ខេត្តស្វាយរៀង ៖ បុរសវ័យចំណាស់ ជាជនពិការ២នាក់ ព្រោះតែស្រលាញ់គណបក្សរៀងៗខ្លួន ណាមួយទាក់សម្តីគ្នាពីរឿងចាក់មេក្រូឃោសនាបក្សខ្លាំងៗ ក៏កើតមានជំលោះតឹងសរសៃកដាក់គ្នា រហូតឈានដល់អំពើហិង្សា ដោយភាគីបុរសពិការដៃ ទាញដំបងសំពង ភាគីបុរសពិការជើង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ករណីហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះ២០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។
ជនបង្កហេតុ មានឈ្មោះសុវណ្ណ ចាន់សាវ៉ាត អាយុ៦១ឆ្នាំ ជាយោធិនពិការ (ពិការដៃខាងស្តាំត្រឹមកំភួនដៃ) និងជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានលំនៅក្នុងភូមិត្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ បច្ចុប្បន្ន ស្នាក់នៅផ្ទះ២០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។ ចំណែកជនរងគ្រោះ មានឈ្មោះឡុង ជី អាយុ៦០ឆ្នាំ ជាយោធិនពិការ (ពិការជើងខាងឆ្វេងត្រឹមភ្លៅ) មានលំនៅក្នុងភូមិពោធិរស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ បច្ចុប្បន្ន ស្នាក់នៅផ្ទះ២០០ខ្នង ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កឈ្មោះសុវណ្ណ ចាន់សាវ៉ាត បានប្រើប្រាស់មេក្រូឆាងម៉ាង ចាក់សំឡេងឮខ្លាំងៗនៅផ្ទះ ក្នុងការឃោសនារកសម្លេងឆ្នោតឱ្យគណបក្សនយោបាយរបស់ខ្លួន។ ពេលនោះ ជនរងគ្រោះឈ្មោះឡុង ជី បានទៅហាមឃាត់មិនឱ្យចាក់ឮសម្លេងខ្លាំងៗពេកទេ ព្រោះវារំខាន និងថ្លង់ដល់គេឯង។
ខណៈជនរងគ្រោះដើរទៅប្រាប់ ស្រាប់តែជនសង្ស័យ បានប្រើសម្តីមិនសមរម្យទៅលើជនរងគ្រោះ ទើបធ្វើឱ្យកើតជាជម្លោះតឹងសសៃក ដាក់គ្នា ទើបជនសង្ស័យស្ទុះទៅទាញបានទ្រនង់មកវាយសំពងក្បាលជនរងគ្រោះ បណ្តាលឱ្យរងរបួសជាទម្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក៕