ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែសីហា សាច់ញាតិរបស់សពបុរសអណ្តែតទឹក ដែលបានចាក់សោច្រវាក់ពីរជាន់នោះ បានមកកាន់ប៉ុស្តិ៍នគរបាលព្រែកតាសេកអះអាង ថាមិនមែនជាករណីឃាតកម្មទេ តាមពិតបែកថ្នាំយកសោច្រវាក់ចាក់ជើងខ្លួនឯងហើយ ទឹកសម្លាប់ខ្លួនតែប៉ុណ្ណោះ ។
គួររំលឹកផងដែរថា កាលកាលពីវេលាម៉ោង៧និង៣០ព្រឹកថ្ងៃទី១៩ ខែសីហា នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកមានសភាពហើមស្អុយទៅហើយ លើសពីនេះទៀតប្រជាពលរដ្ឋនិងសមត្ថកិច្ចមានការសង្ស័យដោយសារតែនៅកជើងរបស់សពមានព័ទ្ធច្រវាក់ហើយចាក់សោពីរជាន់ទៀត ធ្វើឲ្យសមត្ថកិច្ចសង្ស័យថាជាករណីឃាកម្មចាប់ចងច្រវាក់រួចចាក់សោចាប់បោះ ចូលទឹក ប៉ុន្តែសពមិនមានអត្តសញ្ញាណនៅជាប់នឹងខ្លួនក៏ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តមង្គលស្ថាវ័ន្ន ហៅវត្តព្រែកតាគង់ ស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាគង់ ខណ្ឌជ្រោយចង្វា ហើយមិនឃើញមានសាច់ញាតិក៏បានបូជានៅរសៀលថ្ងៃ ទី១៩ ខែសីហា ។
លុះដល់ព្រឹកថ្ងៃទី២០ ខែសីហា សាច់ញាតិរបស់សពខាងលើ បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរ បាលព្រែកតាសេកដើម្បីសួរនាំ ក្នុងនោះស្ត្រីម្នាក់អះអាងថាជាម្តាយមានឈ្មោះញេប ថាវរី អាយុជាង៤០ឆ្នាំ រស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឱ្យដឹងថា កូនប្រុសរបស់គាត់ដែលស្លាប់អណ្តែតទឹកនោះឈ្មោះ សយ ភារម្យ អាយុ២៧ឆ្នាំ ស្នាក់នៅជាមួយគាត់ ជាមនុស្សវិកលចរិកហើយញៀនថ្នាំទៀតផង ។ កន្លងមកគេតែងតែដើរចេញពីផ្ទះបាត់ រាប់ខែទើបត្រឡប់មកវិញ ប៉ុន្តែ៣ថ្ងៃមុននេះ កូនប្រុសរបស់គាត់បានយកច្រវាក់និងកូនសោសម្រាប់ចាក់ម៉ូតូរបស់គាត់ទៅជាមួយ មិនដឹងថាទៅណាទេ បើទោះបីគាត់និងសាច់ញាតិខំដើររកយ៉ាងណាក៏រកមិនឃើញដែរ ទើបតែនៅយប់ថ្ងៃទី១៩ ខែសីហា ស្រាប់តែឃើញព័ត៌ ផ្សាយទើបឃើញថាជាកូនរបស់គាត់ ។
ស្ត្រីរូបនោះបានបន្តថា កូនរបស់គាត់រូបនេះជាមនុស្សញៀនថ្នាំនិងមានជំងឺវិកលចរិក ជាច្រើនឆ្នាំមកហើយ ធ្លាប់ដើរចេញពីផ្ទះជាច្រើនដងមកហើយ១ដង ជួនកាលរត់ចេញពីផ្ទះរយៈពេល១ខែ ទើបត្រឡប់មកចូលផ្ទះវិញក៏មានពេលខ្លះកន្លះខែចូលផ្ទះក៏វិញ ក៏មានដែរទើបតែលើកនេះ ស្រាប់តែរត់ចេញពីផ្ទះយកកូនសោរនិងច្រវាក់មកតាមខ្លួនបាត់រយៈពេល៣ថ្ងៃ ស្រាប់ឃើញតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ដែល Website Nokorthomdaily.com បានបង្ហោះនៅលើ facebook page ដោយជើងជាប់សោរច្រវាក់ក៏ឃើញភិនភាគ ដូចកូនរបស់គាត់បែបនេះ ទើបនាំក្រុមគ្រួសារមកពិនិត្យនៅកន្លែងកើតហេតុ ពិតជាកូនរបស់គាត់ពិតប្រាកដមែន ។
បន្ទាប់ពីសាច់ញាតិមកអះអាងនិងបានទិញនំចំណីយកទៅសែនព្រេននិងយកធាតុទៅតម្កល់ទុក ។ សមត្ថកិច្ចបាននាំគ្រួសាររបស់សពអណ្តែតទឹកយកទៅសួរនាំនៅអធិការដ្ឋាន ខណ្ឌជ្រោយចង្វារ ៕
កែវ ឈីម