ក្រោយធ្លាក់ចេញពីកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី3 ត្រឹមវគ្គ Live Show សប្តាហ៍ទី5 ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស នោះ តារាចម្រៀងសោភា ទេពី នៅតែមានក្តីស្រមៃថា ចង់ចូលច្រៀងនៅផលិតកម្មហង្សមាស ដដែល បើទោះជាទ្រនំធំនេះមិនទាន់ផ្តល់ភ្លើងខៀវឱ្យនាងយ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណា នាងទេពី មិនអស់សង្ឃឹមទាំងស្រុងក្នុងការចូលហង្សមាស នោះទេ ហើយនាងថា បើហង្សមាស មិនត្រូវការនាងទេ នាងនឹងសម្លឹងមើលទៅផលិតកម្មផ្សេងៗ ឬធ្វើបទចម្រៀងជា Original Songs ដោយខ្លួនឯងវិញ។
អតីតបេក្ខភាព Cambodian Idol រូបនេះ ថ្លែងថា “ខ្ញុំចង់ចូលហង្សមាស ណាស់ តែខាងផលិតកម្មមិនទាន់មានសញ្ញាណាមួយថា គាត់ឱ្យយើងចូលនោះទេ អ៊ីចឹងខ្ញុំរង់ចាំមើលទៅមុខបន្តិចទៀតសិន ព្រោះថា តាំងពីខ្ញុំបានចូលប្រលងកម្មវិធីគាត់មក យើងទទួលបានបទពិសោធន៍ច្រើន ហើយគាត់ក៏ហៅខ្ញុំច្រៀងតាមកម្មវិធីគាត់ច្រើនដែរ។ គ្រាន់តែថា ការចូលហង្សមាស នោះ គាត់មិនដែលនិយាយទេ។ ខ្ញុំត្រូវរង់ចាំមើលបន្តិចសិន បើគាត់មិនយកចូលទេ ខ្ញុំនឹងអាចទៅផលិតកម្មផ្សេង ឬធ្វើបទចម្រៀងដោយខ្លួនឯងក៏បានដែរ។ តែយ៉ាងណា អារម្មណ៍នៅតែចង់ចូលហង្សមាស អ៊ីចឹង ព្រោះនៅហ្នុង មានការងារច្រើនណាស់”។
សោភា ទេពី ទើបតែមានអាយុ16ឆ្នាំទេ ហើយនាងរៀននៅសាលាវិចិត្រសិល្បៈ ថ្នាក់ទី9 ដែលឪពុកម្តាយនាងបានបើកវង់តន្ត្រីមួយ មានឈ្មោះថា “សោភា តន្ត្រី”។ តាមរយៈការមានវង់តន្ត្រីខ្លួនឯងនេះហើយ ទើបធ្វើឱ្យនាងទេពី តែងច្រៀងជាញឹកញាប់នៅតាមបណ្តាកម្មវិធីផ្សេងៗ ដែលគេជួលវង់តន្ត្រីនាង ក្រោយពេលដែលធ្លាក់ចេញពីហង្សមាស នេះ នាងទេពី បែរជាប្តូរពីការច្រៀងបទពីដើមច្រៀង ជាចង្វាក់ Rock ទៅវិញ ដោយថែមទាំងមានក្រុមរាំផ្ទាល់ខ្លួនអមជាប្រចាំទៀតផង។
តារាចម្រៀងវ័យក្មេងរូបនេះបន្ថែមថា “ខ្ញុំរាំផង ច្រៀងផង តាមកម្មវិធី ដែលគេជួលតន្ត្រីម៉ាក់ខ្ញុំ។ ឥឡូវខ្ញុំងាកមកច្រៀងចង្វាក់ Rock ច្រើនមែន សំឡេងខ្ញុំធំជាងមុនទៀត។ តែតាមពិត ពីមុនខ្ញុំចូលចិត្តច្រៀងតែបទពីដើមៗទេ តែពេលនេះ យើងធ្វើទៅតាមពេលវេលា គឺមានក្រុមរាំអម4នាក់ហើយ បន្តិចទៀតនេះ ខ្ញុំថែម2នាក់ទៀត គឺ6នាក់ ដើម្បីឱ្យប្លែក។ ទោះជាពេលនេះ ខ្ញុំច្រៀងតែបទ Rock មែន តែខ្ញុំអាចច្រៀងបានគ្រប់ទំរង់ទាំងអស់ ហើយនៅតែស្រលាញ់បទពីដើមៗអ៊ីចឹង”។
ក្រៅពីឡើងតាមឆាកតន្ត្រី នាងសោភា ទេពី ច្រៀងនៅហាង The Storm ក្បែរផ្សារដេប៉ូ ហើយតារាវ័យក្មេងរូបនេះអះអាងថា នាងមិនទាន់មានម្ចាស់ជីវិតឃុំគ្រងបេះដូងឡើយ ព្រោះថា វ័យនៅក្មេងពេក មិនទាន់ចង់គិតរឿងស្នេហា៕