Sunday, April 28, 2024
Homeតារាបរទេសតួឯកស្រីរឿង ”បុព្វេសន្និវាស” បេឡា បង្ហាញវត្តមានគម្រប់ខួប៣ឆ្នាំ PNN

តួឯកស្រីរឿង ”បុព្វេសន្និវាស” បេឡា បង្ហាញវត្តមានគម្រប់ខួប៣ឆ្នាំ PNN

តារាសម្ដែងលំដាប់ជួរមុខរបស់ប្រទេសថៃ តួឯកស្រីក្នុងរឿង ”បុព្វេសន្និវាស” កញ្ញាបេឡា បានបង្ហាញខ្លួននៅផ្សារទំនើបAEON សែនសុខ ជាន់ទី៣ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍គម្រប់ខួប៣ឆ្នាំ របស់ស្ថានីយទូរទស្សន៍ PNN ហើយក៏មានការចូលរួមពីសំណាក់តារាសម្ដែងល្បីៗរបស់កម្ពុជា ផងដែរ មានដូចជា ខាត់ វ៉ៃហាំង ,សុីន យូប៊ីន , អែដវីន, យឹម ណារ៉ា, ជីមមី, Peth Mai ឌីឌី , ក្រុមតារាចម្រៀង Original Songs ​Small​World​ Small​ Band។

ក្នុងព្រឹត្តិការណ៍នោះ PNN​ក៏បានរៀបចំកម្មវិធីពិសេសមួយ​គឺ​”ជំនួបតារា PNN ២០១៨” និងផ្សព្វផ្សាយរឿងភាគខ្មែរ ”កន្ទោងខៀវ” ដែលមានតារាសម្ដែងចូលរួមក្នុងរឿងនេះ មានដូចជា កញ្ញាម៉ាក សែនសូនីតា ,ឌីណា , ឌី សូនីតា និងលោកសុធារិទ្ធ ហើយអ្នករៀបចំកម្មវិធីបានឲ្យអ្នកគាំទ្រឡើងថតរូបជាមួយតារាដែលខ្លួនស្រលាញ់ និងលេងហ្គេមកម្សាន្ដសប្បាយៗជាមួយការផ្ទុះសំណើចសប្បាយក្អាកក្អាយពីសំណាក់តារាកំប្លែង2ដួង គឺនាយក្រិន​និងនាងប្រឹមប្រិយ​ ទៀតផង។

គេកត់សម្គាល់ថា មានយុវវ័យជាច្រើនរយនាក់បានទៅបង្ហាញខ្លួនក្នុងកម្មវិធីនេះហើយពួកគេបានឈរចាំជាច្រើនម៉ោង និងលើកទូរស័ព្ទដៃយ៉ាងព្រោងព្រាតថតរូបតារាសម្ដែងល្បីរបស់ប្រទេសថៃ នាងបេឡា ហើយនាងបេឡា ក៏ត្រូវបានពិធីករ នាងជីមមី និងលោកអែដវីន ​តម្រូវឲ្យសម្ដែងឈុតខ្លីក្នុងរឿង​”បុព្វេសន្និវាស”​ដោយការលេងត្រេមុខបែបឌឺដង​និងកាចគូរឲ្យក្នក់ក្នាញ់នោះ​ ធ្វើឲ្យអ្នកទស្សនាផ្ទាល់ទះដៃគាំទ្រស្រីស្អាតបេឡា ហើយសរសើរនាងថា ​ពិតជានៅខាងក្រៅរួសរាយរាក់ទាក់​ និងមានទេពកោសល្យល្អ មិនចាញ់ក្នុងរឿងឡើយ។

អ្នកតំណាង​PNN​បានឲ្យដឹងថា​”ស្ថានីយទូរទស្សន៍​PNN នឹងអញ្ជើញតារាល្បីៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដើម្បីមកជួបអ្នកគាំទ្ររបស់ខ្លួនក្នុងព្រឹត្តិការណ៍ពិសេសៗ ដែលPNN គ្រោងធ្វើឡើងនាពេលខាងមុខ រួមជាមួយកម្មវិធីដែលផ្ដល់ចំណេះដឹងការកម្សាន្ដ និងរឿងភាគល្បីៗ មានដូចជា រឿងខ្មែរ រឿងថៃ និងហុងកុង ជាដើម។

គួរបញ្ជាក់ថា មុនបង្ហាញខ្លួននៅផ្សារទំនើបAEON សែនសុខ ជួបជាមួយអ្នកគាំទ្រជាច្រើននាក់នោះ តារាភាពយន្ដល្បីល្បាញរបស់ថៃ កញ្ញាបេឡា បានចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅក្នុងព្រះបរមរាជវាំង ផងដែរ ៕

RELATED ARTICLES