Monday, January 20, 2025
Homeសង្គម និងជីវិតកូនប្រុសចិត្តភ្លើង ទាញកាំបិតដេញកាប់ម៉ែឪ

កូនប្រុសចិត្តភ្លើង ទាញកាំបិតដេញកាប់ម៉ែឪ

ខេត្តស្វាយរៀង ៖ បុរសម្នាក់ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត បែកថ្នាំ ក៏ធ្វើសកម្មភាពអុកឡុកពេញផ្ទះ ព្រមទាំងបានទាញកាំបិត ដេញកាប់ឪពុកម្តាយ បណ្តាលឱ្យភ័យស្លន់ស្លោរត់គេចបាតជើងសព្រាតទាំងកណ្តាលយប់ លុះឪពុកម្តាយទ្រាំលែងបានក៏រាយការណ៍ប្រាប់ សមត្ថកិច្ចចុះចាប់ខ្លួនកូនប្រុសកំណាចនាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុស ដេញកាប់ម៉ែឪទាំងកណ្តាលយប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុក វិបុល អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីឪពុកម្តាយរបស់ជនសង្ស័យខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសម្នាក់នេះ គឺជាមនុស្សដែលគ្មានការងារអ្វីធ្វើទាំងអស់ មួយថ្ងៃៗដើរលេងទាត់ខ្យល់ ជួបជុំមិត្តភក្តិផឹកស៊ីស្រវឹងអួទីនួ រហូតដល់ធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំទៀតផង។ នៅរាល់ពេលដែលជនសង្ស័យបែកថ្នាំម្តងៗ តែងចូលផ្ទះបង្ករឿងអុកឡុក បង្កហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិជាហូរហែ។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ មិនដឹងថាកូនប្រុសនេះ ទើបនឹងមកពីជក់ថ្នាំនៅឯណាទេ ក៏ចាប់ផ្តើមរករឿងអុកឡុកពេញ ផ្ទះ រួចក៏បានទាញកាំបិតប៉័ងតោ មកដេញកាប់ពួកគាត់ជាឪពុកម្តាយ ដោយគ្មានខ្លាចបុណ្យបាបអ្វីទាំងអស់ និងធ្វើឱ្យពួកគាត់ភ័យស្លន់ស្លោ រត់គេច ទាំងព្រលឹងចុងសក់។ ដោយទ្រាំនឹងទង្វើឃោរឃៅរបស់កូនប្រុសនេះលែងបាន ទើបពួគគាត់ជាឪពុកម្តាយ សម្រេចប្តឹងសមត្ថកិច្ចឱ្យចុះមក ឃាត់ខ្លួនតែម្តង៕

RELATED ARTICLES