ស៊ីបស៊ីណា ប៉ាន់ គ្រោងនាំនិស្សិតចិន មកផលិតភាពយន្តនៅកម្ពុជា

ខ្សែភាពយន្តនេះ ក៏គ្រោងដាក់ចូលរួមការប្រកួតប្រជែង ជាមួយស្នាដៃនិស្សិតជាច្រើនទៀត នៅទីក្រុងប៉េកាំង ប្រទេសចិន។
គេចាំបានថា ស៊ីបស៊ីណា ប៉ាន់ ធ្លាប់បានបង្ហាញសមត្ថភាពសិល្បៈ រាំល្ខោនខោល រួមទាំងក្បាច់រាំ បែបសហសម័យ ក្នុងកម្មវិធីប្រគំតន្ត្រី លើទឹកដីអង្គរ កាលពីឆ្នាំ២០១១។ ការបាត់មុខជាច្រើនឆ្នាំកន្លងមក ព្រោះតែយុវជនរូបនេះ បានបន្តការសិក្សាលើជំនាញផ្នែកផលិតខ្សែភាពយន្ត នៅសាកលវិទ្យាល័យ National Academy of China Theatre Arts នារដ្ឋធានីប៉េកាំង ប្រទេសចិន។

Sibsyna-Pan1
បុស្បា ប៉ាន់ និងសុីបសុីណា ប៉ាន់

ក្នុងជំនួបផ្ទាល់មុនពេលចាកចេញពីកម្ពុជា យុវជនរូបនេះ បញ្ជាក់ថា លោកបានធ្វើដំណើរមកកាន់ទឹកដីកំណើត រយៈពេលជិតមួយខែមកហើយ ដើម្បីជួបជាមួយប្អូនស្រី គឺកញ្ញាបុស្បា ប៉ាន់ ដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិក ដើម្បីប្រគំតន្ត្រីសប្បុរសធម៌មួយ នាខេត្តសៀមរាប។
ក្រៅពីជួបប្អូនស្រី លោកក៏បានមកស្វែងយល់ និងរកឱកាសដើម្បីធ្វើការដឹកនាំការ ផលិតខ្សែភាពយន្តខ្នាតខ្លីមួយ ដើម្បីធ្វើជានិក្ខេបបទបញ្ចប់ការសិក្សា និងដើម្បីយកទៅធ្វើការបង្ហាញ និងប្រកួតប្រជែងជាមួយនិស្សិតដទៃទៀត។

Sibsyna-Pan2
បុស្បា ប៉ាន់, លោករិទ្ធិ ប៉ាន់ និងលោកសុីបសុីណា ប៉ាន់

លោកគ្រោងដឹកនាំក្រុមនិស្សិតចាប់ពី៥នាក់ ឬអាចដល់២០នាក់ ដែលសិក្សាលើជំនាញខ្សែភាពយន្ត ដើម្បីរួមគ្នាផលិតភាពយន្តនោះ ដែលនិស្សិត ទាំងនោះ សុទ្ធតែមានជំនាញផ្នែកផ្សេងៗពីគ្នាក្នុងការផលិតខ្សែភាពយន្ត ហើយលោកនិងក្រុមនិស្សិតទាំងនោះ អាចនឹងមកនៅឆ្នាំក្រោយ។
ស៊ីបស៊ីណា ប៉ាន់ បញ្ជាក់ថា លោកកំពុងរៀបចំឯកសារ ស្នើសុំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីផលិតខ្សែភាពយន្តមួយ មានឈ្មោះថា “អាម៉ុក” ដែលជាខ្សែភាពយន្តបែបបុរាណ មានឈុតឆាកវាយតប់ មនោសញ្ចោតនា និងឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ពិសេស ក៏មានការបង្ហាញក្បាច់គុនល្បុក្កតោរបស់ខ្មែរ ក្នុងនោះផងដែរ។
និស្សិតវ័យ២៥ឆ្នាំ ដែលជាកូនប្រុសរបស់ផលិតករភាពយន្តល្បីឈ្មោះលោកប្ញទ្ធី ប៉ាន់ រូបនេះ បញ្ជាក់ថា ការជ្រើសរើសប្រទេសកម្ពុជា ដើម្បីធ្វើខ្សែភាពយន្តទៅប្រកួតប្រជែង ព្រោះតែលោកចង់បង្ហាញភាពប្លែក និងទិដ្ឋភាពដ៏ទាក់ទាញរបស់ប្រទេសកម្ពុជា។
ចំពោះគម្រោងខ្សែភាពយន្តខ្លី ឬវែង ហើយក្រុមនិស្សិតដែលអាចមកចំនួនតិចឬច្រើន អាស្រ័យទៅលើថវិកាដែលមាន ហើយលោកកំពុងសម្លឹងរកមើលអ្នកជួយឧបត្ថម្ភ លើកការផលិតនេះផងដែរ ខណៈកន្លងមក លោកធ្លាប់បានដឹកនាំការផលិត និងសម្តែង ខ្សែភាពយន្តខ្នាតខ្លីប្រមាណជាង២០រឿងរួចមកហើយដែរ។
លោកស៊ីបស៊ីណា ប៉ាន់ បញ្ជាក់ថា ការថតខ្សែភាពយន្តលើកនេះ ក៏អាចនឹងវាស់ស្ទង់ សមត្ថភាពដឹកនាំការសម្តែងរបស់លោកផងដែរថា តើវាអាចឈានដល់កម្រិតណា? មុនពេលលោកចាប់ផ្តើមប្រឡូកផ្ទាល់ក្នុងអាជីពនេះ នៅពេលបញ្ចប់ការសិក្សា។
ទោះជាយ៉ាងណា លោកស៊ីបស៊ីណា ប៉ាន់ នៅមិនទាន់ប្រាកដនៅឡើយទេថា ក្រោយបញ្ចប់ការសិក្សាផ្នែកដឹកនាំការផលិតខ្សែភាពយន្តភ្លាម លោកនឹងវិលមកកម្ពុជា ដើម្បី បើកសាលា ឬក្រុមការងារផលិតកុនខ្លួនឯងឬយ៉ាងណា ដោយលោកត្រូវការសិក្សាលើទីផ្សារជាមុនសិន ខណៈដែលសព្វថ្ងៃនៅប្រទេសចិន លោកកំពុងតែសិក្សាឱ្យកាន់តែលម្អិតអំពីការផលិតកុនឱ្យមានគុណភាពខ្ពស់ ពិសេស សិក្សាលើជំនាញក្នុងការប្រើប្រាស់ ប្លង់ពិសេស ដូចជាការហោះដោយប្រើខ្សែពួរ បច្ចេកទេសបំផ្ទុះ ការដុត ឱ្យឆេះដោយភ្លើងត្រជាក់ និងប្លង់សំខាន់ៗជាច្រើនទៀត…។
អតីតសិស្សសាលាទួនហ្វា រូបនេះ បញ្ជាក់ដែរថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះ លោកបានសុំជំនួបមួយជាមួយនឹងលោករិទ្ធី ប៉ាន់ ដែលជាពូ ដើម្បីសាកសួរសុខទុក្ខ និងដើម្បីសុំយោបល់ និងការ ចែករំលែកបទពិសោធពីផលិតករល្បីឈ្មោះរូបនេះផងដែរ។ ផលិតករវ័យក្មេងរូបនេះ ក៏មានគេហទំព័រផ្ទាល់ខ្លួន ដែលគេអាចមើលស្នាដៃ និង ទំនាក់ទំនងលោកបាន គឺ http://www.xinpianchang.com/user/ space/id-660335/d-1។
គួរបញ្ជាក់ដែរថា ស៊ីបស៊ីណា ប៉ាន់ គឺជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ ដែលមានកញ្ញាបុស្បា ប៉ាន់ ជាប្អូនស្រី ដែលជានិស្សិតផ្នែកនិពន្ធ បទភ្លេងនៅសាកលវិទ្យាល័យមួយ នាសហរដ្ឋអាមេរិក ខណៈដែលប្អូនប្រុសពៅរបស់លោកគឺកុមារាប៉ាន់ ឥឡូវគឺជាសិស្សថ្នាក់ចំណេះទូទៅ នៅសហរដ្ឋអាមេរិក ដែរ។
លោកគឺជាក្មួយប្រុសបង្កើតរបស់ផលិតករភាពយន្តល្បីល្បាញ របស់កម្ពុជា គឺលោករិទ្ធិ ប៉ាន់ ផងដែរ…៕                  សុខ ស៊ីឡាង

Sibsyna-Pan4

Sibsyna-Pan3

Sibsyna-Pan5