រីសង្ស័យលួចយកទៅ ជាប្រភេទកុំព្យូរទ័រយួរដៃ ឡេបថប ម៉ាក Apple ស៊េរីឆ្នាំ២០១៤ ពណ៌ទឹកប្រាក់ និងដុំសាកថ្មមួយ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ បានទុកកុំព្យូទ័រឡេបថប ម៉ាក Apple នៅផ្ទះជួលរបស់ខ្លួននៅក្នុងបន្ទប់ជួលលេខ១២ បន្ទាប់មកជនរងគ្រោះបានបិទទ្វារបន្ទប់ត្រឹមត្រូវ រួចចេញ ទៅធ្វើការនៅម្តុំសន្ធរម៉ុក។ រហូតដល់ម៉ោងប្រហែល៤និង០៥នាទីរសៀលថ្ងៃដដែល ស្រាប់តែស្ត្រីសង្ស័យខាងលើ ដែលជួលបន្ទប់នៅទល់មុខគ្នា ជាមួយជនរងគ្រោះបានធ្វើសកម្មភាពលួចកុំព្យូទ័រឡេបថបរបស់ជនរងគ្រោះ ដោយលួចចេញពីបន្ទប់របស់ជនរងគ្រោះ ហើយបានដាក់នៅក្នុងថង់ ពណ៌ខ្មៅ រួចដើរចេញទៅ ភ្លាមនោះជនរងគ្រោះក៏មកដល់ដើរទល់មុខជនសង្ស័យដែរ តែមិនចាប់អារម្មណ៍ទេ។ លុះពេលជនរងគ្រោះទៅដល់បន្ទប់ ទើបដឹងថាបាត់កុំព្យូទ័រ ពេលនោះជនរងគ្រោះក៏បានរត់តាមជនសង្ស័យភ្លាមៗដែរ តែតាមពុំទាន់៕