Monday, January 20, 2025
Homeសង្គម និងជីវិតផឹកស៊ីឌឺដងសម្តី ស្ទាក់វ៉ៃនារីច្រៀងឃោសនាបក្សរយះក្បាល

ផឹកស៊ីឌឺដងសម្តី ស្ទាក់វ៉ៃនារីច្រៀងឃោសនាបក្សរយះក្បាល

ភ្នំពេញ ៖ យុវជនប្រុសស្រី២ក្រុម បានជួបជុំគ្នាផឹកស៊ីនៅមុខបន្ទប់ជួលក្បែរគ្នារៀងៗខ្លួន លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមបោះពាក្យសម្តីឌឺដងគ្នា រហូតផ្ទុះជាអំពើហិង្សា ស្ទាក់វ៉ៃនារីម្នាក់ដែលជាអ្នកចម្រៀងឃោសនាបក្ស បណ្តាលឱ្យរយះក្បាល រងរបួសធ្ងន់ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលអត់លេខមួយកន្លែង ក្បែរសាលាសង្កាត់ ទឹកល្អក់ទី១ តាមផ្លូវ 132Z ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌសែនសុខ។

នារីរងគ្រោះ ដែលត្រូវក្រុមជនដៃដល់ស្ទាក់វ៉ៃឱ្យរងរបួសធ្ងន់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា នារីរងគ្រោះរូបនេះ គឺជាអ្នកចម្រៀងឃោសនាបក្សប្រចាំនៅសាលាសង្កាត់ទឹកល្អក់ទី១។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នារីរងគ្រោះខាងលើ បានអង្គុយផឹកស៊ីជួបជុំមិត្តភក្តិប្រុសស្រីរួមទាំងសង្សារបស់នាង ដែលសរុបទៅមានគ្នាជិត១០នាក់ បានផឹកយ៉ាងសប្បាយ រីករាយនៅខាងមុខបន្ទប់របស់នារីរងគ្រោះ។ ស្របពេលនោះដែរ គេឃើញនៅបន្ទប់ជួលទល់មុខនោះ ក៏មានយុវជនប្រុសស្រីជាង១០នាក់ បាននាំ គ្នាអង្គុយផឹកស៊ីដែរ។

ប្រភពដដែលបន្តថា លុះខណៈដែលការផឹកស៊ីរបស់ភាគីខាងនារីរងគ្រោះខាងលើ នៅតែបន្តដោយលាយឡំនឹងការជជែកគ្នាលេងសើច ជាធម្មតា តែដោយឡែកភាគីម្ខាងទៀត ដែលនៅទល់មុខនោះ ចេះតែព្យាយាមនិយាយឌឺដងផ្លែផ្កាដាក់ក្រុមនារីរងគ្រោះ ព្រមទាំងគប់បំបែក សំបកដកពេញផ្លូវជារើយៗរហូត។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់វេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ភាគីនារីរងគ្រោះក៏បានបញ្ចប់ការផឹកស៊ី ហើយក៏បបួលគ្នាដើរចេញទៅច្រៀងខារ៉ាអូខេនៅក្បែរនោះបន្តទៀត។ ស្រាប់តែភ្លាមនោះ ភាគីបង្កដែលកំពុងនៅទល់មុខបន្ទប់ជួលនារីរងគ្រោះ បានស្ទុះមកវាយភាគីខាងនារីរងគ្រោះ ដោយប្រដាប់ទៅដោយដំបង បណ្តាលឱ្យចំត្រង់ក្បាល នារីរងគ្រោះបែកក្បាល បន្ទាប់មកយុវជនបង្កប្រុសស្រីទាំងនោះបាននាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល ដោយឡែកម្ចាស់បន្ទប់ជួលដែលផឹកស៊ីជាមួយយុវជនបង្ក បានបិទទ្វារបន្ទប់ចូលដេកបាត់ទៅ៕

RELATED ARTICLES