Monday, January 20, 2025
Homeសង្គម និងជីវិតប្រពន្ធសម្រាលកូន ពេទ្យកាត់ស្បូនចោល ប្តីខឹងដាក់ពាក្យប្តឹង

ប្រពន្ធសម្រាលកូន ពេទ្យកាត់ស្បូនចោល ប្តីខឹងដាក់ពាក្យប្តឹង

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ក្រោយពីឈឺពោះសម្រាល ក៏ត្រូវប្តីដឹកបញ្ជូនទៅសម្រាលនៅគ្លីនិកឯកជនមួយកន្លែង លុះទៅដល់គ្រូពេទ្យបានជួយសម្រាលដោយជោគជ័យ រួចចាប់ផ្តើមសំអាត ស្រាប់តែបន្តិចក្រោយមក បែរជាមកប្រាប់បុរសជាប្តីថា ប្រពន្ធមានដុំសាច់ក្នុងស្បូន ចាំបាច់ត្រូវវះកាត់ ទើបអាចស្រោចស្រង់ជីវិតប្រពន្ធបាន ប៉ុន្តែអ្វីដែលធ្វើឱ្យបុរសជាប្តីកើតទុក្ខមិនសុខចិត្ត រហូតឈានដល់ការដាក់ពាក្យប្តឹងផ្តល់នោះ គឺក្រោយពេលកាត់ស្បូនប្រពន្ធចោលហើយ គ្រូពេទ្យមិនបានយកដុំសាច់នោះមកបង្ហាញប្តី និងក្រុមគ្រួសារឱ្យបានឃើញនោះទេ។

ស្ត្រីជាប្រពន្ធដែលត្រូវគ្រូពេទ្យវះកាត់សម្រាលរួច កាត់ស្បូនចោលដោយមិនប្រាប់ក្រុមគ្រួសារឱ្យបានដឹងជាមុន មានឈ្មោះអ៊ុក ពុធថាវី អាយុ៣០ឆ្នាំ មានប្តីឈ្មោះម៉ាន សុផាន់ណា អាយុ៣៣ឆ្នាំ មានលំនៅផ្ទះលេខ៣៥៣ ផ្លូវលេខ១០៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ ចំណែកគ្លីនិកឯកជន ដែលទទួលរងរបណ្តឹងថា បានកាត់ស្បូនប្រពន្ធគេចោលដោយគ្មានការពិភាក្សា ឬអនុញ្ញាតពីក្រុមគ្រួសារ និងសាមីខ្លួននោះ គឺ មន្ទីរពហុព្យាបាល និងសម្ភពទំនើប ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ៨០៣ ផ្លូវលេខ៩៣ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sophana Man ដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានបង្ហោះសារមួយ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដែលមានខ្លឹមសារថា “សូមបងប្អូនជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំផង តើមានប្រជាជនប៉ុន្មាននាក់ ជួបបញ្ហាអយុត្តិធម៌ដូចគ្រួសារខ្ញុំនៅក្នុងមន្ទីរពេទ្យមួយនេះ? (វះកាត់ស្បូនប្រពន្ធខ្ញុំចោលដោយគ្មានមូលហេតុបន្ទាប់ពីសំរាលកូនរួច) កាលពីថ្ងៃទី០៦ ខែ០៧ ឆ្នាំ២០១៨ នៅវេលាម៉ោង១០យប់ ប្រពន្ធខ្ញុំបានសំរាលកូនរួច កាត់ទងផ្សិត បន្ទាប់មកក្រុមគ្រូពេទ្យសំអាតប្រពន្ធរបស់ខ្ញុំ មិនដឹងជាមានបញ្ហាអ្វីទេ? គ្រូពេទ្យមកប្រាប់ខ្ញុំថា ត្រូវតែកាត់ស្បូនរបស់ប្រពន្ធខ្ញុំព្រោះមានដុំសាច់ក្នុងស្បូន។ បន្ទាប់ពីវះកាត់រួចភ្លាម ខ្ញុំបានសួររកស្បូននឹងដុំសាច់ដែលបានកាត់យកមកឱ្យខ្ញុំ ប៉ុន្តែគ្រូពេទ្យបានប្រាប់ខ្ញុំថា បោះចោលស្បូននឹងដុំសាច់បាត់ហើយ ចំលើយនេះខ្ញុំនិងក្រុមគ្រួសារមិនអាចទទួលយកបាននោះទេ ព្រោះ គ្រូពេទ្យថាមានដុំសាច់ក្នុងស្បូនទើបឈានដល់កាវះកាត់។ ខ្ញុំសង្ស័យថា ១-ផ្តល់ព័ត៌មានមិនពិតដោយភូតកុហកថាមានដុំសាច់ក្នុងស្បូន តែក្រោយការវះកាត់មិនបានផ្តល់លទ្ធផល ក៏ដូចជាភ័ស្តុតាង (ស្បូននិងដុំសាច់) ២-ក្រុមគ្រូពេទ្យក្នុងពេលលូកសំអាត បានធ្វើឱ្យដាច់រលាត់ រឺរហែកដែលនាំឱ្យមានរបួសដល់ស្បូន និងអាចប្រឈមដល់អាយុជីវិតរបស់ប្រពន្ធខ្ញុំ និងព្យាយាមផ្តល់ព័ត៌មានមិនពិតឱ្យខ្ញុំផ្តិតមេដាយ ដើម្បីឈានដល់ការវះកាត់ស្បូនតែម្តង។ តើដុំសាច់និងស្បូនប្រពន្ធខ្ញុំនៅឯណា? តើឯកសារទាំងអស់ពាក់ព័ន្ធនឹងប្រពន្ធ និងកូនរបស់ខ្ញុំនៅឯណា? តើទង្វើនេះតើបងប្អូនទាំង អស់ទទួលយកបានទេ? សូមបងប្អូនជួយ Share ផង សូមមេត្តាជួយផ្តល់យោបល់ រឺជាមតិដល់រូបខ្ញុំបាទផង ដោយក្តីអនុគ្រោះ…”។

ជុំវិញរឿងរ៉ាវខាងលើនេះ បុរសជាប្តីស្ត្រីរងគ្រោះ ក៏បានសម្រេចដាក់ពាក្យបណ្តឹងចូលទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃផ្ទងដែរ ដើម្បីឱ្យសមត្ថកិច្ចជំនាញ ជួយស្រាវជ្រាវ និងរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់គាត់ជាជនរងគ្រោះ។

យោងតាមពាក្យបណ្តឹង ដែលបានដាក់ចូលទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយមាន ស្នាមមេដាយលោកម៉ាន សុផាន់ណា ជាប្តីស្ត្រីរងគ្រោះ ជាម្ចាស់បណ្តឹងផងនោះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ខ្ញុំបាទឈ្មោះម៉ាន សុផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅផ្ទះលេខ៣៥៣ ផ្លូវ១០៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ត្រូវជាស្វាមីរបស់ឈ្មោះអ៊ុក ពុធថាវី អាយុ៣០ឆ្នាំ ជាជនរងគ្រោះ ប្រើប្រាស់ទូរស័ព្ទលេខ ០៨៦ ២៨៨៨៨៩, ០៧៦ ៧៧៧៧៧ ៣២។
សូមគោរពជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមទានជ្រាប!

កម្មវត្ថុ ៖ សុំប្តឹងពី មន្ទីរពហុព្យាបាលនិងសម្ភពទំនើប ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨០៣ ផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពីបទ ៖ បង្កឱ្យមានរបួសដោយចេតនា។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជំរាបជូន ឯកឧត្តមប្រធាន មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩ៈ៣០នាទី ខ្ញុំបាទបាននាំប្រពន្ធរបស់ខ្ញុំឈ្មោះអ៊ុក ពុធថាវី ទៅសម្រាលបុត្រនៅមន្ទីរពហុព្យាបាល និងសម្ភពទំនើប។ ពេល ទៅដល់ មន្ទីរពហុព្យាបាល និងសម្ភពទំនើប គ្រូពេទ្យនៅទីនោះ បានឱ្យប្រពន្ធខ្ញុំបាទ ចូលទៅថតអេកូ ហើយគ្រូពេទ្យបានប្រាប់ថា ប្រពន្ធរបស់ខ្ញុំ និងកូន គឺមានសុខភាពល្អអាចកើតបាន ដោយមិនមានបញ្ហាអ្វីទេ។ បន្ទាប់ពីប្រពន្ធរបស់ខ្ញុំបាទបានសម្រាលកូនរួច ស្រាប់តែគ្រូពេទ្យនៅទីតនោះ បានប្រាប់ខ្ញុំបាទថា ប្រពន្ធរបស់ខ្ញុំមានដុំសាច់នៅក្នុងស្បូន ហើយត្រូវការវះកាត់ដុំសាច់ និងស្បូនចោលតែម្តង ទើបអាចសង្គ្រោះជីវិតបាន។ ក្រោយពីបានវះកាត់រួចហើយ ខ្ញុំបាទបានទំនាក់ទំនងគ្រូពេទ្យដែលនៅទីនោះ ដើម្បីសុំឱ្យពួកគាត់បង្ហាញឯកសារដែលពាក់ព័ន្ធជាមួយដុំសាច់ និងស្បូនដែល ត្រូវកាត់ចេញនោះ មកឱ្យខ្ញុំបាទ ប៉ុន្តែផ្ទុយទៅវិញគ្រូពេទ្យបានប្រាប់ខ្ញុំបាទថា ដុំសាច់នោះ បានយកទៅបោះចោលបាត់ហើយ និងមិនមានឯកសារភ័ស្តុតាងអ្វី ដែលពាក់ព័ន្ធជាមួយដុំសាច់ និងស្បូនរបស់ប្រពន្ធខ្ញុំបាទ ដែលត្រូវកាត់ចោលនោះទេ។

ទង្វើបែបនេះរបស់គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភពទំនើប គឺមានការធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ដែលបានធ្វើឱ្យមានការដាច់រលាត់ រហែកដែលនាំឱ្យមានរបួសដល់ស្បូន និងអាចប្រឈមដល់អាយុជីវិតប្រពន្ធរបស់ខ្ញុំ

ទើបគ្រូពេទ្យប្រើល្បិច ទុច្ចរិតផ្តល់ព័ត៌មានមិនពិត ដើម្បីឈានដល់ការកាត់ស្បូនរបស់ប្រពន្ធខ្ញុំបាទចោលតែម្តង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមប្រធាន មេត្តាជួយស្រាវជ្រាវ និងរកយុត្តិធម៌ឱ្យពួកខ្ញុំបាទដោយក្តីអនុគ្រោះ…៕

RELATED ARTICLES